ធនាគារពិភពលោកព្រមាន​ពី​ហានិភ័យ​កើត​ចេញ​ពី​នយោបាយ​ប៉ះ​ពាល់​ដល់កំណើន​សេដ្ឋកិច្ច

រូបភាព៖ វេបសាយបរទេស

ធនាគារ​ពិភាពលោក​ បានព្រមានថា ភាព​មិន​ច្បាស់​លាស់​នៃ​ស្ថានភាព​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​នេះ និង​កត្តា​មួយ​ចំនួន​ទៀត អាច​នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​កំណើន​សេដ្ឋកិច្ចប្រទេស​នេះ បើ​ទោះបី​ជា​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​លើស​ពី​ឆ្នាំ​មុន​បន្តិច​ក្ដី។

ក្នុង​សេចក្តីថ្លែងការ​ចេញ​​ថ្ងៃនេះ ធនាគារពិភពលោក​បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា​នៅឆ្នាំនេះ នឹង​មាន​កំណើន​ក្នុង​អត្រា ​៦.៩​​ភាគរយ ឬ​កើន​ឡើង​ ០.១​ភាគរយ បើធៀប​នឹង​តួលេខ​កំណើន ៦.៨​ភាគរយ​ឆ្នាំមុន។

ធនាគារ​មួយ​នេះ បាន​​បញ្ជាក់ថា កំណើននេះ​កើតឡើង​ដោយសារ​ស្ទុះ​ឡើងវិញនៃ​វិស័យនាំចេញវាយនភណ្ឌ និង​សម្លៀក​បំពាក់​អមដោយការ​ងើប​ឡើង​វិញរបស់វិស័យទេសចរណ៍ និងកសិកម្មផង​ដែរ។

ទោះជាយ៉ាងណា ធនាគារ​ពិភព​លោក​បានព្រមានពីហានិភ័យ ដែលថាអាចបន្តកើតមានបន្តិចម្តងៗនូវភាពប្រកួត​ប្រជែងក្នុងការ​នាំចេញដោយសារការកើនឡើងយ៉ាងរហ័សនូវ​ប្រាក់បៀវត្សរ៍របស់កម្មករ ភាពងាយ​រងគ្រោះដែល​មានមក​​​ជា​យូរមកហើយនូវក្នុង​កំណើននៃវិស័យអចលនទ្រព្យ និងសំណង់ ភាពមិនច្បាស់​លាស់ដែលកើតមាន​ជុំវិញ​ការ​បោះឆ្នោត និងភាពរញ្ជួយម្តងម្កាលបណ្តាលមក​ពីការគាំពារនិយម រួមទាំងភាពតានតឹងខ្លាំងឡើងក្នុង​វិវាទ​ពាណិជ្ជ​កម្ម​​​រវាងប្រ​ទេសដែលមានជំនួញធំៗក្នុងពិភពលោក។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​លោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍​ហានិភ័យ​ដែល​លើក​ឡើង​ដោយ​ធនាគារ​ពិភព​លោក​នោះ​ឡើយ​ ដោយលោកអះអាងថា រដ្ឋាភិបាល​នៅតែខិតខំ​រក្សាកំណើន​សេដ្ឋកិច្ច​កម្ពុជាឲ្យស្ថិតនៅក្នុង​រង្វង់​ ៧ភាគរយ ឬលើសពីនេះនៅថ្ងៃខាងមុខ​ផងដែរ។

លោកមានប្រសាសន៍ថា៖ «ឥឡូវនេះ រោងចក្រថ្មីៗចូលច្រើនណាស់ ហើយវាជំរុញឲ្យផលិតផលកម្ពុជាកាន់តែកើនឡើង ដូច្នេះ ចំណូលដែលបានមកពីការនាំចេញក៏វាកើនឡើងដែរ បើកើនឡើងហើយ និយាយរួមកំណើនសេដ្ឋកិច្ច ក៏វាយ៉ាងហោចបំផុតក៏រក្សាបានក្នុងរង្វង់ ៧ភាគរយ​ដូចបណ្តាឆ្នាំនានាដែរ»

អ្នកវិភាគសេដ្ឋកិច្ច លោក យ៉ង ប៉ាក់ វិភាគថា ដើម្បីធ្វើឲ្យកំណើនសេដ្ឋកិច្ចនៅកម្ពុជារក្សាបានរង្វង់ ៧ភាគរយ​ ឬលើសពីនេះ លុះត្រាតែ​រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងវិស័យកសិកម្មឲ្យបានរឹងមាំ ខណៈ​ដែល​លោក​ថា បញ្ហា​នយោបាយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​តិច​តួច​ប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា«នៅឆ្នាំចាស់ យើងមើលទៅសរសរ​ស្តម្ភ​របស់ប្រទេសជាតិយើង មិនបានផ្តោតទៅលើវិស័យកសិកម្មប៉ុន្មានទេគឺស្ថានភាពវិស័យកសិកម្មវាទាបមែនទែន ប៉ុន្តែ បើសិនជាអាចសូមបង្វែរទិសពីវិស័យផ្សេងៗ មកវិស័យកសិកម្មវិញ។ យើងជួយបានច្រើនណាស់ យើងនឹងធ្វើឲ្យសេដ្ឋកិច្ចយើងមាននិរន្តរភាពច្រើនជាងយើងផ្តោតលើវិស័យផ្សេងៗ»

បើ​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ចុះផ្សាយកាលពីថ្ងៃទី១២ ខែមេសា បាន​ព្យាករ​ថា បើ​ប្រៀប​ធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាង​គេ និង​តាម​ពី​ដោយ​ប្រទេស​ភូមា និង​ឡាវ​ដែល​មាន​កំណើន​ ៦.៨​​ភាគរយ​ដូច​គ្នា ខណៈ​ដែល​ប្រទេស​ថៃ ត្រូវ​បាន​ព្យាករ​ថា មាន​កំណើន​​ត្រឹម​តែ ៤​ភាគរយ​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ