ក្រុមពលរដ្ឋប្រមាណ៧០នាក់មកពីឃុំ៣ ក្នុងស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ បានប្រមូលផ្តុំគ្នាមុខក្រសួងរៀបចំដែនដីជាថ្មីទៀតនៅថ្ងៃនេះ ដើម្បីជំរុញទៅស្ថានប័ននេះ ឲ្យពន្លឿនដោះស្រាយវិវាទដីធ្លីរបស់ពួកគេ។
លោក អ៊ឹម ចេម ដែលអះអាងថា ជាតំណាងអ្នកភូមិទាំងនោះ បានប្រាប់វីអូឌីនៅកន្លែងតវ៉ាថា ពលរដ្ឋ ២៨គ្រួសារនៅឃុំហោងសំណំ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ហ្វ័រជូណា និងពលរដ្ឋ ៩៦គ្រួសារនៅឃុំសង្កែសាទប មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន អេច អិល អេច (HLH)។ ចំណែកពលរដ្ឋ ១៦៨គ្រួសារនៅឃុំត្រពាំងជោរមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់។
លោក អ៊ឹម ចេម ជាតំណាងអ្នកភូមិ៣ ក្នុងស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ
ពលរដ្ឋម្នាក់ទៀតលោក ម៉ៃ ម៉េន និយាយថា ដីប្រជាពលរដ្ឋដែលមានជម្លោះជាមួយក្រុមហ៊ុនទាំងបីនោះ ជាប្រភេទដីស្រែ និងដីចម្ការ ដោយមានវិវាទរយៈពេលជិត ១០ឆ្នាំហើយ និងមិនទាន់មានដំណោះស្រាយនោះទេ។
លោកបន្តថា ចាប់តាំងពីវិវាទមក ក្រុមពលរដ្ឋគ្មានដីសម្រាប់បង្កបង្កើនផលនោះទេ ដែលឲ្យពួកគាត់ធ្លាក់ខ្លួនក្រីក្រ និងជំពាក់បំណុលគេថែមទៀត។
លោកបន្ថែមថា៖ «ដីពួកខ្ញុំមានជម្លោះជាមួយក្រុមហ៊ុនស្ករអំពៅហ្នឹងជាប្រភេទដីស្រែស្រាប់។ អញ្ចឹងបានថា ពួកខ្ញុំវាពិបាកគ្រប់សព្វយ៉ាងហើយជំពាក់គេ ចុះយើងរវល់តែដើរតវ៉ា មិនបានរកស៊ី។ អញ្ចឹង មកលើកនេះ បើអត់មានដំណោះស្រាយ គឺនៅហ្នឹងហើយ»។
វិអូឌីមិនអាចសុំការឆ្លើយតបពីតំណាងក្រុងហ៊ុនទាំងណាមួយបានទេជុំវិញរឿងវិវាទដីធ្លីនេះ ខណៈមន្រ្តីក្រសួងរៀបចំដែនដីសន្យាចុះទៅដោះស្រាយនៅខែក្រោយ។
ប្រធានក្រុមដោះស្រាយវិវាទដីធ្លី នៃក្រសួងរៀបចំដែននគររូបនីយកម្ម និងសំណង់ក្រុមទី៣៥ លោក ហេង រ៉ាន់ បានសន្យាមុខពលរដ្ឋថា៖
អំឡុងពេលនៃការតវ៉ារបស់ពលរដ្ឋ អភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង បានស្នើទៅអ្នកភូមិទាំងនោះឲ្យត្រឡប់ទៅផ្ទះសម្បែងពួកគេវិញ ដោយសន្យាជំរុញឲ្យមានដំណោះស្រាយឆាប់ៗ ប៉ុន្តែ ក្រុមអ្នកភូមិប្ដេជ្ញាបន្តការតវ៉ារបស់ពួកគេទៀត ប្រសិនបើគ្មានដំណោះស្រាយ៕