ប្រទេសកម្ពុជាបច្ចុប្បន្នត្រូវបានសហគមន៍ជាតិ និង អន្តរជាតិមួយចំនួនរិះគន់ពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ។ បញ្ហាសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសេរីភាពក្នុងការបញ្ចេញមតិជាដើមបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុង រយៈពេលពីរឆ្នាំចុងក្រោយនេះ។
អតីតប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខាត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងយប់រំលងអធ្រាតកាលពីខែកញ្ញាឆ្នាំមុនក្រោមបទក្បត់ជាតិ។ ការចាប់ខ្លួននេះត្រួវបានមតិជាតិនិងអន្តរជាតិបានថ្កោលទោសជាច្រើនហើយមានអំពាវនាវជាបន្តបន្ទាប់់ឲ្យមានការដោះលែងលោកកឹម សុខា។ រយៈពេល២ខែក្រោយមក អតីតគណបក្សសង្រ្គោះជាតិរបស់លោកត្រូវបានរំលាយដោយតុលាការ ហើយអតីតសមាជិកគណបក្សនេះចំនួន១១៨នាក់ត្រូវបានតុលាការសម្រេចហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ សាលក្រមរបស់តុលាការបែបនេះ បានធ្វើឲ្យអតីតគណបក្សប្រឆាំងដ៏ធំមួយនេះ មិនអាចចូលរួមការបោះឆ្នោតថ្ងៃទី២៩ខែកក្កដាខាងមុខបានទេ។
ដោយឡែកចាប់តាំងពីឆ្នាំ២០១៧មក ស្ថានីយ៍វិទ្យុផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរីនិងវីអូអេជាង៣០ស្ថានីយ៍ត្រូវបានបិទ។ ការសែតជាភាសាអង់គ្លេសឌឹឃេមបូឌាដេលីត្រូវបានបិទទ្វារដោយសារមិនមែនលទ្ធភាពបង់ពន្ធជាច្រើនលានដុល្លា។ ក្រៅពីនេះអតីតអ្នកសារព័ត៌មានពីររូបរបស់វិទ្យុអាស៊ីសេរីក៏ត្រូវបានចាប់ខ្លួនផងដែរកាលពីចុងឆ្នាំមុន ដោយសមត្ថកិច្ចកម្ពុជាចោទប្រកាន់ថាពួកគេលួចផ្ដល់ព័ត៌មានទៅបរទេស។
ស្ថានការណ៍ទាំងនេះបានធ្វើឲ្យប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ បានសម្ដែងនូវការព្រួយបារម្ភជាខ្លាំងរហួតដល់ប្រទេសមួយចំនួនព្រមានពីវិធានការណ៍នានាថាអាចនឹងធ្វើជាមួយរដ្ឋាភិបាលសកម្ពុជាប្រសិនបើស្ថានការណ៍នេះមិនធូរស្រាលនោះទេ។
ដោយឡែកសហគមអឺរ៉ុប នឹងបញ្ជូនប្រតិភូរបស់ខ្លួនមកប្រទេសកម្ពុជានៅដើមខែក្រោយនេះដើម្បីសិក្សាពីភាពជាក់ស្ដែងនៃស្ថានភាពសិទ្ធិមនុស្សនិងការអនុវត្តសិទ្ធិនិងសេរីភាពនានារបស់ប្រជាជនកម្ពុជាមានជាអាទិ៍សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិនិងសេរីភាពសាពត័មានជាដើម។ ប្រសិនបើគណប្រតិភូទាំងនោះរកឃើញថាកម្ពុជាពិតជាបានរំលោភនូវសិទ្ធិទាំងនោះមែន សហគមន៍អឺរ៉ុបនឹងពិនិត្យឡើងវិញពីប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធ(EBA) ដែលសហគមន៍ នេះបានផ្ដល់ឲ្យកម្ពុជា។
ហេតុអ្វីកម្ពុជាត្រូវតែរក្សាឲ្យបាននូវប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកតែអាវុធហៅកាត់ថា(EBA)នេះ?
ប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធហៅកាត់ថា (EBA) អនុញ្ញាតឲ្យប្រទេសកំពុងអភិវឌ្ឍន៍តិចតួចរួមមាន ទាំងកម្ពុជាផងដែរនោះ នាំចូលទំនិញគ្រប់ប្រភេទចូលសហគមន៍អឺរ៉ុបដោយមិនគិតពន្ធលើកលែងតែទំនិញនោះជាអាវុធ។
តាមរបាយការណ៍របស់គណកម្មការអឺរ៉ុបដែលចេញផ្សាយកាលពីខែមេសាកន្លងទៅ ប្រទេសកម្ពុជាបាននាំចេញទំនិញទៅសហគមន៍អឺរ៉ុបក្នុងឆ្នាំ២០១៧មានទំហំជាសាច់ប្រាក់ជាង៥ពាន់លានដុល្លា។ ទំនិញដែលកម្ពុជានាំចេញទៅសហគមន៍អឺរ៉ុបភាគច្រើនគឺផលិតផលវាយនភណ្ឌនិងកសិកម្ម។
អ្នកជំនាញសេដ្ឋកិច្ច លោកង៉ែត ជូ ថាប្រសិនបើសហគមន៍អឺរ៉ុបផ្អាកប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធ(EBA)អ្នកដែលទទួលផលប៉ះពាល់ខ្លាំងជាងគេគឺក្រុមកម្មករកម្មការិនីជាង៨០ម៉ឺននាក់ដែលកំពុងធ្វើការក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ព្រោះសហគមន៍អឺរ៉ុបជាទៅទីផ្សារសម្លៀកបំពាក់ដ៏ធំសម្រាប់កម្ពុជា។ លោកថាចំពោះទីផ្សារកសិកម្មក៏ប៉ះពាល់ដែរ ប៉ុន្តែកម្ពុជាអាចនាំចេញទៅប្រទេសផ្សេងបាន។
លោកលើកឡើងយ៉ាងដូច្នេះថា៖«មែនទែនទៅបើយើង ប្រៀបធៀបវិស័យពីរហ្នឹងស្រូវអង្ករអាចមានច្រកចេញ ច្រើនជាងវិស័យកាត់ដេរ ។ វិស័យកាត់ដេរហ្នឹង[…] យើងបច្ចុប្បន្នមានតែនាំទៅសហគមន៍អឺរ៉ុបនិងអាមេរិក។ ស្រូវអង្ករយើងនាំចេញទៅអាព្រិច នាំទៅចិនអញ្ចឹងទៅវាមិនធ្ងន់ធ្ងរដូចវិស័យកាត់ដេរទេ។»
លោកង៉ែត ជូ វិភាគបន្តថាប្រសិនបើសហគមន៍អឺរ៉ុបផ្អាកប្រព័ន្ធអនុគ្រោះពន្ធនេះមែន អ្នកវិនិយោគក្នុងវិស័យកាត់ដេរមួយចំនួន អាចនឹងដកចេញពីកម្ពុជា ហើយអ្នកដែលមានបំណងចង់មកចូលវិនិយោគក្នុងវិស័យនេះ ក៏មិនរំពឹងថានឹងមកបន្ថែមដែរ។
អ្នកវិភាគគោលនយោបាយនិងជាសាស្ត្រាចារ្យជំនាញកាទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental នៅទីក្រុងឡូសអែនជឺលែសហរដ្ឋអាមេរិក លោក អៀ សុផល យល់ថាបើសហគមន៍អឺរ៉ុបផ្អាកប្រព័ន្ធអនុគ្រោះពន្ធនេះមែនវាជាគ្រោះមហន្តរាយមួយដ៏ធំសម្រាប់កម្មករកម្ពុជាហើយជារឿងដ៏គួរឲ្យខ្លាចសម្រាប់រដ្ឋាភិបាលកម្ពុជាផងដែរ។
លោកបានលើកឡើងបន្តថាប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធហៅកាត់ថា(EBA)នេះជាអំណោយមួយដ៏ ពិសេសដែលសហគមន៍អឺរ៉ុបបានផ្ដល់ឲ្យកម្ពុជា។
លោកសាស្រ្តចារ្យរូបនេះបានសង្កត់ធ្ងន់ថា៖«ប្រទេសកម្ពុជា ត្រូវបានសហគមន៍អឺរ៉ុបផ្ដល់នូវអំណោយមួយដែលប្រៀបបាននឹងមេក្ងានមាសដែលពងចេញមកក៏មាសដែរ។ ប៉ុន្តពេលនេះអាជ្ញាធរកម្ពុជាកំពុងសម្លាប់ប្រជាធិបតេយ្យ ក៏មានន័យថា ពួកគេសម្លាប់មេក្ងានមាសដែរ។ នៅពេលដែលមេក្ងានមាសស្លាប់ ក៏គ្មានពងក្ងានមាសសម្រាប់កម្ពុជាទៀតដែរ។»
ទោះជាយ៉ាងណាក៏ដោយទាំងលោកង៉ែត ជូ និងលោកសាស្រ្តាចារ្យអៀ សុផល យល់ថាកម្ពុជានៅតែអាចគេចផុតពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធហៅកាត់ថា(EBA)របស់សហគមន៍អឺរ៉ុបនេះ ប្រសិនណាកម្ពុជាបំពេញលក្ខខណ្ឌមួយចំនួនដែលសហគមន៍នេះចង់បាន។
លោកង៉ែត ជូ បានលើកឡើងយ៉ាងនេះថា៖«ខ្ញុំគិតថាមានតែការចចារជាមួយសហគមន៍អឺរ៉ុបទៅ ហើយយើងព្យាយាមបំពេញលក្ខខណ្ឌដែលគេចង់បាន ព្រោះអីគេធ្វើក្នុងន័យមួយជួយសេដ្ឋកិច្ចកម្ពុជា។ បើយើងមិនមានការបន្ទន់ឥរិយាបថឆ្លើយតបតាមអ្វីដែលគេចង់បាន អាហ្នឹងជាការលំបាកដែរ។»
ចំណែក លោកសាស្រ្តចារ្យអៀ សុផល យល់ថាដើម្បីរក្សាឲ្យបាននូវប្រព័ន្ធអនុគ្រោះពន្ធនេះហើយជៀសវៀងការព្យួរណាមួយពីសហគមន៍អឺរ៉ុប រដ្ឋាភិបាលកម្ពុជាគួរតែធ្វើឲ្យប្រសើរឡើងវិញនូវស្ថានភាពលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាដោយដោះលែងលោកកឹម សុខា អនុញ្ញាតឲ្យលោកសមរង្ស៊ីត្រលប់ចូលកម្ពុជាវិញ កុំរំលាយគណបក្សសង្រ្គោះជាតិ និងពន្យារពេលការបោះឆ្នោត។