ក្នុងរាជធានីភ្នំពេញមានវត្តអារាមតិចតួចណាស់ ដែលហ៊ានឲ្យប្រជាពលរដ្ឋមកពីគ្រប់ទិសទីស្នាក់នៅបណ្តោះអាសន្នដើម្បីស្វែងរក និងរងចាំដំណោះស្រាយវិវាទដីធ្លីពីស្ថាប័នរដ្ឋដែលពាក់ព័ន្ធ។
កំពុងអង្គុយជុំគ្នាជាមួយពលរដ្ឋផ្សេងទៀត ក្រោយពិសាបាយល្ងាចរួច អ្នកមានជម្លោះដីធ្លីមកពីខេត្តព្រះវិហារដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅវត្តមួយក្នុងខណ្ឌជ្រោយចង្វារ ដើម្បីរងចាំដោះស្រាយវិវាទដីធ្លី បន្ទាប់ពីដាក់ញត្តិនៅក្រសួងរៀបចំដែនដី អ្នកស្រី សាត ញ៉េប រៀបរាប់ថា ជម្លោះដីធ្លីរបស់ពួកគាត់បានអូសបន្លាយជិត១០ឆ្នាំហើយរហូតមកដល់ពេលនេះមិនទានទទួលបានដំណោះស្រាយនៅឡើយទេ។
ស្រ្តីវ័យ៤០ឆ្នាំរូបនេះបន្តថា រយៈពេល៨ឆ្នាំដែលពួកគាត់ឡើងមករកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិនៅរាជធានភ្នំពេញគឺ ក្រុមពលរដ្ឋតែងតែដើរសុំវត្តអារាមនានាក្នុងរាធានីភ្នំពេញដើម្បីស្នាក់នៅរងចាំដំណោះស្រាយពីអាជ្ញាធរ ប៉ុន្តែកន្លងមកមានវត្តអារាមតែពីរប៉ុណ្ណោះ គឺវត្តចាស់ និងសមគ្គីរង្សី ដែលហ៊ានឲ្យពួកគាត់ស្នាក់នៅបណ្តោះអាសន្ន។
អ្នកស្រី សាត ញ៉េប អ្នកមានជម្លោះដីធ្លីមកពីខេត្តព្រះវិហារ
អ្នកមានជម្លោះដីធ្លីក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ ដែលអះអាងថា ត្រូវអាជ្ញាធរឈួសឆាយផ្ទះ និងបណ្តេញចេញពីភូមិផងនោះ អ្នកស្រី សាត ញ៉េប រៀបរាបបន្តទៀតថា ពេលនេះចៅអធិការសាមគ្គីរង្សីលែងឲ្យជនរងគ្រោះដីធ្លីស្នាក់ក្នុងវត្តបន្តទៀតហើយ ដែលបណ្តាលឲ្យពួកគាត់ជាអ្នកក្រីក្រជួបការលំបាកក្នុងការរកកន្លែងស្នាក់នៅពេលឡើងមកតវ៉ានៅភ្នំពេញម្តងៗ។
អ្នកស្រី សាត ញ៉េប អ្នកមានជម្លោះដីធ្លីមកពីខេត្តព្រះវិហារ
កំពុងសម្រាកក្នុងសាលាឆាន់នៅវត្តចាស់ដែរ ពលរដ្ឋខេត្តព្រះវិហារម្នាក់ទៀត អ្នកស្រី នាង សុផល រៀបរាប់ប្រាប់វីអូឌីទាំងអួលដើមករថា ពួកគាត់ត្រូវបានអាជ្ញាធរខេត្តវិហារធ្វើទុក្ខបុកម្នេញដោយឈួសឆាយផ្ទះ និងបណ្តេញចេញពីភូមិ ហើយនៅពេលឡើងមកតវ៉ានៅភ្នំពេញ ត្រូវអាជ្ញាធររាជធានីភ្នំពេញធ្វើបាប ដោយមិនអនុញ្ញាតឲ្យពួកគាត់ជាជនក្រីក្របានស្នាក់នៅតាមវត្តអារាមផ្សេងៗថែមទៀត។
ពលរដ្ឋខេត្តព្រះវិហារម្នាក់ទៀត អ្នកស្រី នាង សុផល
ក្នុងទឹកមុខហាក់កំពុងមានកង្វល់ អ្នកមានវិវាទដីធ្លីម្នាក់ទៀតមកពីខេត្តកោះកុង ដែលអះអាងថា កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនពីរនៅខេត្តនោះ លោក រស់ សុផល និយាយថា ពួកគាត់ប្រមាណ២៣២គ្រួសារ ស្ថិតក្នុងស្រុកគីរីសាគរ និងបុទុមសាគរត្រូវបានក្រុមហ៊ុនញ៉ូញៀនរបស់ចិន និងក្រុម SEZ របស់លោក លីយ៉ុងផាត់រំលោភយកដីកាលពីឆ្នាំ២០០៨។
បុរស់វ័យជាង៣០ឆ្នាំរូបនេះ បន្តថា ដោយសារគ្មានដំណោះស្រាយពីអាជ្ញាធរថ្នាក់ខេត្ត ក្រុមអ្នកភូមិបាននាំឡើងមកតវ៉ារកដំណោះស្រាយដល់រាជធានីភ្នំពេញ ខណៈរង់ចាំដំណោះស្រាយពីក្រសួងរៀបចំដែនដី ពួកគាត់បានដើរសុំវត្តអារាមនានានៅរាជធានីភ្នំពេញ ក្នុងនោះមានទាំងវត្តសមគ្គីរង្សីផង ដើម្បីស្នាក់បណ្តោះអាសន្ន ប៉ុន្តែមិនត្រូវបានព្រះសង្ឃគង់នៅវត្តទាំងនោះឲ្យស្នាក់នៅនោះទេ ដោយលើកហេតុផលថា អាជ្ញាធរមិនអនុញ្ញាត។
អ្នកមានវិវាទដីធ្លីម្នាក់ទៀតមកពីខេត្តកោះកុង ដែលអះអាងថា កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនពីរនៅខេត្តនោះ លោក រស់ សុផល
បើទោះជាព្រះសង្ឃគង់នៅវត្តអារាមមួយចំនូនក្នុងរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យពលរដ្ឋរងគ្រោះដីធ្លីទាំងនោះ បានស្នាក់នៅបណ្តោះបណ្តោះក៏ដោយ ប៉ុន្តែតំណាងអ្នកមានជម្លោះដីធ្លីមកពីខេត្តកោះកុងរូបនេះអះអាងថា ព្រះសង្ឃគង់នៅវត្តចាស់ក្នុងខណ្ឌជ្រោយចង្វារបានអនុញ្ញាតឲ្យក្រុមអ្នកមានជម្លោះដីធ្លីស្នាក់ក្នុងវត្តនេះបណ្តោះអាសន្នដើម្បីចាំដំណោះស្រាយ ខណៈអាជ្ញាធរចុះសួរនាំ និងឃ្លាំមើលជាប្រចាំ។
អ្នកមានវិវាទដីធ្លីម្នាក់ទៀតមកពីខេត្តកោះកុង លោក រស់ សុផល
ព្រះសង្ឃមួយអង្គរគង់នៅវត្តចាស់ ព្រះតេជគុណ ណុប វណ្ណី មានសង្ឃដីកាថា គ្មានព្រះសង្ឃអង្គណាបាននាំ និងអនុញ្ញាតឲ្យពលរដ្ឋទាំងនោះស្នាក់នៅក្នុងវត្តនោះទេ ប៉ុន្តែបើពលរដ្ឋទាំងនោះមកហើយ ព្រះសង្ឃក៏មិនកំណាញ់នោះដែរ ដោយថា វត្តអារាមជាកន្លែងដែលពុទ្ធបរិស័ទ្ធិគ្រប់ទិសទីអាចស្នាក់នៅបណ្តោះអាសន្នបាន។
ព្រះសង្ឃមួយអង្គរគង់នៅវត្តចាស់ ព្រះតេជគុណ ណុប វណ្ណី
ចំណែកចៅអធិការវត្តសាមគ្គីរង្សីព្រះតេជគុណ ថាច់ ហាស់សំអាង ពេលដែលសួរសំណួរដំបូងថា មូលហេតុអ្វីបានជាឈប់ឲ្យពលរដ្ឋរងគ្រោះដីធ្លីស្នាក់នៅក្នុងវត្តទៀតនោះ? គឺព្រះអង្គឆ្លើយថា រឿងនេះត្រូវសួរទៅជ្ញាធរ ប៉ុន្តែយូរបន្តិច ព្រះអង្គមានសង្ឃដីកាថា ករណីឈប់ឲ្យពលរដ្ឋរងគ្រោះដីធ្លីស្នាក់នៅវត្តសាមគ្គីរង្សីទៀតនោះ ដោយ សារព្រះអង្គគ្មានថវិកាសម្រាប់ចំណាយលើថ្លៃទឹកភ្លើងពេលពលរដ្ឋស្នាក់នៅក្នុងវត្ត។
ចៅអធិការវត្តសាមគ្គីរង្សីព្រះតេជគុណ ថាច់ ហាស់សំអាង
គួររំលឹកថា រយៈពេលប៉ុន្មានឆ្នាំមកនេះ គេសង្កេតឃើញថា ពលរដ្ឋមានជម្លោះដីធ្លីមកពីបណ្តាខេត្តនានាដែលឡើងតវ៉ារកដំណោះស្រាយវិវាទដីធ្លីពីអាជ្ញាធរថ្នាក់ជាតិនៅរាជធានីភ្នំពេញ គឺពួកគេតែងតែស្នាក់នៅក្នុងវត្តសាមគ្គីរង្សីស្ថិតខណ្ឌមានជ័យ និងវត្តចាស់ស្ថិតក្នុងខណ្ឌជ្រោយចង្វារ ដើម្បីរងចាំដំណោះស្រាយពីស្ថាប័នរដ្ឋដែលពាក់ព័ន្ធ។ ចំណែកវត្តផ្សេងៗទៀតគេកម្រឃើញព្រះសង្ឃអនុញ្ញាតឲ្យអ្នកមានជម្លោះដីធ្លីស្នាក់នៅណាស់ ដោយសារខ្លាចអាជ្ញាធររករឿង ដែលបញ្ហានេះធ្វើឲ្យកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ពលរដ្ឋមានជម្លោះដីធ្លីកាន់តែរួមតូច៕