អាជ្ញាធរខេត្តក្រចេះពន្លឿនដោះស្រាយវិវាទដីធ្លី ក្រោយពលរដ្ឋឡើងតវ៉ានៅភ្នំពេញ

ប្រជាពលរដ្ឋមកពីស្រុក ឆ្លូង ខេត្ត ក្រចេះ មកតវ៉ាបញ្ហាដីធ្លីនៅមុខរដ្ឋសភា កាលពីថ្ងៃទី ២៤ សឧភា ម្សិលមិញនេះ។

អាជ្ញាធរខេត្តក្រចេះសន្យាថា នឹងជួយពន្លឿនដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចម្ការកៅស៊ូ បន្ទាប់ពីពលរដ្ឋជាច្រើននាក់ បានឡើងមកតវ៉ានៅរាជធានីភ្នំពេញ ប៉ុន្ដែ ត្រូវអាជ្ញាធរក្រុងសុំឲ្យពួកគេត្រឡប់ទៅស្រុកវិញ។

នៅល្ងាចម៉ោង៦​ថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រជាពលរដ្ឋប្រមាណជិត ១០០នាក់ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចំការកៅស៊ូមេមត់ នៅស្រុកឆ្លូង ខេត្តក្រចេះ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខរដ្ឋសភាជាតិ ដើម្បីសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយដោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុន។

កាលពីល្ងាចម្សិលមិញ ក្រុមប្រជាពលរដ្ឋ បានស៊ូទ្រាំតវ៉ាទាំងកណ្ដាលភ្លៀង ខណៈ អាជ្ញាធរក្រុងបានទទូចសុំឲ្យពួកគាត់ត្រឡប់ទៅស្រុកកំណើតវិញ និងបានត្រៀមរថយន្ដ ២គ្រឿងសម្រាប់ដឹកពួកគាត់។ ហើយនៅម៉ោងប្រមាណជាជាង៨យប់ទើបក្រុមប្រជាពលរដ្ឋមានជម្លោះដីធ្លី បានយល់ព្រមតាមការស្នើសុំនោះ និងបានវិលត្រឡប់ទៅខេត្តក្រចេះវិញ ដើម្បីរកអន្ដរាគមន៍ពីអាជ្ញាធរក្នុងខេត្តនេះ។

អភិបាលរងខេត្តក្រចេះ លោក ខាន់ ចំណាន ប្រាប់ VOD ថា នៅរសៀលថ្ងៃសុក្រនេះ អាជ្ញាធរបានជួបប្រជុំពិភាក្សារកដំណោះស្រាយជាមួយប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លីទាំងនោះ។ លោកអះអាងថា អាជ្ញាធរនឹងខិតខំរកដំណោះស្រាយជូនពួកគាត់ ប៉ុន្ដែ លោកថា ជម្លោះនេះត្រូវការពេលយូរ ដើម្បីដោះស្រាយចប់។

ពលរដ្ឋដែលមកតវ៉ារង់ចាំនៅមុខរដ្ឋសភាកាលថ្ងៃទី ២៤ ឧសភា ម្សិលមិញនេះ

លោក ខាន់ ចំណាន មានប្រសាសន៍ថា ជម្លោះដីធ្លីនេះបានបង្កឡើងដោយប្រជាពលរដ្ឋ ដែលលោកថា​ បានចូលទៅរស់នៅខុសច្បាប់លើដីរបស់ក្រុមហ៊ុន។ លោកបន្ដថា កន្លងទៅ អាជ្ញាធរបានកាត់ឃ្វៀលដីក្រុមហ៊ុន ឲ្យពួកគាត់បង្កបង្កើនផលចំនួន ២ដងរួចហើយ ប៉ុន្ដែ នៅតែមានការចូលទៅទន្រ្ទាន រស់នៅលើដីនោះថែមទៀត ដែលជាហេតុធ្វើឲ្យកើតមានជម្លោះជាថ្មី។

ហើយបន្ដទៀត ចុងឆ្នាំ២០១៧ ឆ្នាំ២០១៨ ចូលទៅថែមទៀត ហាក់បីជាចលនាទៅទារដីម៉ង ហើយបានពួកគាត់ចាប់ផ្ដើមធ្វើការទាមទារនៅភ្នំពេញថែមទៀត។ យើងខិតពន្លឿនការដោះស្រាយ បានន័យថា ធ្វើឲ្យញាប់ដៃញាប់ជើង ប្រឹងប្រែងរៀបជាយុទ្ធនាការនៃការធ្វើ ហ្នឹងប្រាកដជាលឿនហើយ

លោក ខាន់ ចំណាន អភិបាលរងខេត្តក្រចេះ

កាលពីថ្ងៃទី៨មីនាកន្លងទៅ ប្រជាពលរដ្ឋរស់នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ដែលមានជម្លោះជាមួយក្រុមហ៊ុនចំការកៅស៊ូមេមត់ បានប៉ះទង្គិចគ្នាជាមួយកម្លាំងសមត្ថកិច្ចក្នុងខេត្តនេះ និងបណ្ដាលពលរដ្ឋមួយចំនួនទទួលរងរបួសផងដែរ បន្ទាប់ពីក្រុមហ៊ុនបានយកគ្រឿងចក្រចុះកាយដីព្រំ និងឈូសឆាយលើដំណាំពួកគាត់។ ករណីនេះ ក្រុមហ៊ុនមេមត់ បានចោទថា ពលរដ្ឋជាអ្នករំលោភយកដីរបស់ក្រុមហ៊ុន៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ