គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានច្រានចោលព័ត៌មានដែលចុះផ្សាយថា ស្ថាប័ននេះនឹងពន្យាពេលការចុះឈ្មោះគណបក្សនយោបាយរយៈពេល ៥ថ្ងៃបន្តទៀត ខណៈការចុះឈ្មោះត្រូវបានបញ្ចប់នៅត្រឹមថ្ងៃនេះ។
ដោយបានដកស្រង់សម្ដីរបស់អ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា កាសែតភ្នំពេញ ប៉ុស្តិ៍ បានចុះផ្សាយនៅថ្ងៃនេះថា គ.ជ.ប. បានសម្រេចពន្យាពេល ៥ថ្ងៃបន្ថែមទៀត សម្រាប់ការចុះឈ្មោះគណបក្សនយោបាយចូលរួមការបោះឆ្នោតជាតិនាខែកក្កដាខាងមុខនេះ។
ប៉ុន្តែ អ្នកនាំពាក្យ គ.ជ.ប. លោក ឌឹម សុវណ្ណារុំ ប្រាប់វីអូឌីនៅថ្ងៃនេះថា ស្ថាប័នរៀបចំការបោះឆ្នោតនេះ នឹងបិទបញ្ចប់ការចុះឈ្មោះគណបក្សនយោបាយនៅក្នុងថ្ងៃនេះ ដោយមិនមានការពន្យាពេលនោះទេ។
លោកថា៖ «គ.ជ.ប. មានពេល ៧ថ្ងៃ ដើម្បីពិនិត្យទៅលើឯកសារដែលគាត់ [គណបក្ស] ដាក់មក។ នៅពេលដែលពិនិត្យមើលឃើញថា ឯកសារនៅខ្វះចន្លោះ គ.ជ.ប. នឹងចេញសេចក្ដីជូនដំណឹងមួយ ឲ្យគណបក្សសាម៉ីដាក់ឯកសារបង្គ្រប់ក្នុងរយៈពេល ៥ថ្ងៃ មិនមែនមានន័យថា គ.ជ.ប. ពន្យាការចុះបញ្ជីគណបក្សនយោបាយនោះទេ។ គណបក្សនយោបាយដែលមិនបានមកចុះបញ្ជីក្នុងថ្ងៃនេះ គឺហួសពេលហើយ»។
បើតាមសមាជិកគ.ជ.ប.រូបនេះ គណបក្សចំនួន ៤ហើយ ត្រូវបាន គ.ជ.ប.សម្រេចទទួលស្គាល់នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការគិតត្រឹមរសៀលថ្ងៃទី១៤ ខែឧសភានេះ ដែលជាថ្ងៃចុងក្រោយនៃការចុះបញ្ជីឈ្មោះគណបក្សនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។
សេចក្ដីជូនដំណឹងរបស់ គ.ជ.ប. បានបង្ហាញថា ទាំងបួននោះ មានគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ គណបក្សខ្មែររួបរួមជាតិ និងគណបក្សសញ្ជាតិកម្ពុជា។
លោក ឌឹម សុវណ្ណារុំ បានឲ្យដឹងថា ដោយឡែកគណបក្សចំនួន ៦ទៀតដែលបានដាក់ពាក្យរួចរាល់ហើយនោះ គ.ជ.ប. កំពុងធ្វើការពិនិត្យមើលឯកសារគណបក្សនយោបាយទាំងអស់នោះ ដែលបានដាក់ពាក្យស្នើសុំដើម្បីចូលរួមប្រកួតប្រជែង ខណៈដែលលោកថា មានគណបក្សនយោបាយចំនួន ១០ទៀត បានសន្យាថា នឹងយកដាក់ពាក្យមកដាក់ក្នុងថ្ងៃបិទបញ្ចប់នេះ។
គ.ជ.ប. បានចាប់ផ្ដើមទទួលចុះឈ្មោះគណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិនាឆ្នាំនេះចាប់តាំងពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី១៤ ខែឧសភានេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ឲ្យដឹងថា គណបក្សនយោបាយចំនួន ៤១ បានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ។
ទោះជាយ៉ាងណា ការបោះឆ្នោតជាតិនៅឆ្នាំនេះ បានស្ថិតនៅក្រោមភាពចម្រូងចម្រាស់ជុំវិញអវត្តមានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោលកាលពីឆ្នាំមុន និងមិនត្រូវបានអនុញ្ញាតឲ្យចូលរួមការបោះឆ្នោតនោះឡើយ ហើយសហគមន៍អន្តរជាតិ ជាពិសេសប្រទេសជប៉ុន បានជំរុញកម្ពុជាឲ្យរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕