លោក ហ៊ុន សែន ហៅ​អ្នក​ណែ​នាំ​​ពល​រដ្ឋមិន​ឲ្យ​ទៅ​បោះឆ្នោតថា​ជា​អ្នក​​បំផ្លាញ​ប្រជា​ធិបតេយ្យ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីកន្លងទៅ​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ហៅ​អ្នក​ណែ​នាំ​ពល​រដ្ឋ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោតថ្នាក់​ជាតិ​ខាង​មុខ​ថា ជា​ជន​អគតិ​ និង​មាន​បំណង​បំផ្លាញ​ប្រជាធិបតេយ្យ​និង​ឆន្ទះរបស់​ប្រជា​ពល​រដ្ឋ។

លោក​នាយករដ្ឋ​មន្ត្រី​បាន​សរសេរ​នៅ​លើ​ទំព័រហ្វេស​បុករបស់​លោកនៅព្រឹក​ថ្ងៃ​ទី ១៦ ឧសភា នេះ​ថារហូត​មក​ដល់​ពេល​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន៥ បាន​ចុះ​ឈ្មោះ និង​ទទួល​ស្គាល់​ជាផ្លូវ​ការ​ពី​គ.ជ.ប រួច​រាល់​ហើយ ខណៈ​នៅ​មាន​គណបក្ស​មួយ​ចំនួន​ទៀតកំពុង​ពិនិត្យ​បែបបទនៅ គ.ជ.ប​។

លោក​ក៏​បាន​ប្រៀបធៀប​ការ​បោះឆ្នោតកន្លងទៅ​នៅអឺរ៉ុប និង​អាមេរិក​ ថា​មាន​អ្នក​ទៅ បោះឆ្នោត​មិន​ដល់​ពាក់​កណ្តាល​ប្រទេស​នោះ​ទេ ខណៈ​កម្ពុជា​មាន​អ្នក​ទៅ​បើ​ឆ្នោតដល់​ទៅ ៦៩​ភាគ​រយដោយ​ថា​​ជា​ការ​រីក​ចម្រើន​នៃលិទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។ លោក​ក៏​​បាន​ចោទ​ប្រកាន់​អ្នក​ដែល​ណែ​នាំ​មិនឲ្យ​ពល​រដ្ឋ​ទៅ​បោះ​ឆ្នោត​ជា​ជន​អគតិ ដែល​មាន​បំណង​បំផ្លាញ​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

ច្បាស់ណាស់ គឺគ្មានមេដឹកនាំណាមួយណែនាំពលរដ្ឋខ្លួនមិនអោយទៅបោះឆ្នោតទេ មាន​តែជន​អគតិ​ដែល​មាន​បំណងបំផ្លិចបំផ្លាញលទ្ឋិប្រជាធិបតេយ្យ និងឆន្ទៈប្រជាពលរដ្ឋទេ ទើបពួកគេអាចធ្វើដូច្នេះ។ សូមបងប្អូន​ជន​រួម​ជាតិ​ និងកូនក្មួយយុវជនទៅបោះឆ្នោតនៅក្នុងថ្ងៃបោះ ឆ្នោត ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខទាំងអស់គ្នា

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ការ​ឆ្លើយ​តប​របស់​លោក​ហ៊ុន សែន​ នៅពេល​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​យុទ្ធនាការ​ប្រឆាំង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ថ្ងៃ​ទី​២៩ កក្ក​ដា​ ខាង​មុខ​របស់​លោក​សម រង្ស៊ី កាន់​តែ​ខ្លាំង​ក្លាឡើង​។

ក្នុង​ការ​ថ្លែង​របស់​លោក​ សម រង្ស៊ី កាលពីថ្ងៃ​ទី ១៣ ឧសភា នៅ​រដ្ឋ​កាលី​ហ្វ័រ​ញ៉ា សហ​រដ្ឋអាមេរិក លោកបា​ន​ថ្លែង​ថា អ្នក​ដែល​បំផ្លាញលទ្ធិប្រជា​ធិបតេយ្យគឺ​លោក​ហ៊ុន​ សែន​ទៅ​វិញ​ទេ ដោយ​សារ​តែ​លោក​បាន​រំ​លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ប្រជា​ពល​រដ្ឋគាំទ្រជិត​ពាក់​កណ្តាល​ប្រទេស ហើយ​ជា​ពិ​សេស​ឈប់​ឲ្យ​គណបក្សនេះ​ធ្វើនយោបាយ​បាន​ទៀត​នោះ។

លោក​សម រង្ស៊ី ក៏​បាន​បញ្ជាក់​​ផង​ដែរ​ថា ការ​បោះឆ្នោត​នាពេល​ខាង​មុខ​គឺ​មិន​បាន​ឆ្លុះ​បញ្ជាំង​ពី​ឆន្ទៈ​រាស្ត្រនោះទេ ដោយ​ស្នើ​ឲ្យ​ពល​រដ្ឋ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិធ្វើ​ពហិការ​កុំទៅ​បោះឆ្នោត​។

២០១៣យើង​ឈ្នះ​បាត់​ហើយ បើ​គេ​អត់​លួច​សន្លឹក​ឆ្នោត។ អញ្ចឹង​អ្វី​ដែល​ពិបាក​យើង​ធ្វើ​បាន​ អ្វី​ដែល​ស្រួល គ្រាន់​តែ​សុំ​ឲ្យ​នៅ​ផ្ទះ​អាហ្នឹង​យើង​ធ្វើ​បាន​១០០ភាគ​រយ។ យុទ្ធសាស្ត្រ​របស់​យើង​នេះ​នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ ព្រោះ​លើក​ទី​មួយ​នៃ​ប្រវត្តិ​សាស្ត្រ​ប្រទេស​កម្ពុជា យ៉ាង​ហោចណាស់២៥​ឆ្នាំ​រដ្ឋាភិបាលលោកហ៊ុន សែន​ រដ្ឋាភិបាល​ស្រុក​ខ្មែរ​បាត់​បង់​ភាពស្រប​ច្បាប់​ហើយ។ ច្បាស់​ណាស់​! មិន​ដែល​បាត់​បង់​ភាព​ស្រប​ច្បាប់​ទេ​ ហើយបើ​បាត់​បង់​ហើយមិន​អាច​ដំណើរ​ការ​បានទេ​ធ្លាក់​ទឹក​ហើយ​ចាំតែ​មើលទៅ

លោក​សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ

អ្នក​តាម​ដាន​នយោបាយ​លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថាកា​រ​លើក​ឡើង​ខ្វែង​គ្នានេះ កំពុង​តែ​បង្កើន​សម្ពាធ​សម្រាប់​ប្រជា​ពល​រដ្ឋ ដោយ​សារ​ក្នុង​ចំណោម​អ្នក​ដែល​គាំ​ទ្រ​បក្សសង្គ្រោះ​ជាតិ​មួយ​ចំនួន​ក៏​មាន​សមាសភាពជាសមាជិក​បក្ស​កាន់​អំណាច​ផង​ដែរ។ លោក​ថា អ្នក​នយោបាយ​គួរ​តែពិចារណា​ពី​តម្រូវ​ការប្រជា​ពល​រដ្ឋជា​ជាង​ជំរុញឲ្យ​ពល​រដ្ឋ​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោតនោះ។

លោក​ថា៖ « នៅក្នុងសមាភាពនៃសំឡេងរបស់បក្សប្រជាជនមាន ទៅ៦លានតែការបោះឆ្នោតបានតែ៣លានទេ។ អញ្ចឹងនៅក្នុងសមាជិកគណបក្សប្រជាមួយចំនួនដែលមិនគាំទ្រគាត់នៅតែទៅ បោះឆ្នោតដដែលទេ ទោះបីគាត់មិនពេញចិត្តទៅ​​លើការដឹកនាំមួយចំនួន ការសម្រេចចិត្តផ្សេង គាត់អាចជ្រើសរើសផ្សេង ក៏អនុបវាទអីទៅ តែរឿងការបោះឆ្នោតគាត់នៅ​​តែទៅទេ។ ក៏ប៉ុន្តែធ្វើយ៉ាងមិចឲ្យពលរដ្ឋមានសេរីភាព ហៅថាភាពងាយស្រួលក្នុងការបង្ហាញឆន្ទៈខ្លួនឯង អ្នកនយោបាយ​​ទាំងអស់គួរតែពិចារណា​​តាមតម្រូវការប្រជាពលរដ្ឋព្រោះបើមិនឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋអ្វីៗគ្រាន់តែអាចលាក់បាំងតែមួយរយៈកាលទេ រយៈកាលក្រោយមកប្រជាពលរដ្ឋនៅតែអាចទាមទារបានដែលទេ​​  »

បន្ទាប់​ពី​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការបោះឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ​នេះ​ កម្តៅ​នយោបាយ​នៅ​កម្ពុជា​ហាក់​កាន់​តែ​កើន​ឡើង​កាន់​តែ​ខ្លាំង​ ដែល​ធ្វើ​សហ​គមន៍​អន្តរជាតិមួយ​ចំនួន និង​អ្នករាយការណ៍​ពិ​សេស​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជាផង​​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ពី​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​ថា​ពុំអាច​​ឆ្លុះ​បញ្ហាំង​ពី​ឆន្ទះ​ប្រជាពល​រដ្ឋ​នោះ​ទេ​។

ម្ចាស់ជំនួយ​​ធំមួយ​​របស់គ.ជ.ប គឺ​ប្រទេស​ជប៉ុន​ ក៏​បាន​ជំរុញ​កម្ពុជា​ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោត​​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ដោយ​ថា ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជា​ពលរដ្ឋ ហើយ​ក៏​បញ្ជាក់​ថា ជប៉ុន​នឹង​បន្ត​តាម​ដាន​ស្ថានការណ៍​វិវត្តន៍​នៅ​កម្ពុជា​នេះផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ