វិភាគ៖ តើ​អាជ្ញាធរ​កម្ពុជា​រក​ឃើញ​ដើម​ហេតុ​នៃ​ការ​ពុល​របស់​អ្នក​ភូមិនៅ​ក្រចេះ​ឬនៅ?

រូបភាព៖ ពីបណ្ដាញសង្គម

គិត​មក​ដល់​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ ការ​ផ្ទុះ​ឡើង​នូវ​ករណី​អ្នក​ភូមិ​ស្លាប់ និង​ធ្លាក់​ខ្លួន​ឈឺ​​នៅ​ក្នុង​ខេត្ត​ក្រចេះ បាន​កន្លង​ផុត​ទៅ​អស់​រយៈ​ពេល​ជាង​ ១០​ថ្ងៃ​ទៅ​​ហើយ ប៉ុន្តែ ករណី​មួយ​នេះ នៅ​តែ​ស្ថិត​នៅ​ក្នុង​មន្ទិល​សង្ស័យ និង​ការ​ចោទ​សួរ​ថា តើ​អាជ្ញាធរ​កម្ពុជា​បាន​រក​ឃើញ​មូល​ហេតុ​ពិត​ប្រាកដ​នៃ​ការ​ពុល​របស់​អ្នក​ភូមិ​ហើយ​ឬនៅ?

របាយការណ៍​ថ្មី​បំផុត​របស់​រដ្ឋបាល​ខេត្ត​ក្រចេះ​នៅ​ត្រឹម​ថ្ងៃ​ទី​៨ ឧសភា ​បាន​ឲ្យ​ដឹង​ថា តួលេខ​អ្ននស្លាប់​មាន​ចំនួន ១៣​នាក់ ហើយ​​អ្នក​ភូមិ ២៣៤​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យនានា នៅ​ក្នុង​ករណី​ដែល​សង្ស័យ​ថា «ពុល» នៅ​ក្នុង​ឃុំ​កន្ទួត ស្ថិត​ក្នុង​ស្រុក​ចិត្របុរី។

របាយការណ៍​ដំបូង​របស់​រដ្ឋបាល​ខេត្ត​ក្រចេះ និង​ក្រសួង​សុខាភិបាល សុទ្ធ​តែ​បញ្ជាក់​ថា អ្នក​ភូមិ​ទាំង​នោះ មិន​ថា​ស្លាប់ ឬ​ធ្លាក់​ខ្លួន​ឈឺ​ទេ សុទ្ធ​តែ​មាន​អការៈ​ឈឺ​ពោះ ក្អួត​ចង្អោ ឈឺ​ក អស់​កម្លាំង ទន់​ដៃ​ទន់​ជើង វិល​មុខ ថប់​ដង្ហើម សន្លប់ និង​បណ្ដាល​ឲ្យ​ស្លាប់។

ជាមួយ​អការៈ​បែប​នេះ រដ្ឋបាល​ខេត្ត​ក្រចេះ បាន​ដាក់​ការ​សង្ស័យ​ពី​ដំបូង​ថា បណ្ដាល​មក​ពី​អ្នក​ភូមិ​ពុល​សារធាតុ​គីមី​ក្នុង​ទឹក ដែល​យក​ចេញ​ពី​ព្រែកទេរ ដៃ​អូរ​ព្រែក​ទេរ មក​បរិភោគ និង​ប្រើ​ប្រាស់។

ក្រសួង​សុខាភិបាល បាន​អះ​អាង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​​ថា លទ្ធផល​នៃ​ការ​ពិសោធន៍​ទៅលើ​សំណាក​ស្រា​មួយ​ចំនួន បាន​រក​ឃើញ​ថា ស្រា​ស​ផ្ទុក​ទៅ​ដោយកំហាប់​សារធាតុ​​មេតាណុល​ខ្ពស់​ដែល​ធ្វើ​ឲ្យ​ស្រា​ពុល។

ចំណែក​ឯ​ក្រសួង​ឧស្សាហកម្ម​បាន​បន្ថែម​ភស្តុតាង​រឹង​មាំ​បន្ថែម​ទៀត តាម​រយៈ​ការ​ចេញ​របាយការណ៍​នៃ​លទ្ធផល​ពិសោធន៍​ស្រា​ស ដោយ​រក​ឃើញ​ថា កំហាប់​សារធាតុ​មេតាណុល​មាន​ដល់​ទៅ ១១.២២​ភាគរយ​នៅ​ក្នុង​ស្រា ដែល​ជា​កម្រិត​ខ្ពស់​លើស​ពី​កម្រិត​អនុញ្ញាត​ត្រឹម​តែ ០.១៥ភាគរយ​ប៉ុណ្ណោះ។

ការ​បន្ទោស​ទៅ​លើ​តែ​ស្រា​ស​មាន​ផ្ទុក​សារធាតុ​គីមី​ពុល​តែ​មួយ​មុខ​ មិន​ត្រឹម​ត្រូវនោះ​ទេ ពី​ព្រោះ​ថា ក្នុង​ចំំណោម​អ្នក​ភូមិ​ដែល​ធ្លាក់​ខ្លួន​ឈឺ​ទាំង​នោះ មាន​ទាំង​ស្ត្រី និង​ជា​ពិសេស​កុមារ​ផង​ដែរ។

​របាយការណ៍​របស់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ ​កាល​ពី​ថ្ងៃ​ទី​៧​ឧសភា បាន​បង្ហាញ​ថា ក្រុម​មន្ត្រី​ជំនាញ​មក​ពី​ក្រសួង​សុខាភិបាល និង​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ បាន​ទៅ​សិក្សា​ស្រាវ​ជ្រាវ​នៅ​ឯ​ឃុំ​កន្ទួត ដើម្បី​រក​មើល​មូល​ហេតុ​នៃ​ការ​ធ្លាក់​ខ្លួន​ឈឺ និង​ស្លាប់​មនុស្ស​ជាច្រើន​នាក់​នេះ។ ជា​លទ្ធផល មាន​ស្ត្រី ១៦២​នាក់ និង​កុមារ ៦៩​នាក់ ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ភូមិ ២៣៤​នាក់ ដែល​ធ្លាក់​ខ្លួន​ឈឺ​នោះ​ផង​ដែរ។ សំណួរ​សួរថា តើ​កុមារ​ទាំង​នោះ​សុទ្ធ​តែ​ផឹក​ស្រា​ស​ដូច​មនុស្ស​ធំ​ពេញ​វ័យ​ទូទៅ​មែន​ទេ? ចម្លើយ​គឺ​ថា ប្រហែល​ជា​មិន​អត់​ទេ តែ​ក៏​មិន​ដល់​ថ្នាក់​កុមារ​ទាំង ៦៩​នាក់​នោះ​ដែរ។ ចុះ​តើ​កុមារទាំង​នោះ​ពុល​អ្វី​ឲ្យ​ប្រាកដ​បើ​ក្រៅ​ពី​ស្រា​ស?

តាម​ការ​ពិត​ មិន​ត្រឹម​តែ​ពុល​ស្រា​ស​ទេ ​ក្រសួង​សុខាភិបាល​​ ​​បាន​បញ្ជាក់​ថា អ្នក​ភូមិ​ខ្លះ​ទៀត​បាន​ពុល​ទឹក​ដែល​អ្នក​ភូមិ​យក​មក​ពី​ព្រែក​ទេរ​មក​ប្រើ​ប្រាស់ និង​បរិភោគ។

រឹត​តែ​ច្បាស់​ទៀត​នោះ គឺ​លទ្ធផល​ពិសោធន៍​សំណាក​ទឹក​យក​មក​ពី​ព្រែក​ទេរ​ស្ថិត​ក្នុង​ឃុំ​កន្ទួត ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម។ ក្រសួង​បាន​រក​ឃើញ​ថា សារធាតុ​ក្រូម​មាន​រហូត​ដល់ ១៧៣​មីក្រូ​ក្រាម​នៅ​ក្នុង​ទឹក​មួយ​លីត្រ ឬ​អាច​និយាយ​បាន​ថា នេះ​គឺ​ជា​កម្រិត​ខ្ពស់​បំផុត​ដល់​ទៅ​ជាង ៣​ដង លើស​ពី​កម្រិត​ស្តង់ដារ​អនុញ្ញាត​ឲ្យមាន​ត្រឹម​តែ ៥០​មីក្រូក្រាម​ប៉ុណ្ណោះ​នៅ​ក្នុង​ទឹក​មួយ​លីត្រ។

ក្រៅ​ពី​សារធាតុ​ក្រូម ក្រសួង​ឧស្សាហកម្ម​ក៏​បាន​រក​ឃើញ​ថា ទឹក​មាន​ផ្ទុក​សារធាតុ​នីទ្រីត​លើស​កម្រិត​ខ្ពស់​ផង​ដែរ។ លទ្ធផល​ពិសោធន៍​ បង្ហាញ​ថា សារធាតុ​នីទ្រីត​មាន​ចន្លោះ​ពី ៧ ទៅ ២៣​មីលីក្រាម​នៅ​ក្នុង​ទឹក​មួយ​លីត្រ ខណៈ​ដែល​កម្រិត​ស្តង់ដារ​អនុញ្ញាត​ឲ្យ​មាន​នៅ​ក្នុង​ទឹក​ត្រឹម​តែ ៣​មីលីក្រាម​ប៉ុណ្ណោះ​ក្នុង​ទឹក​មួយ​លីត្រ។

បើ​តាម​ក្រសួង​ឧស្សាហកម្ម សារធាតុ​ក្រូម​បង្ក​មហន្តរាយ​ដល់​រូបរាង​កាយ និង​ប្រព័ន្ធ​សារពាង្គ​កាយ​របស់​មនុស្ស ដូច​ជា​កន្ទួល​ស្បែក ក្រពះ និង​ដំបៅ​រលាក បញ្ហា​ផ្លូវ​ដង្ហើម ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ការ​ខូច​តម្រង់​នោម និង​ថ្លើម ការ​ផ្លាស់​ប្ដូរ​សម្ភារៈ​ហ្សែន មហារីក​សួត និង​អាច​បណ្ដាល​ឲ្យ​ស្លាប់។ ចំណែក​ឯ​សារធាតុ​នីទ្រីត​វិញ វា​បង្ក​ឲ្យ​មាន​មហារីក​ក្រពះ ជំងឺ​រាគរូស ក្អួត និង​អាច​បណ្ដាល​ឲ្យ​ស្លាប់​។

លទ្ធផល​​ពិសោធន៍​នេះ ​បង្ហាញ​ថា ទឹក​ព្រែក​ទេរ និង​ដៃ​ព្រែក​ទេរ មាន​សារធាតុ​ពុល​ទាំង ២​មុខ ដែល​មិន​អាច​ឲ្យ​អ្នក​ភូមិ​ប្រើ​ប្រាស់​បាន​ទៀត​នោះ​ទេ រហូត​ទាល់​តែ​សារធាតុល​ពុល​នេះ​សាប​អស់​ជាតិ​ពុល​ពី​ទឹក​សិន។

បើ​ទោះបី​ជា​រក​ឃើញ​ថា អ្នក​ភូមិ​ស្លាប់ និង​ធ្លាក់​ខ្លួន​ដោយសារ​តែ​ពុល​ស្រា​ស និង​ទឹក​ផ្ទុក​សារធាតុ​ពុល​ក្ដី ប៉ុន្តែ គ្មាន​ចម្លើយ​ពី​អាជ្ញាធរ​រដ្ឋាភិបាល​សម្រាប់​សំណួរ​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា តើ​សារធាតុ​ពុល​ក្រូម និង​នីទ្រីត​​នោះ កើត​មាន​​នៅ​ក្នុង​ទឹក​ព្រែក​ទេរ និង​ទឹក​ដៃ​ព្រែក​ទេរ​នោះ​ដោយ​របៀប​ណា​នោះ​ឡើយ។

អ្នក​​ឯកទេស​គីមី​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោកសាស្ត្រាចារ្យ ជ័យ ថាវី បាន​ឲ្យ​ដឹង​ថា សារធាតុ​នីទ្រីត គឺ​ជា​កាក​សំណល់​នៃ​អាស៊ីដ​​នីត្រាត ដែល​ត្រូវ​បាន​មនុស្ស​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​ញែក​លោហៈចេញ​ពី​រ៉ែ​មាស នៅ​ក្នុង​អាជីវកម្ម​រុក​រ៉ែ​មាស ហើយ​លោក​ថា អាស៊ីដ​ប្រភេទ​នេះ ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យនោះ​ឡើយ​​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បាទ​! ត្រឹម​ត្រូវ នីត្រាត នី​ទ្រីត​ហ្នឹង​ គឺ​គេ​ប្រើ​ដើម្បី​រំលាយ​រ៉ែ ត្រឹមត្រូវ! ពិសេស គឺ​ពពួក​រ៉ែ​មាស គឺ​ជា​គេ​ប្រើ​អាស៊ីដ​នីទ្រីត​ហ្នឹង ដើម្បី​ដេញ​ពពួក​លោកហៈ​មួយ​ចំនួន ឬ​ក៏​គេ​ធ្វើ​អា​រ៉ែ​មាស​ហ្នឹង​ឲ្យ​ទៅ​ជា​សូលុយស្យុង​ឲ្យ​បាន​ត្រង់​ជា​មាស​ម៉ោ។ បាទ! ត្រូវ​ហើយ​អាហ្នឹង​គេ​ប្រើ​ខ្លាំង​ណាស់​នៅ​ក្នុង​សកម្មភាព​រុករក​រ៉ែ ជា​ពិសេស​ពពួក​រ៉ែ​មាស តែ​ខ្ញុំ​មិន​ដឹង​ថា គេ​ទៅ​រក​នៅ​កន្លែង​ណា​ខ្លះ​ទេ តែ​ក្នុង​មេរៀន គេ​បាន​បញ្ជាក់​អញ្ចឹង

លោកសាស្ត្រាចារ្យ ជ័យ ថាវី អ្នក​​ឯកទេស​គីមី​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ

ដោយសារ​តែ​អាស៊ីដ​នីដ្រាត ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​អាជីវកម្ម​រុក​រក​រ៉ែ​មាស​នោះ វា​បាន​រុញ​ច្រាន​ឲ្យ​មាន​ចម្ងល់ និង​ការ​ចោទ​សួរ​ថា តើ​អាជីវកម្ម​រុក​រក​រ៉ែ​មាស​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ស្រុក​ចិត្របុរី ឬ​នៅ​ផ្នែក​ខាង​លើ​នៃ​ដង​ព្រែក​ទេរ ឬ​ដៃ​ព្រែក​ទេរ ឬ​ទេ? សំណួរ​នេះ ក៏​មិន​មាន​ការ​ឆ្លើយ​បំភ្លឺ ឬ​ការ​បក​ស្រាយ​ពន្យល់​ពី​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ផង​ដែរ ដោយ​អាជ្ញាធរ​ទាំង​នោះ​បាន​ត្រឹម​បក​ស្រាយ​ថា រក​ឃើញ​សារធាតុ​គីមី​ពុល​នៅ​ក្នុង​ទឹក​ព្រែក​ទេរ​ប៉ុណ្ណោះ។

ប៉ុន្តែ ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ព័ត៌មាន​សង្គម​ Facebook បាន​បង្ហាញ​នូវ​ផែនទី​នៃ​ដង​ព្រែក​ទេរ និង​ក្រុម​ហ៊ុន​​សម្បទាន​សេដ្ឋកិច្ច​វៀតណាម​ចំនួន ២ ស្ថិត​នៅ​ផ្នែក​ខាង​លើ​នៃ​ដង​ព្រែក​ទេរ មាន​ក្រុមហ៊ុន ភូ រៀង ក្រចេះ អភិវឌ្ឍន៍​កៅស៊ូ (Phu Rieng) និង​ក្រុមហ៊ុន ដូទឺ​សាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ)។

របាយការណ៍​នៃ​​អង្គការ​​ទិន្នន័យ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ភូ​រៀង អភិវឌ្ឍន៍​កៅស៊ូ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​​ពី​រដ្ឋាភិបាល​កម្ពុជា​ទំហំ​ជិត ៦៥០០​ហិកតា​នៅ​ស្រុក​ស្នួល​ខេត្រ​ក្រចេះ ចាប់​តាំង​ពី​ឆ្នាំ​២០០៨ ហើយ​ក្រុមហ៊ុន ដូទឺសាយហ្គន-ប៊ិញ​ហ្វឿក ក៏​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជិត ៦៥០០​ហិកតា​ពី​រដ្ឋាភិបាល​កម្ពុជានៅ​ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្របុរី​​ផ្ទាល់​តែ​ម្ដង។

របាយការណ៍​ដដែល​នេះ បង្ហាញ​ថា ក្រុមហ៊ុន​ទាំង​ពីរ​នេះ ពុំ​មែន​ធ្វើ​អាជីវកម្ម​រុក​រក​រ៉ែ​មាស​នៅ​លើ​ដី​សម្បទាន​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ដែល​កាន់​កាប់​ដោយ​ម្ចាស់​ជាជន​ជាតិ​វៀតណាម​នោះ សុទ្ធតែ​មាន​ទិសដៅ​អភិវឌ្ឍ​ផលិត​ផល​កសិ-ឧស្សាហកម្ម មាន​កៅស៊ូ ដំឡូង​មី ស្វាយ​ចន្ទី និង​រោងចក្រ​កែច្នៃ​ជាដើម។

ប៉ុន្តែ បើ​ពិនិត្យ​ទៅ​លើ​ផែនទី​នៃ​ដង​ព្រែក​ទេរ វា​ជា​ប្រភព​ទឹក​ដ៏​វែង​ដែល​លាត​សន្ធឹង​ពី​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ​រហូត​ទៅ​ដល់​​ដែន​ជម្រក​សត្វ​ព្រៃកែវសីមា និង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ស្ថិត​នៅ​ក្នុង​ស្រុក​មណ្ឌល​សីមា ​ខេត្ត​មណ្ឌលគិរី​។

សេកចក្ដី​រាយការណ៍​របស់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៦​កន្លង​មក បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អូស្ត្រាលី​ចំនួន ២ មាន​ឈ្មោះ Renaissance Minerals Cambodia Limited និង​ក្រុមហ៊ុន Emerald Resources បាន​រុក​រក​រ៉ែ​នៅ​ខេត្ត​មណ្ឌលគិរី នៅ​បរិវេណ​តំបន់​ការពារ​សត្វ​ព្រៃ​ភ្នំព្រេច ដែល​បង្ក​ក្ដី​បារម្ភ​ដល់​ផល​ប៉ះ​ពាល់​បរិស្ថាន បន្ទាប់​ពី​មាន​ការ​វាយ​តម្លៃ​ថា តំបន់​នេះ​មាន​រ៉ែ​មាស​ដល់​ទៅ ១.២​លាន​​អោន ឬ​ប្រហែល​ជាង ៣៤​តោន​។

ដូច្នេះ អាជ្ញាធរ​កម្ពុជា​នៅ​ពុំ​ទាន់​បក​ស្រាយ​ឲ្យ​បាន​ច្បាស់​លាស់​អំពី​មូល​ហេតុ​ពិត​ប្រាកដ​​នៃ​ការ​បំពុល​ទឹក​នោះ​ឡើយ ដោយ​បាន​ត្រឹម​តែ​បក​ស្រាយ​ថា អ្នក​ភូមិ​នៅ​ក្នុង​ស្រុក​ចិត្របុរី បាន​​ពុល​ស្រា​ស​មាន​ផ្ទុក​សារធាតុ​មេតាណុល​ខ្ពស់ និង​ពុល​ទឹក​ផ្ទុក​ទៅ​ដោយ​សារធាតុ​ក្រូម និង​សារធាតុ​នីទ្រីត​ខ្ពស់​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ