កម្មកររោងចក្រ ដាយ យ៉ាំងនៅបណ្តោយផ្លូវជាតលេខ៥បន្តតវ៉ាទាមទារប្រាក់ឈ្នួល​

បងប្អូនកម្មករកម្មការិនីតវ៉ានាព្រឹកថ្ងៃទី ១៦ ឧសភា ២០១៨ រូបភាព៖ អាជ្ញាធរខណ្ឌឬស្សីកែវ

កម្មកររាប់រយនាក់ធ្វើការនៅរោងចក្រ ដាយ យ៉ាំង ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៥ បានបន្តប្រមូលផ្តុំគ្នាតវ៉ាជាថ្មីទៀត ដើម្បីទាមទារសំណងនិងប្រាក់ឈ្នួលពីក្រុមហ៊ុន។​

កម្មករដែលប្រមូលផ្តុំគ្នាឡើងវិញបន្ទាប់ពីផ្អាកតវ៉ាក្នុងថ្ងៃបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ បាននាំគ្នាលើកបដាសរសេរអក្សរទាមទារប្រាក់ឈ្នួលខែចុងក្រោយ និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដោយសារថៅកែបិទរោង ចក្រប្រកាសក្ស័យធន។

ប្រាប់VOD នៅព្រឹកនេះ តំណាងកម្មករ និងជាប្រធានសហជីពប្រជាធិបតេយ្យកម្មករ នៃរោងចក្រ ដាយ យ៉ាំង លោក ហេង សួភា ឲ្យដឹងថា លោក និងកម្មករជិត៤០០នាក់ បានតវ៉ានៅមុខរោងចក្រនេះ។

លោកមានប្រសាសន៍ថា «ការទាមទារ! ទីមួយទាមទារឲ្យក្រុមហ៊ុនហ្នឹងបើកប្រាក់ឈ្នួលឲ្យកម្មករខែ៣ បូកនឹងការព្យួរខុសច្បាប់ពីរខែទៀតបីខែ សរុបទៅ!។ ព្រមទាំងប្រាក់បំណាច់ផ្តាច់កិច្ចសន្យាការងារកម្មករ អតីតភាពកម្មករ តែប៉ុនហ្នឹងទេ!»

កម្មការិនីរោចក្រ ដាយ យ៉ាំង ដែលធ្វើការបានប្រាំបួនឆ្នាំ អ្នកស្រី កើត ទូច ឲ្យដឹងថា អ្នកស្រីទាមទារប្រាក់ខែ ចុងក្រោយ និងប្រាក់ផ្តាច់កិច្ចសន្យា ដោយថា រោងចក្រមិនបានបើកប្រាក់ខែខែបីឲ្យទេ ហើយប្រកាសក្ស័យធន។

យើងសង្ឃឹមថា ខាងក្រសួងការងារគាត់ចេញមុខដោះស្រាយជូនកម្មករ ព្រោះកម្មករឥឡូវកំពុងតែជួបវិបត្តិច្រើនណាស់។ ថ្លៃផ្ទះជួលក៏គេមិនអាចពន្យារពេលឲ្យបានយូរដែរ ថ្លៃទឹក ថ្លៃភ្លើង ថ្លៃចាយវាយប្រចាំថ្ងៃ ណាមួយខាងគ្រួសារឈឺថ្កាត់ទៀត

អ្នកស្រី កើត ទូច កម្មការិនីរោចក្រ ដាយ យ៉ាំង

អ្នកស្រីបន្ថែមថា នឹងតវ៉ារហូតដល់មានដំណោះស្រាយពេញលេញទើបព្រមឈប់។

អគ្គ​លេខាធិការ នៃ​អគ្គ​លេខាធិការ​ដ្ឋាន​គណៈ​កម្មការ​ដោះស្រាយ​បញ្ហា​កូដកម្មបាតុកម្មនៅតាមគ្រប់​មុខ​សញ្ញា​ នៃ​ក្រសួង​ការងារ លោក ប្រាក់ ចាន់ធឿន ពន្យល់ថា ខាងក្រសួងនឹងជួបតំណាងកម្មករនៅថ្ងៃទី១៨ ឧសភាដើម្បីជួយណែនាំពីដំណោះស្រាយថាត្រូវធ្វើម៉េចបន្តទៀត។

លោកមានប្រសាសន៍ថា «កាលណាអត់មានអ្នកណាដោះស្រាយឲ្យគាត់ គាត់ទៅបិទផ្លូវ ថាមិនអើពើ អញ្ចឹងត្រូវតែមានវិធី ហើយក៏យើងចន្លោះពេលហ្នឹងយើងជួបនិយោជក ជួបអភិបាលបណ្តោះអាសន្ន តើវាយ៉ាងម៉េចហើយ? ដើម្បីយកព័ត៌មានឲ្យគាត់វិញ កុំឲ្យថាយើងហ្នឹងមិនដោះស្រាយឲ្យគាត់ យល់នៅអាហ្នឹង?។ ហើយថា បើអត់មានអ្នកណាសួរ អ្នកណានាំគាត់ គាត់ទៅបិទផ្លូវ នាំបញ្ហាទៀត!»

កាលពីថ្ងៃទី១២ ឧសភា កន្លងទៅ កម្មកររាងចក្រ ដាយ យ៉ាំង ប្រមាណ​៤០០នាក់ បានប្រមូលផ្តុំតវ៉ានៅតាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីទាមទារប្រាក់ឈ្នួល​ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗមុខរោចក្រនេះ។​ កម្មករដែលតវ៉ាបញ្ជាក់ថា ពួកគាត់ធ្វើការនៅក្នុងរោងចក្រនេះ ចន្លោះពី៤ទៅ១៥ឆ្នាំ  ហើយចោទថា ថៅកែចង់គេចវេសមិនព្រមផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ផ្សេងៗទើបប្រកាសក្ស័យធន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ