គីម ជុងអ៊ុនព្រមានលុបចោលគម្រោងជួបជាមួយលោកត្រាំ

រូបភាព៖ លោក គីម ជុងអ៊ុន និង ដូណាល់ ត្រាំ (BBC News)

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ព្រមានលុយចោលគម្រោងជួបជាមួយ មេដឹកនាំ សហរដ្ឋអាមេរិកនៅក្នុងខែមិថុនាខាងមុខ ដោយសារតែអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធ យោធា។

តាមគម្រោងលោក គីម ជុងអ៊ុន នឹងជួបជាមួយលោក ដូណាល់ ត្រាំនៅថ្ងៃទី១២ ខែមិថុនា នៅក្នុងប្រទេសសិង្ហបុរី ដើម្បីជជែកពីកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង អាចពាក់ ព័ន្ធសន្តិសុខនៅក្នុងតំបន់។​​

ប៉ុន្តែទីភ្នាក់ងារព័ត៌មានរបស់រដ្ឋកូរ៉េខាងជើងចុះផ្សាយនៅថ្ងៃនេះថា  សមយុទ្ធរវាងកូរ៉េខាង ត្បូង និង សហរដ្ឋអាមេរិកគឺជាការបង្កជម្លោះ គំរាមកំហែងដល់សន្តិសុខរបស់ កូរ៉េខាងជើង។​

ដោយសារតែកំហឹងនេះ ថ្នាក់ដឹកនាំកូរ៉េខាងជើង បានសម្រេចលុបចោលគម្រោងជួបជាមួយ ថ្នាក់ដឹកនាំកូរ៉េខាងត្បូង នៅតំបន់ផានមុនជុំ (Panmunjom) ដើម្បីតាមដានលទ្ធផលនៃកិច្ចព្រមព្រៀងដែល មេដឹកនាំកូរ៉េទាំងពីរជួបគ្នាកាលពីថ្ងៃទី២៧ខែមេសា។​

ទន្ទឹមនឹងការលុបចោលការជួបជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងនេះ កូរ៉េខាងជើងក៏បាន ព្រមានពីការលុបចោលគម្រោងជួបគ្នារវាងលោក គីម ជុងអ៊ុន និង លោក ដូណល ត្រាំ នៅថ្ងៃ ទី១២ខែមិថុនា នៅក្នុងប្រទេសសិង្ហបុរីដែរ។​

កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកតែងតែធ្វើសមយុទ្ធប្រចាំឆ្នាំ ជាផ្នែកមួយនៃការពង្រឹង សមត្ថភាពកងទ័ពនិង ការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ចំណែកការធ្វើសមយុទ្ធ នៅឆ្នាំនេះ មានការពន្យារពេលច្រើនលើក ដោយសារកូរ៉េខាងត្បូង មិនចង់ឲ្យមានការប៉ះទង្គិច ជាមួយកូរ៉េខាងជើង។​

រាល់ពេលដែលសហរដ្ឋអាមេរិកធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូងនៅក្នុងទឹកដីកូរ៉េខាងត្បូងតែងតែមានប្រតិកម្មពីកូរ៉េខាងជើង ហើយមានពេលខ្លះកូរ៉េខាងជើងព្រមានបាញ់អាវុធនុយក្លេអ៊ែ កម្ទេចសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងទៀតផង។​

ទោះយ៉ាងណាលទ្ធផលផ្លូវការថា អាចប៉ះពាល់ដល់ជំនួបរវាងលោកត្រាំ និងលោកគីម ជុងអ៊ុននោះ មិនទាន់មានទេ។ ជំនួបមេដឹកនាំទាំងពីរនៅក្នុងខែមិថុនាខាងមុខនេះ បើមានការត្រូវគ្នានោះនឹងទប់ស្កាត់សង្គ្រាម តែបើមិនមានការឯកភាពគ្នាលើ បញ្ហារួមទេនោះ អាចជា ចំណុចចាប់ ផ្តើមនៃសង្គ្រាមនៅឧបទ្វីបកូរ៉េជាថ្មីទៀត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ