ក្រសួងថាករណីស្លាប់មនុស្ស១៣នាក់នៅខេត្តក្រចេះមកពីសាធាតុគីមីពុលលាងរ៉ែមាស

រូបភាព៖ បណ្ដាញសង្គម

មន្ត្រីជាន់ខ្ពស់របស់ក្រសួងអះអាងថា ករណីស្លាប់មនុស្សនៅខេត្តក្រចេះ ១៣នាក់ កាលពីដើមខែនេះ  បង្កឡើងពីសាធា​តុ​គី​​មីពុ​​លពីការធ្វើអាជីវកម្មរ៉ែមាស ។

ការអះអាងរបស់ក្រសួងនេះ ហាក់ខុសពីមន្ទីរសុខាភិបាលខេត្តក្រចេះ ដែលសន្និដ្ឋានជំហានដំបូងថា ពលរដ្ឋ១៣នាក់ស្លាប់ និង​១​៣​​៤នា​ក់ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់ កាលពីថ្ងៃទី៧ខែឧសភានោះ ថាអាចមកពីពួកគេពុលស្រា ស ដែល​មាន​ជាតិ​​​​មេតា​ណុ​​លខ្ពស់។

អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសប្បកម្ម លោក អ៊ុំ សុថា ប្រាប់ VOD នៅថ្ងៃនេះថា មូលហេតុដែលបង្កឲ្យពល​រដ្ឋនៅ​ស្រុកចិ​តបុរីស្លាប់ និងខ្លះរងគ្រោះនោះ លោកថាដើមហេតុចំបងមកពី សាធាតុគីមីពុលម្យ៉ាង ដែលក្រុមហ៊ុនធ្វើអា​ជីក​ម្មរ៉ែ​​មាសនៅ​តំ​បន់​នោះ​ មិនបានប្រុងប្រយ័ត្ន ហូរចូលទៅក្នុងទឹក ដែលពលរដ្ឋប្រើប្រាស់។

ការដែលពុលខ្លាំងគឺមកពីប្រើប្រាស់សាធាតុគីមីដែល…យើងដាក់ចូលលាងរ៉ែ ដល់អញ្ចឹងវាហូរចូលទៅក្នុងទឹក​។ដល់អ​ញ្ចឹង​បា​​ន​ក្រសួងឧស្សាហកម្មនិងស្នើសុំកិច្ចសហការដើម្បីចាត់វិធានការទៅលើកកិច្ចការហ្នឹង ព្រោះការគ្រប់គ្រងរ៉ែវានៅ​លើសមត្ថកិ​ច្ច​ក្រសួងរ៉ែ

លោក អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសប្បកម្ម

ជាងនេះទៅទៀតរដ្ឋមន្ត្រីក្រសួងនេះ លោក ចម ប្រសិទ្ធ កាលពីម្សិលមិញ បានប្រាប់​អ្នកសារព័ត៌​មាន​ដែ​រថា ក្រសួងបា​ន​សុំ​​គោ​ល​​ការណ៍ ពីរដ្ឋាភិបាលដើម្បីចាត់វិធានការទៅលើក្រុមហ៊ុនទាំងនោះហើយ។

អ្នកនាំពាក្យក្រសួងឧស្សាហកម្មលោក អ៊ុំ សុថា បញ្ជាក់ដែរថា ក្រុមហ៊ុន ធ្វើអាជីវកម្មរ៉ែមាស នៅខេត្តក្រចេះ មានលើសពី២ ដែ​ល​​​លោ​​កថា មា​នទាំង​ស្របច្បាប់ និងខុសច្បា​​ប់។ ប៉ុន្តែ​លោ​ក​ថា បើចង់ដឹងពីតួលេខពិតសួរទៅក្រសួងរ៉ែ និងថា​ម​ព​ល ។

អ្នកចាត់ការទូទៅក្រសួងរ៉ែ និងថាមពល លោក ស៊ុយ ឌីម៉ង់ សុំមិនធ្វើអត្ថាធិប្បាយ ដោយជំរុញឲ្យទៅសួរ អគ្គនាយ​កនៃអគ្គ​នា​យ​​​កដ្ឋានធនធានរ៉ែ លោក យស មុនីរ៉ាត់ វិញ តែVOD មិនអាចទា​ក់ទ​​ង​បា​ន។

នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ក្រសួងពាក់ព័​ន្ធគួរតែ​សិ​ក្សាពី​ផ​លប៉ះពាល់បរិ​ស្ថានឲ្យបាន​ច្បាស់​មុន​ប្រគល់សិ​ទ្ធិឲ្យក្រុមហ៊ុន ធ្វើអាជីវកម្ម  ជាជាងមានពលរដ្ឋស្លាប់ ទើបនាំគ្នាចុះ​សិ​ក្សា​​ស្រាវជ្រាវនៅតំបន់កើតហេតុ។

ត្រូវតែចាត់វិធានការឲ្យបានម៉ឺងមាត់ចំពោះបញ្ហានេះ ពីព្រោះវាពាក់ព័ន្ធទៅនឹងជីវិតមនុស្ស ។ហើយម្យ៉ាងវិញទៀ​តក្រុម​ហ៊ុ​ន​​​​ដែ​លធ្វេសប្រហែសហ្នឹងគួរតែផ្តន្ទាទោសតាមច្បាប់ ឲ្យគាត់ទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌដែរ ព្រោះអីនេះ​ជារឿងមួយ​ពាក់ព័​ន្ធនឹ​​ងជីវិតមនុស្ស

លោក យង់ គិមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព

យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម អះអាងថា ការសុំគោលការណ៍ពីរដ្ឋាភិបាល ដើម្បីចាត់វិធា​នការទៅ​លើក្រុ​មហ៊ុន ធ្វើអាជីវកម្មរ៉ែមាសនេះ លោកថាជាគោលដៅមួយចង់ដោះស្រាយឲ្យដល់ឫសគល់នៃបញ្ហា ចៀសវាងការវាយតម្លៃខុស ដោះស្រាយមិនចំបញ្ហា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ