រដ្ឋាភិបាលបង្ហាញរបាយការណ៍ថា ពលករខ្មែរដល់ទៅជាង ២០០នាក់ បានស្លាប់ ហើយត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់មកកម្ពុជាវិញកាលពីឆ្នាំកន្លងមកនេះ ខណៈដែលពលករខ្មែរជាង ១៣ម៉ឺននាក់ទៀត ត្រូវបានចាប់បញ្ជូនត្រឡប់មកប្រទេសកំណើតវិញ ក្រោយឆ្លងដែនខុសច្បាប់។
ការបង្ហាញរបាយការណ៍នេះ ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៧ និងទិសដៅអនុវត្តឆ្នាំ២០១៨ នៅក្រសួងមហាផ្ទៃនាថ្ងៃទី២២ខែឧសភានេះ។
អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង ថ្លែងថា នៅឆ្នាំ២០១៧ ភាគីថៃបានបញ្ជូនសពពលករចំណាកស្រុកខ្មែរ ២១១នាក់ មកកម្ពុជាវិញ។
លោកស្រី ជូ ប៊ុនអេង ឲ្យដឹងទៀតថា ក្រៅពីបញ្ជូនសពពលករខ្មែរមកកម្ពុជាវិញនេះ ថៃក៏បានបញ្ជូនពលករចំណាកស្រុកជាង ១៣ម៉ឺននាក់មកកម្ពុជាវិញផងដែរ។
បើតាមមន្ត្រីរដ្ឋាភិបាលរូបនេះ ពលករខ្មែរទាំងនោះ ត្រូវបានបញ្ជូនត្រឡប់មកវិញតាមច្រកព្រំដែនប៉ោយប៉ែត ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ច្រកព្រំដែនស្ថិតក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។
របាយការណ៍បង្ហាញដែរថា ពលករខ្មែរជាងមួយលាននាក់ កំពុងធ្វើការនៅប្រទេសថៃ ក្នុងនោះជាង ៣០ភាគរយស្របច្បាប់ មានឯកសារត្រឹមត្រូវស្របតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ៕