ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសស្តីពីលក្ខខណ្ឌការងារសម្រាប់កម្មករការងារផ្ទះ ដោយតម្រូវឲ្យមានធ្វើកិច្ចសន្យាការងារជាលាយលក្ខណ៍អក្សរ។
ក្នុងប្រការ៧នៃប្រកាសដែលមាន១៥ប្រការចេញផ្សាយដោយក្រសួងការងារកាលពីម្សិលមិញនេះបានបញ្ជាក់ថា៖
⇒ប្រកាស ស្ដីពីលក្ខខណ្ឌការងារសម្រាប់កម្មករការងារផ្ទះ
ប្រការ៧នេះក៏តម្រូវឲ្យកំណត់ឲ្យបានច្បាស់ក្នុងកិច្ចសន្យាអំពីលក្ខខណ្ឌមួយចំនួនដូចជា ឈ្មោះនិងអាសយដ្ឋានរបស់ម្ចាស់ផ្ទះនិងអ្នកធ្វើការ កន្លែងធ្វើការ ពេលវេលាចាប់ផ្តើមនិងម៉ោងធ្វើការ ប្រភេទការងារ ប្រាក់ឈ្នួល និងថ្ងៃឈប់សម្រាកជាដើម។
បើតាមប្រកាសដដែល នៅក្នុងប្រការផ្សេងទៀត ក្រសូងក៏តម្រូវឲ្យនិយោជក ឬម្ចាស់ផ្ទះ ទទួលខុសត្រូវលើគ្រោះថ្នាក់ការងារទាំងអស់ និងរបបសន្តិសុខសង្គម សម្រាប់អ្នកធ្វើការតាមផ្ទះឲ្យដូចកម្មករនិយោជិត ផ្សេងៗទៀតផងដែរ។
ប្រធានបណ្តាញអ្នកធ្វើការតាមផ្ទះកម្ពុជា នៃសមាគមIDEA អ្នកស្រី វុន សម្ផស្ស ដែលចូលរួមតស៊ូមតិជាច្រើនឆ្នាំឲ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិលេខ១៨៩ ស្ដីពីការងារសមរម្យសម្រាប់អ្នកបម្រើការងារតាមផ្ទះរបស់អង្គការពលកម្មអន្តរជាតិ សម្តែងការត្រេកអរចំពោះប្រកាសនេះ ប៉ុន្តែអ្នកស្រីនៅតែបារម្ភពីការអនុវត្ត និងសង្ឃឹមថាម្ចាស់ផ្ទះមានការសហការល្អ។
អ្នកស្រី វុន សម្ផស្ស ប្រធានបណ្តាញអ្នកធ្វើការតាមផ្ទះកម្ពុជា នៃសមាគមIDEA
អ្នកស្រីបន្ថែមថា អ្នកស្រីចង់ឲ្យក្រសួងនិយាយឲ្យបានច្បាស់លាស់ពីប្រាក់ខែគោលរបស់អ្នកធ្វើការងារតាមផ្ទះដូចកម្មកររោងចក្រដែរ។
ក្រសួងក៏បានពន្យល់ពីការងារផ្ទះថា សំដៅលើការងារក្នុងគ្រួសារ ដូចជា បោសសំអាត ចំអិនអាហារ បោកគក់ អ៊ុតខោអាវ មើលថែក្មេងនិងមនុស្សចាស់ ថែសួន បើករថយន្ត និងថែទាំសត្វចិញ្ចឹមជាដើម។ ក្រសួងក៏អនុញ្ញាតឲ្យក្មេងអាយុចាប់ពី១៥ដល់១៨ឆ្នាំធ្វើការនេះបានផងដែរ ប៉ុន្តែជាការងារផ្ទះដែល ស្រាលៗ។
សេចក្តីប្រកាសនេះធ្វើឡើងចំពេលដែលមានសេចក្តីរាយការណ៍ពីការវាយធ្វើបាបក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ ពីម្ចាស់ផ្ទះ ដែលនាងធ្វើការជាមួយរយៈពេល៤ឆ្នាំ។
តាមរបាយការណ៍ស្រាវជ្រាវរបស់ លោក កែម ឡី កាលពីឆ្នាំ២០១២ ដែលអ្នកស្រី វុន សម្ផស្សបានបញ្ជាក់ប្រាប់ ចំនួនកម្មករដែលមប្រើការងារតាមផ្ទះនៅកម្ពុជាមានចំនួនជាង២៥ម៉ឺននាក់។
ប្រកាស ស្ដីពីកលក្ខខណ្ឌការងារសម្រាប់កម្មករការងារផ្ទះ
https://bit.ly/2J2G8I4
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ