អត្ថបទព័ត៌មានថ្មីៗ

ខុមហ្វ្រែលសម្រេចមិនចូលរួមសង្កេតការណ៍ដោយបារម្ភចោទប្រកាន់ភ្ជាប់ទៅបដិវត្តន៍ពណ៌

អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ បាន​អះ​អាង​ថា ពួកគេ​សម្រេច​​មិន​ចូល​រួម​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ជាតិ​ ​​នា​ពេល​ខាង​មុខ​នេះ​ទេ ដោយ​បន្ទោស​ទៅ​លើ​ការ​ព្រមាន​ពី​សំណាក់​រដ្ឋាភិបាល ដែល​ជំរុញ​ឲ្យ​ក្រុម​អ្នក​សង្កេតការណ៍​ព្រួយ​បា​រម្ភ ខ្លាចរងការ ចោទប្រកាន់ភ្ជាប់ទៅសកម្មភាពបដិវត្តន៍ពណ៌។​

អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ បាន​អះ​អាង​ថា ពួកគេ​សម្រេច​​មិន​ចូល​រួម​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ជាតិ​ ​​នា​ពេល​ខាង​មុខ​នេះ​ទេ ដោយ​បន្ទោស​ទៅ​លើ​ការ​ព្រមាន​ពី​សំណាក់​រដ្ឋាភិបាល ដែល​ជំរុញ​ឲ្យ​ក្រុម​អ្នក​សង្កេតការណ៍​ព្រួយ​បា​រម្ភ ខ្លាចរងការ ចោទប្រកាន់ភ្ជាប់ទៅសកម្មភាពបដិវត្តន៍ពណ៌។​

គ.ជ.ប. បាន​​ចាប់​ផ្ដើម​ទទួល​ចុះ​ឈ្មោះ​ក្រុម​អ្នក​សង្កេត​ការណ៍​ជាតិ និង​អន្តរ​ជាតិ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា រហូត​ទៅ​ដល់​ថ្ងៃ​ទី​២៥ ខែ​កក្កដា​ខាង​មុខ សម្រាប់​ការ​ចុះ​សង្កេតការណ៍​ការ​បោះ​ឆ្នោ​តជា​តិ​នៅ​ឆ្នាំ​នេះ។

ប៉ុន្តែ មន្ត្រី​ឃ្លាំ​មើល​នៃ​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស បាន​ប្រាប់​វីអូឌី​ថា អង្គការ​​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ និង​សង្កេតការណ៍​ការ​បោះ​​ឆ្នោត​​​មួយ​នេះ បាន​សម្រេចមិនដាក់ពង្រាយពលរដ្ឋស្ម័គ្រចិត្ត ដើម្បីឃ្លាំមើលការបោះឆ្នោត ​ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦​​នេះទេ ដោយ​លោក​ថា រដ្ឋាភិបាល​បាន​ព្រមាន​ទៅ​លើ​បន្ទប់​ស្ថានការណ៍ ដែល​ជំរុញ​ឲ្យ​ក្រុម​អ្នក​សង្កេតការណ៍​មក​ពី​អង្គការ​សង្គ​ម​​ស៊ីវិល​នានា​មាន​ក្ដី​បារម្ភ។

លោក សាវាង្ស ប្រាប់​វីអូឌី​តាម​បណ្ដាញ​សង្គម​​ថា៖ «យើង​មិន...​ដាក់​អ្នក​សង្កេតការណ៍​….ដោយ​ការ​ចុះ​ឈ្មោះ​ទៅ​ស្ថាប័ន​ គ.ជ.ប. ទេ ដោយសារ​ទី១ បន្ទប់​ស្ថានការណ៍​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្កើត​ឡើង​វិញ​ដោយ​រដ្ឋាភិបាល..។ ទី​២ កន្លង​មក ស្ថាប័ន NGO មួយ​ចំនួន​ដែល​ធ្វើការ​ក្នុង​បន្ទប់​ស្ថានការណ៍​ហ្នឹង….ត្រូវ​បាន​កំណត់​ចូល​ក្នុង​សៀវភៅ​ស ដែល​ជា​សៀវភៅ​មួយ​ហ្នឹងនិយាយ​អំពីការ​ចូល​រួម​ក្នុង​បដិវត្តន៍​ពណ៌»

អង្គការ​ខុមហ្វ្រែល​បាន​សម្រេច​បែប​នេះ​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ចំ​ថ្ងៃ​ដែល គ.ជ.ប. បាន​បិទ​បញ្ចប់​ការ​ចុះ​បញ្ជី​គណបក្ស​ន​យោ​បា​យ​​​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​នេះ ដោយ​មិន​មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​​​ត្រូវ​បា​ន​រំ​លាយ​ចោល​ដោយ​តុលាការ​កំពូល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

ប៉ុន្តែ លោក សាវាង្ស ប្រាប់​​ថា អង្គការ​របស់​លោក​សម្រេច​ចិត្ត​បែប​នេះ មិន​ផ្អែក​ទៅ​លើ​ថា គណបក្ស​ណា​មួយ​ត្រូវ​​បាន​អនុញ្ញា​ឲ្យ​ចូ​ល​រួម ឬ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​ចូល​រួម​ការ​បោះ​ឆ្នោត​នោះ​ឡើយ។

ផ្ទុយ​ទៅ​វិញ​ លោក​នៅ​តែ​អះ​អាង​ថា ក្រុម​អ្នក​សង្កេតការណ៍​របស់​លោក​ព្រួយ​បារម្ភ ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ជា​​ឲ្យ​តាម​ដាន​បន្ទប់​ស្ថានការណ៍។

បន្ទប់​ស្ថានការណ៍ ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​អង្គការ​សង្គម​ស៊ីវិល​ជិត ៤០​ស្ថាប័ន ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់​វិធានការ​តា​ម​​ផ្លូវ​ច្បាប់ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​បញ្ជា​ផ្ទាល់​មាត់​ទៅ​រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង ឲ្យ​ពិនិត្យ​មើល​ផ្លូវ​ច្បាប់ ដើម្បី​ចាត់​​វិធា​​នការ​លើ​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល ដែល​លោក ហ៊ុន សែន ហៅ​ថា ជាមូលដ្ឋាន​បញ្ជា​ឲ្យ​មាន «បដិវត្តន៍​ពណ៌»

សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា លើកថា ការសម្រេចិត្ត ដកខ្លួនរបស់ខុមហ្វ្រែល មិនប៉ះពាល់លទ្ធផល​ដំ​ណើ​​​​រការររៀបចំការបោះឆ្នោត និងការប្រកាសលទ្ធផលផ្លូវការណ៍ទេ។

បាទ!គឺជាសិទ្ធិសម្រេច របស់អង្គការខុមហ្វ្រែល ចូលក៏បាន មិនចូលក៏បាន។ ការបោះ​ឆ្នោតមួយមិនអាចនរណា​ផ្តាច់មុ​ខ​​បា​នទេ។  ផ្តា​ច់មុខត្រង់ថា ​ទាល់តែមានអង្គការនេះចូលសង្កេតការណ៍ ទើប [ការបោះឆ្នោតនោះ]ចាត់ទុកជាបានការ គឺអត់ទេ

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប

បើតាមលោក ហង្ស ពុទ្ធា គិតត្រឹមថ្ងៃពុធនេះ ក្រុមអង្គការ និងសមាគម បានមកចុះឈ្មោះដាក់អ្នកសង្កេតការណ៍ បានជា​ង២​ពា​ន់នា​ក់​​​ហើ​យ ខណៈបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧កន្លងទៅ មានអ្នកស​ង្កេតការណ៍ជាតិ និងអន្តរជាតិ ​ជាង​៧​ម៉ឺន​​៤ពា​ន់​នា​ក់ ។

អ្នកតាមដានន​យោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ការដកខ្លួនរបស់ខុមហ្វ្រែល ជាសញ្ញាមិនល្អមួយ ពីដំណើរកា​រប្រជា​ធិប​តេ​​​យ្យ​នៅកម្ពុជា។លោកថា សហគមន៍អន្តរជាតិ ​អាចយកបញ្ហានេះធ្វើជា​ដើមចមពិចារណា​មិនទទួ​លស្កាល់ល​ទ្ធផលបោះ​ឆ្នោត បើ​​ស្ថាព័នពាក់ព័ន្ធ មិនពិចារណាពីតម្លាភាពឡើងវិញនោះ។

ស្ថានការណ៍នេះវាមិនល្អទេ វាទាមទារឲ្យរដ្ឋាភិបាល និង គ.ជ.ប បង្ហា​ញនូវ​ភាព​សេ​​រី បែបប្រជា​ធិបតេយ្យ ឲ្យ​បា​​នច្រើ​ននៅ​ក្នុងស្រទាប់បរិយា​កាសនយោបាយកម្ពុ​ជាហ្នឹង។ កុំឲ្យមតិអន្ត​រជាតិមើល​ឃើញក្នុង​រូបភា​ព​ផ្សេ​​​ង។ អញ្ចឹ​ងករណី​ដក​ខ្លួ​ន​នេះ យើងឃើញថាជាស្ថា​នភាពមួយលំបាកក្នុ​ងវិស័យប្រជាធិបតេយ្យនៅកម្ពុជាហើយ

លោក​ឯម សុវណ្ណារ៉ា អ្នកវិភាគ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ការទូត

នេះ​ជា​លើកដំបូង​ហើយ​ដែល​អង្គការខុមហ្វ្រែល បដិសេធ​ចូល​រួម​ក្នុង​ដំណើរការ​សង្កេតការណ៍​ការ​បោះ​ឆ្នោត ចាប់​តាំង​ពី​ត្រូវ​បាន​បង្កើត​ឡើង​​នៅ​ឆ្នាំ​១៩៩៦ និង​បាន​ចូល​រួម​សង្កេតការណ៍​រាល់ការ​បោះ​ឆ្នោត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក។

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

[wpc-weather id="75954"/]