លោកត្រាំហាក់មិនដែលចង់បញ្ជប់ជម្លោះនៅឧបទ្វីបកូរ៉េទេ

លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន (ប្រភព៖ វេបសាយបរទេស)

ប្រធានាធិបតី​អាមេរិក​វ័យ​៧១ឆ្នាំ​ ដែល​បានឡើង​កាន់​តំណែង​កាលពី​ដើម​ឆ្នាំ​២០១៧នោះ ធ្វើ​ឲ្យពិភព​លោក​ចាប់​អារម្មណ៍ខ្លាំង​ លើសកម្មភាព​របស់លោក គឺធ្វើអ្វីៗគ្រប់​យ៉ាង​ដើម្បី​ប្រយោជន៍អាមេរិក(American First) ដោយកាត់​បន្ថយលើសកម្មភាព​កិច្ចការ​មនុស្ស​ធម៌ បរិស្ថាន និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅតាម​បណ្តាប្រទេសផ្សេងៗ​ តាមរយៈការលុបចោលឬ កាត់បន្ថយជំនួយ។​

តាមរយៈពាក្យសម្តី និង​ការឈ្លោះជាមួយ​មន្ត្រីរបស់​លោក​ បន្តបន្ទាប់​នោះ លោកត្រាំក៏អាចចាត់​ទុកថា ជាមនុស្សឆេវឆាវមួយរូបដែរ ហើយពេល​ខ្លះមន្ត្រីដែលស្និទ្ធក៏ធ្លាប់ហៅថា លោកមនុស្សមានបញ្ហាខួរក្បាលទៀតផង។

ក្នុងពេល​យុទ្ធនាការឃោសនាបោះឆ្នោតកាលពី​ឆ្នាំ​២០១៦​​លោក​ ត្រាំ ក៏ធ្លាប់​ស្នើសុំ​ជួប​ជាមួយ​លោក គីម ជុងអ៊ុន​ដែរ ដើម្បីដោះស្រាយបញ្ហា​អាវុធនុយក្លេអ៊ែ ប៉ុន្តែពេលនោះលោក ត្រាំ ហាក់ស្នើឡើង​ដើម្បីឲ្យមានការចាប់​អារម្មណ៍ពីម្ចាស់​ឆ្នោតតែប៉ុណ្ណោះ។​

ក្នុង​អំឡុង​ឆ្នាំ​២០១៧​ ពេល​ដែលកូរ៉េខាងជើង​ផ្ទុះកំហឹងខ្លាំង​ ហើយសាកល្បង​អាវុធមីស៊ីល និងនុយក្លេអ៊ែជាបន្ត​បន្ទាប់ហើយធ្លាប់​ព្រមាន​បាញ់​កម្ចេចដល់​អាមេរិក​​នោះ រដ្ឋការរបស់​លោកត្រាំក៏បានជំរុញ​ឲ្យសម្ព័ន្ធ​មិត្តជួយដាក់សម្ពាធកូរ៉េខាងជើង​ឲ្យចូលតុចរចា។

ការប្រកួតកីឡាអូឡាំពិករដូវត្រជាក់​នៅកូរ៉េខាងត្បូង

សារជូន​ពរថ្ងៃ​ឆ្លង​ឆ្នាំ​សកល​២០១៧ចូល២០១៨ របស់លោក គីម ជុង​អ៊ុន ធ្វើឲ្យពិភពលោក​ភ្ញាក់ផ្អើលនោះ គឺលោក បញ្ជាក់​ថា កូរ៉េខាងជើងបញ្ជូនកីឡាកររបស់ខ្លួន​ចូលរួម​ប្រកួតមិត្តភាព​ដែលរៀបចំ ដោយកូរ៉េខាងត្បូង ដែលនោះជា​សញ្ញានៃភាព​ត្រូវរ៉ូវគ្នាវិញ។​

ឥរិយាបថទន់ភ្លន់នេះ​ ធ្វើឲ្យឈានដល់មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន និង មេដឹកនាំ​កូរ៉េខាងត្បូង​លោក មូន ជែអ៊ីន ជួប​គ្នា​កាលពីថ្ងៃទី២៧ខែមេសា ហើយលោក គីម គ្រោងជួបលោក ត្រាំនៅថ្ងៃទី​១២ខែមិថុនា។

 

សមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង​និ​ង​អាមេរិក

តាមកាលបរិច្ឆេទ សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ត្រូវធ្វើឡើង​តាំងពីដើមឆ្នាំ ប៉ុន្តែដោយដឹងថា រាល់​ការធ្វើសមយុទ្ធនេះ​តែងតែធ្វើឲ្យកូរ៉េខាងជើង​ផ្ទុះកំហឹង ក៏ផ្អាកទៅវិញ ដើម្បីឲ្យកូរ៉េខាងជើងចូលរួមកីឡាអូឡាំពិក។​

ឥរិយាបថមួយ​ កាលពីថ្ងៃទី២០ខែមេសា លោក គីម ជុងអ៊ុន ប្រកាសឲ្យមន្ត្រី​ក្រោម​បង្គាប់​ផ្អាក​ការសាកល្បង​អាវុធគ្រប់ប្រភេទ ដើម្បីបើកផ្លូវចរចា។ ប៉ុន្តែលោក​ត្រាំ បែរជាព្រមាន​ថា នឹងដើរចេញពីការចរចា ហើយរើសយកផ្លូវសង្គ្រាម​វិញបើការចរចាមិនបាន​ផល ទន្ទឹមនឹងនោះលោក ត្រាំ នៅតែអំពាវនាវឲ្យសម្ព័ន្ធមិត្តបន្តដាក់ទណ្ឌ​កម្មលើកូរ៉េខាងជើង​ឲ្យធ្ងន់ធ្ងរបំផុតរហូតដល់កម្មវិធីអាវុធនុយក្លេអ៊ែរបស់​ប្រទេសនេះត្រូវរំលាយចោល​ជាផ្លូវ​ការ។​

នៅក្នុង​ខែ​ឧសភា ការធ្វើ​សមយុទ្ធ​រវាង​អាមេរិក​និងកូរ៉េខាងត្បូង​ ចាប់ផ្តើម​ឡើង​ ហាក់ដុតកម្តៅដល់កូរ៉េខាងជើង នាំឲ្យ​កូរ៉េខាងជើង​ចេញសេចក្តី​ថ្លែង​ការថ្កោល​ទោសជាបន្តបន្ទាប់​ រហូតដល់​ព្រមាន​ប្រើប្រាស់​កម្មវិធី​អាវុធ​នុយក្លេអ៊ែជាថ្មីទៀត។​

ឈាន​ដល់​ដំណាក់​កាលចុងក្រោយ​នៅថ្ងៃទី ២៤ខែឧសភា​ម្សិលមិញ លោក ដូណល ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ចេញសេចក្តីថ្លែង​ការណ៍មួយ​ដោយ​បញ្ជាក់ថា លោកលុបចោល​គម្រោងជួប​ជាមួយ​លោក គីម ជុង​អ៊ុន​ នៅថ្ងៃទី១២ខែមិថុនា នៅក្នុងប្រទេស​សិង្ហបុរី ដោយសារ មិនសប្បាយចិត្តជាមួយសេចក្តីថ្លែងការណ៍​របស់កូរ៉េខាងជើងជាបន្តបន្ទាប់ មួយរយៈកាលចុងក្រោយនេះ។​

ក្នុងលិខិតរបស់លោក ត្រាំ ក៏បាន​បញ្ជាក់ដែរថា គម្រោងជួបគ្នានៅក្នុងប្រទេស​សិង្ហបុរីនោះជា សំណើរបស់កូរ៉េខាងជើង ហើយថា លោកនឹងពិចារណាក្នុងការ​ជួប​នៅពេលក្រោយ ពេលស្ថានការណ៍ល្អប្រសើរឡើងវិញ។​

លោកត្រាំ ក៏បាន​ព្រមាន​ដែរថា អាមេរិក​ កូរ៉េខាងត្បូង និង ជប៉ុន​ ត្រៀមខ្លួនជាស្រេច ក្នុងការទប់ស្កាត់បើសិនជា​ កូរ៉េខាងជើងមានសកម្មភាព​ផ្ទុះអាវុធណាមួយកើតឡើង។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ