អត្ថបទព័ត៌មានថ្មីៗ

វិភាគ៖​ តើ​កម្ពុជា​មាន​វា​ស​នា​ដូច​ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា​ឬ​ទេ?

លោក Nicolás Maduro ប្រធានាធិបតីថ្មីប្រទេស វេណេហ្ស៊ូអេឡា (រូបភាព៖ បណ្ដាញសង្គម)

ការ​បោះឆ្នោ​តនៅ​​ប្រ​​ទេ​​ស​​វេ​​ណេ​ហ្សូ​​​អេឡា ដែលធ្វើឡើងកាល​ពី​ថ្ងៃទី២០ ខែឧសភាថ្មីៗនេះ ចំនួន​ពលរដ្ឋ​ចេញទៅបោះឆ្នោ​ត មាន​ត្រឹម​តែ ៤៦ភា​គរ​យប៉ុណ្ណោះ ខណៈគណបក្សប្រឆាំងធ្វើពហិកា​មិនទៅចូលរួមបោះឆ្នោត។

ការ​បោះឆ្នោ​តនៅ​​ប្រ​​ទេ​​ស​​វេ​​ណេ​ហ្សូ​​​អេឡា ដែលធ្វើឡើងកាល​ពី​ថ្ងៃទី២០ ខែឧសភាថ្មីៗនេះ ចំនួន​ពលរដ្ឋ​ចេញទៅបោះឆ្នោ​ត មាន​ត្រឹម​តែ ៤៦ភា​គរ​យប៉ុណ្ណោះ ខណៈគណបក្សប្រឆាំងធ្វើពហិកា​មិនទៅចូលរួមបោះឆ្នោត។

តែប្រធានាធិបតីនៃប្រទេសនេះ លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រកាសថា គណបក្ស​លោក​ឈ្នះឆ្នោត និង​បន្តកាន់អំណាចបន្តទៀត។

ប៉ុន្តែ ក្រោយការបោះឆ្នោតភ្លាមៗ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុម័តដាក់ទណ្ឌកម្ម​លើក្រុមហ៊ុន​ប្រទេសវេ​​ណេ​ហ្សូអេឡាចំនួន ២០ក្រុម​ហ៊ុន និងបីក្រុមហ៊ុនទៀត ប្រឈមនឹងរឹបអូសទ្រព្យសម្បត្តិ ដោយសារ​ពាក់ព័ន្ធកា​រ​រត់ព​ន្ធគ្រឿ​ងញៀ​ន​។

សហភាពអឺរ៉ុបឯណោះវិញ បានប្រកាសបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់ ១១រូប នៃរដ្ឋាភិបាលរបស់ប្រធានាធិបតី​នៃប្រ​ទេ​ស​វេ​ណេ​ហ្សូអេឡា។

សេចក្តីរាយការណ៍នានា ឲ្យដឹងថា ការប្រកាសដាក់ទណ្ឌកម្មនេះ គឺជាដំណាក់កាល​ដំបូងដែ​លជាការឆ្លើយត​​បនឹងការបោះឆ្នោ​តប្រ​ធា​នា​ធិបតី ដោយសហគមណ៍អន្តរជាតិ មិនទទួលស្គាល់ការបោះឆ្នោត ព្រោះមិនបានឆ្លើយតបនឹងឆន្ទៈ​របស់ប្រជាជននៃ​ប្រ​ទេសនោះ។

ប្រទេស​​ជ​ប៉ុនដែលបាន​គាំទ្រដំណើរការបោះឆ្នោតពីដំបូងនោះ ក៏បានប្រកាសដក​ខ្លួន​ថយ និង​​មិនទទួលស្គាល់លទ្ធផលបោះឆ្នោត របស់​លោ​ក​ នីកូឡាស់ ម៉ាឌូរ៉ូ នេះដែរ។

ស​​​​ហ​​ភា​ពអឺរ៉ុបបានទទូចឲ្យលោក ម៉ាឌូរ៉ូ រៀបចំការបោះឆ្នោតឡើងវិញ ដោយតម្រូវឲ្យ​ផ្តល់ឱកាសឲ្យមេបក្សប្រឆាំងធំៗ ដែ​ល​បា​ននិ​រទេសខ្លួន ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ។

បើគេក្រឡេកមើលរបត់នយោបាយនៅកម្ពុជាវិញ អតីតតំណាងរាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួនបាននិរទេសខ្លួនឯង​ ទៅក្រៅប្រទេស ក្រោ​​​​​​​យ​ពីតុលាការប្រកាស​រំលាយ​បក្ស​ប្រឆាំង​កាលពីចុងឆ្នាំមុន។ ចំណែកមន្ត្រីសំខាន់ៗ ១១៨រូបទៀតរបស់គណបក្សនេះ ក៏ត្រូវហាម​ឃាត់​មិនឲ្យ​​ធ្វើន​យោ​បា​​យរយៈពេ​ល ៥ឆ្នំា​​​ផងដែរ។

ចំណែកឯ គ.ជ.ប. វិញ បានបិទបញ្ចីចុះឈ្មោះគណបក្សនយោបាយសម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតអាណត្តិទី៦ នេះ កាល​ពី​ថ្ងៃ​ទី​១៤ ទាំងគ្មានឈ្មោះគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា។

បើគេពិនិត្យមើលពីលទ្ធផលបោះឆ្នោតឆ្នាំ២០១៧ គណបក្សប្រឆាំង មានអ្នកបោះ​ឆ្នោ​​ត​​គាំ​​​ទ្រ​ជា​​ង ៣លាននាក់ ប្រហាក់ប្រ​ហែ​ល​​នឹ​​ងគណបក្សកាន់អំណាចដែរ បើគេពិនិត្យទៅលើអាសនៈ ៦៨ ទល់នឹង ៥៥នោះ។

ថ្មីៗនេះទៀតសោត អតីត​មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន បានអំពាវនាវម្តងហើយម្តងទៀត កុំឲ្យព​ល​រ​​​ដ្ឋចេញទៅបោះឆ្នោត ដោយថា ការទៅបោះឆ្នោតគ្មានបក្សប្រឆាំងចូលរួម លោកថា ប្រៀបបាននឹងការ​គាំទ្ររបបដឹ​កនាំ​ផ្តា​ច់​កា​រ​ឲ្យ​​បន្តគ្រប់គ្រងអំណាច។

ប៉ុន្តែ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បាន​ហៅទង្វើរបស់លោក សម រង្ស៊ី ថា ជាការបំពា​នច្បាប់។

បើ​ដំ​ណើរការរៀបចំបោះឆ្នោតនៅកម្ពុជា ប្រហាក់ប្រហែល​នឹងប្រទេសវេណេហ្សូអេឡាដែរនោះ សំនួរសួរថា តើកម្ពុជានឹងមា​​នវាសនា​ដូ​ច​វេណេហ្សូអេឡាឬទេ?

ក្រុម​អ្នកវិភាគ បាន​បង្ហាញ​ការ​យល់ឃើញផ្សេងគ្នា​ជុំ​វិញ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​របស់​កម្ពុជា​នា​ពេល​ខាង​មុខនេះ។

មន្ត្រីឃ្លាំមើលការបោះឆ្នោតនៅអង្គការខុមហ្វ្រែល លោក កន​ សាវង្ស វិភាគ​ទាំង​ប្រ​យ័​​​ត្ន​ប្រ​យែ​​ងថា លោកមិនអាចវាយតម្លៃថា កម្ពុជានឹងត្រូវសហគមន៍អន្តរជាតិ​ដាក់ទណ្ឌកម្ម​ដូចប្រទេស​វេណូហ្សូ​​អេ​ឡា​ដែរ ឬ​ក៏យ៉ាង​ណានោះ​​ទេ​ ប៉ុន្តែ លោក​ថា លោកព្រួយ​បា​រម្ភ​ពីប​ញ្ហានេះ បើ​​ស្ថា​នការណ៍នយោបាយមិន​ប្រសើរ​ឡើង​ទេ​នោះ។

លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកស៊ើបអង្កេតនៃអង្គការខុមហ្រ្វែល
វេណេហ្សូអេឡា អ្វីដែលសហគមន៍អន្តរជាតិស្រែក មិនទាន់ដល់ថ្នាក់គេរំលាយគណបក្សផង វាគ្រាន់តែបំរាម ហើ​យ​នឹង​ស​កម្ម​ភាពផ្សេងៗ ប៉ុន្តែ ដល់យើង អតីតគណបក្សហ្នឹង មិនត្រឹមប៉ុណ្ណឹងទេ ត្រូវតុលាការកំពូលរំលាយ ហើយអាហ្នឹ​ងដែលវា​ធ្ងន់​​ជាងប្រ​​ទេសវេណូហ្សូអេឡាទៀត

លោក កន​ សាវង្ស មន្ត្រីឃ្លាំមើលការបោះឆ្នោតនៅអង្គការខុមហ្វ្រែល

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រូណា ស្មីត (Rhona Smith) កាលពី​ចុង​ខែ​មេសាកន្លង​មក​នេះ បាន​វា​យ​​តម្លៃថា ការបោះឆ្នោតណាមួយ ដែលគណបក្សប្រឆាំងដ៏ធំជាងគេត្រូវបានរារាំងមិនឲ្យចូលរួម លោកស្រីថា មិនមែនជា​ការ​បោះ​​​​ឆ្នោ​តពិ​ត​​ប្រា​កដទេ។

អ្នក​រាយការណ៍ពិសេសរូបនេះ ក៏ធ្លាប់លើកឡើងដែរថា កម្ពុជាពេលនេះបានដើរដល់ផ្លូវបំបែកមួយ ហើយថា​ កម្ពុជាគួរ​តែចា​ប់​យ​​ក​​ការអភិវឌ្ឍ ដើម្បីការពារសន្តិភាពដែលកម្ពុជាបានមកដោយលំបាក។

លោក កន សាវង្ស វិភាគទៀតថា បញ្ហារំលោភសិទ្ធិមនុស្ស បញ្ហាកែច្បាប់សម្រាប់រំលាយគណបក្ស និងរឹបអូសអាសនៈ​នៅរដ្ឋ​ស​ភា និងឃុំសង្កាត់​ ​លោក​ថា អាចជាដើមច​មសម្រាប់វា​យត​ម្លៃ​ដ​​ល់ការបោះឆ្នោតផងដែរ។

លោកថា៖ «យើងមើលសិទ្ធិនៃការចូលរួមវាបាត់របស់គេអស់រលីង ហើយក្រុមប្រឹក្សារបស់គេ ៥ពាន់នាក់ជាង បោះឆ្នោតហើយវាត្រូបាត់អស់រលីង អាហ្នឹងហើយដែលជាសិទ្ធិដែលត្រូវរំលាយដោយសារតែមនុស្សម្នាក់ ហើយមនុស្សម្នាក់ដែលជាថ្នាក់ដឹកនាំគ​​បក្សហ្នឹង មកដល់ពេលនេះអត់ទាន់មានការកាត់ទោសថា គាត់មានទោស ឬក៏អត់ផង ប៉ុន្តែ គណបក្សវាត្រូវរលាយបាត់ទៅហើ​​ ហើយសិទ្ធិចូលរួមរបស់អ្នកនយោបាយហ្នឹងវាត្រូវបិទទាំងអស់»

ប៉ុន្តែអ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា វិញ វិភាគថា កម្ពុជានឹងគ្មានវាសនាដូចប្រទេសវេណេហ្សូអេឡាទេ ដោយថា ទី១ បក្សកា​ន់​អំ​ណា​ចនៅកម្ពុជាអាចមានអ្នកគាំទ្រច្រើនជាង ៣លាននាក់ និងម៉្យាង​វិញទៀត ​ប​ក្ស​កា​ន់​​អំណាចពេល​នេះហាក់បាន​ទប់ស្លា​ត់ប​ក្ស​ប្រឆាំង មិនឲ្យធ្វើសកម្មភាពអ្វីបានទាំងអស់នៅក្នុងស្រុក ខុសពី​ប្រទេ​ស​​វេណេហ្សូអេឡា។

លោក ឯម សុវណ្ណារ៉ា អ្នកស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា ថ្លែង​ប្រាប់​អ្នកកាសែត នា​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥។ (RFA)
កម្លាំងនយោបាយខាងគណបក្សកាន់អំណាច គេនៅគ្រប់គ្រងបានរឹងមាំ ហើយមានវិសាលភាពធំធេង ហើយមួយទៀ​ត​តម្លៃនយោបាយ ថ្វីត្បិតតែគេធ្លាក់បន្តិចមែន ទៅលើការវាយតម្លៃលើការដឹកនាំហ្នឹងថា បាត់ការជឿជាក់របស់​ពលរដ្ឋជា​ង ៣លាន​នាក់​​ ប៉ុន្តែ សម្រាប់គូបដិបក្ខដែលមកប្រកួតយកវិញវាអត់មាន។ គណបក្សសង្គ្រោះជាតិ ដែលប្រជាពលរដ្ឋឲ្យហ្នឹង គឺរលាយបាត់ អ​ញ្ចឹ​​ងវាអត់​មានគូប្រជែង អញ្ចឹងទិដ្ឋភាពហ្នឹង គណបក្សកាន់អំណាចគេនៅរក្សាបានច្រើន

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយ

យ៉ាងណាក៏ដោយ អ្នកវិភាគថា បក្សកាន់អំណាចនៅកម្ពុជា អាចនឹងរងការដាក់ទណ្ឌកម្ម​ពីសហគមន៍អន្ត​រជាតិ​ពីប្រទេសលោ​ក​សេ​រី ក្រោយកា​របោះ​​ឆ្នោត ប៉ុន្តែថា ផលប៉ះពាល់នោះ មិនធ្ងន់ធ្ងរដូចបក្សកាន់អំណាចនៅវេណេហ្សូអេឡាទេ ហើយថា​ រដ្ឋា​ភិបា​ល​​​ថ្មី​​ អាចនឹងស្រាយចំណងនេះ ក្រោយពីក្តាប់អំណាចពេញដៃ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

[wpc-weather id="75954"/]