រដ្ឋាភិបាលរបស់លោកឌូតឺតេ មិនដែលមើលរំលងទេរឿងជម្លោះដែនសមុទ្រជាមួយចិន

លោក រ៉ូឌ្រីហ្គោ រ៉ូ ឌូតឺតេ និងលោក ស៊ី ជិនពីង (រូបភាព៖ វេបសាយបរទេស)

ទំនងទំនងរវាងហ្វីលីពីននិងចិនត្រូវបានគេមើលឃើញមិនសូវជាល្អនឹងគ្នាប៉ុន្មានទេក្នុងអាណត្តិប្រធាធិបតី បេនីញ៉ូ អាគី ណូទី៣ (Benigno Aquino III) ក៏ដូចអាណត្តិប្រធានាធិបតីដែលកាន់ដំណែងមុនៗលោក។

អតីតប្រធានាធិបតីទាំងនោះ ភាគច្រើនត្រូវបានគេមើលថាជាសម្ព័ន្ធមិត្តដ៏ជិតស្និតរបស់សហរដ្ឋអាមេរិក ខណៈដែលទំនាក់ទំនងជាមួយចិននៅពេលនោះត្រូវបានគេមើលឃើញថាមានភាពល្អក់កករដោយសារតែជម្លោះជុំវិញប្រជុំកោះស្រ្ពាតលី (Spratly Islands) និងប្រជុំកោះប៉ារ៉ាសែល(Paracel Islands) រហូតដល់មានការប្ដឹងផ្ដល់គ្នាទៅតុលាការអចិន្ត្រៃយ៍អាជ្ញាកណ្តាលដែលមានមូលដ្ឋាននៅក្រុងឡាអេ ប្រទសហូឡង់ នៅឆ្នាំ២០១៣។

ប៉ុន្តែទំព័រសករាជថ្មីមួយបានកើតឡើងក្នុងទំនាក់ទំនងរវាងហ្វីលីពីននិងចិន នៅពេលដែលលោក រ៉ូឌ្រីហ្គោ រ៉ូ ឌូតឺតេ ដែលជាប្រធាធិបតី​ទី១៦របស់ហ្វីលីពីនឡើងកាន់អំណាចបន្ទាប់ពីលោក បេនីញ៉ូ អាគី ណូទី៣ ផុតអាណត្តិទៅនៅឆ្នាំ២០១៦។ លោក ឌូតឺតេ បានប្រែក្លាយទំនាក់ទំនងដែលធ្លាប់តែល្អក់កករជាមួយចិនឲ្យមានភាពប្រសើរឡើងវិញ ខណៈដែលទំនាក់ទំនងរវាងប្រទសនេះជាមួយអាមេរិកហាក់មិនសូវជាល្អប៉ុន្មានដូចពេលមុនទេ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ឌឺឌីប្លូមែត ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីខែមេសាកន្លងទៅ លោក ឌូតឺតេ រហូតដល់ហ៊ាននិយាយថាហ្វីលីពីនសុខចិត្តមើលរំលងពីបញ្ហាជម្លោះសមុទ្រចិនខាងត្បូងជាមួយចិនដើម្បីទទួលបានមកវិញនូវការគាំទ្រផ្នែកសេដ្ឋកិច្ច។ នៅពេលនោះចិនបានផ្ដល់ហិរញ្ញប្បទានចំនួន ៧៣លានដុល្លារដល់ហ្វីលីពីន ហើយក្រុមហ៊ុនចិនជាច្រើនបានចុះហត្ថលេខាមកធ្វើវិនិយោគក្នុងប្រទេសហ្វីលីពីនដែលមានតម្លៃជាទឹកប្រាក់រហូតដល់ជាង៩ពាន់លានដុល្លារ។

ទោះជាមានការបញ្ជាក់ពីប្រធានាធិបតីហ្វីលីពីនថាខ្លួនអាចមើលរំលងពីបញ្ហាសមុទ្រចិនខាងត្បូងជាមួយចិនយ៉ាងណាក៏ដោយ ក៏ភាពជាក់ស្ដែងមិនដូចអ្វីដែលលោកឌូតឺតេបានបញ្ជាក់ប្រាប់ភាគីចិននោះទេ។

រដ្ឋាភិបាលរបស់លោក ឌូតឺតេ ធ្លាប់បានបញ្ជាក់ប្រាប់ប្រជាជនហ្វីលីពីនកាលពីឆ្នាំ២០១៧កន្លងទៅថា ពួកគេមិនបំភ្លេចចោលទេរឿងជំលោះដែនសមុទ្រជាមួយចិន តែរដ្ឋាភិបាលហ្វីលីពីន កំពុងប្រើយុទ្ធសាស្ត្រទន់ភ្លន់ជាមួយប្រទេសចិនដើម្បីដោះស្រាយបញ្ហានេះ។ រដ្ឋាភិបាលរបស់ប្រទេសហ្វីលីពីនពេលនោះ ក៏បានបញ្ជាក់ផងដែរថា ពួកគេចង់ដោះស្រាយនេះ ជាពហុភាគីជាជាងការដោះស្រាយបញ្ហានេះជាទ្វេរភាគីដែលមានតែចិននិងហ្វីលីពីន។

ផែនទីសមុទ្រចិនខាងត្បូង (រូបភាព៖ CNN)

នៅពាក់កណ្ដាលខែឧសភានេះហ្វីលីពីនបានចាប់ផ្ដើមកសាងឡើងវិញនូវផ្លូវយន្តហោះនៅលើកោះ ធីទូ ដែលជាកោះមួយស្ថិតក្នុងប្រជុំកោះស្រ្ពាតលី(Spratly Islands)។ តាមការចុះផ្សាយរបស់សារព័ត៌មាន ស្ត្រេតថាម(Staitstimes)ដែលចេញផ្សាយកាលពីម្សិលមិញ លោក Alan Cayetano រដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីនបានលើកយក សម្តី របស់ប្រធានាធិបតីឌូតឺតេថា ប្រសិនបើកងទ័ពហ្វីពីនត្រូវបានគេធ្វើបាបមែន នោះហើយជាបន្ទាត់ក្រហមរបស់លោក។ លោកបន្តថាហ្វីលីពីនចង់ឲ្យមានការជជែកគ្នា ប៉ុន្តែសង្រ្គាមអាចនឹងកើតឡើងដែរក្នុងកាលៈទេសៈណាមួយនោះ។

ទំនាក់ទំនងរវាងហ្វីលីពីនហាក់មានភាពតានតឹងឡើងវិញក្រោយប្រទេសចិនក្នុងរយៈពេលចុងក្រោយនេះបានកសាងមូលដ្ឋានយោធានៅប្រជុំកោះដែលមានជម្លោះ ហើយប្រជានេសាទរបស់ហ្វីលីពីនមួយចំនួនត្រូវភាគីចិនធ្វើទុកបុកម្នេញនៅពេលដែលពួកគេនេសាទនៅប្រជុំកោះមានជម្លោះ។

ប្រជុំកោះស្រ្ពាតលី(Spratly Islands) និងប្រជុំកោះប៉ារ៉ាសែល(Paracel Islands)នៅសមុទ្រចិនខាងត្បូងជាតំបន់ដែលសម្បូរដោយធនធានធម្មជាតិរួមមានប្រេងកាត និងធនធានសមុទ្រជាច្រើនផ្សេងទៀត។ ប្រទេសព្រុយណេ ចិន តៃវ៉ាន់ ម៉ាលេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាមសុទ្ធតែអះអាងពីភាពជាម្ចាស់នៃចំណែកណាមួយនៃប្រជុំកោះទាំងនោះ។ ប៉ុន្តែភាគីចិនហាក់មានប្រៀបជាងប្រទេសដទៃទៀត ដោយសារតែប្រទេសនេះជាប្រទេសមហាអំណាចយោធាហើយប្រទេសនេះបានបញ្ជូនជាបន្តបន្ទាប់នូវកងទ័ពជើងទឹករបស់ខ្លួនមកបោះទីតាំងយោធានៅតំបន់ដែលមានជម្លោះទាំងនោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ