របាយការណ៍​អន្តរជាតិ៖ វៀត​ណាម​នៅ​តែ​ជាអ្នក​លួចកាប់​ព្រៃ​ការ​ពារ​របស់​កម្ពុជា

កំណាត់ឈើដឹកចេញពីកម្ពុជា នៅបរិវេណរបស់ក្រុមហ៊ុន សឺនដុង (Son Dong) ខេត្តជៀឡៃ (Gia Lai) ប្រទេសវៀតណាម ខែមីនា ឆ្នាំ២០១៧។ (ប្រភព៖ EIA)

របាយការណ៍​របស់​អង្គការ​​បរិស្ថានមួយ​​ បង្ហាញថាកា​រកាប់​ឈើ​ខុស​ច្បាប់​ដឹក​ជញ្ជូនពី​ឧទ្យាន​ជាតិ​នានា​នៅ​កម្ពុជា​ទៅ​ប្រទេស​វៀត​ណាម​នៅតែ​បន្ត​កើត​មាន ដោយគ្មាន​ការ​អនុវត្តច្បាប់​ពី​អាជ្ញា​ធរ​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានចេញ​ផ្សាយ​ថ្ងៃ​ទី​៣១ ឧសភានេះ ​ទីភ្នាក់​ងារ​ស៊ើប​អង្កេត​បរិស្ថាន​ហៅ​កាត់ថា EIA ដែល​មាន​ទីស្នាក់​ការ​នៅ​ទី​ក្រុង​ឡុងដ៏ប្រទេស​អង់​គ្លេស​ ដោយ​ដាក់​ចំណង​ជើង​ធំៗ​ថា វៀតណាម​នៅ​តែ​ជា​អ្នក​លួចឈើនៅតំបន់ការពារ​​របស់​ប្រទេស​កម្ពុជា។​

ក្នុង​របាយការណ៍​​ដែល EIA ភ្ជាប់​មក​ចំនួន​១៥​ទំព័រ​ដែល​និយាយ​ពីការ​កាប់​បំផ្លាញព្រៃ​ឈើ​ក្នុង​តំបន់​ចំនួន​៣ ដែល​មាន​ខ្លះ​ត្រូវ​បាន​ការ​ពារ​ដោយអនុក្រឹត្យ​ផង​នោះ គឺ​ «ឧទ្យាន​ជាតិ​វីរៈជ័យ» ក្នុងខេត្តរតនៈគីរី «ទំនប់​សេសាន​ក្រោម​២» ស្ថិត​ក្នុង​ខេត្តស្ទឹង​ត្រែង និង​ «ជំរក​សត្វ​ព្រៃ​ភ្នំព្រិច» ស្ថិត​ក្នុង​ខេត្ត​មណ្ឌល​គីរី កំពុង​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​សំណាក់ក្រុម​ហ៊ុន និង​ឈ្មួញ​វៀត​ណាម​ និង​ទទួល​បាន​ការការ​ពារ​ដោយ​កម្លាំង​អាជ្ញាធរ​កម្ពុជា។

EIA បាន​គណនា​ទំហំ​ព្រៃ​ឈើ​ដែល​ត្រូវ​បាន​កាប់បំផ្លាញ​ទៅ​វៀត​ណាម​នៅ​ចន្លោះ​ពី​ខែ​តុលា​ឆ្នាំ​២០១៧ ដល់​ខែមីនា​២០១៨ ថា​មាន​ទំ​ហំ​ប្រមាណ ១ ១៥៥ ០០០ ម៉ែត្រ​គូប (មួយ​លាន​មួយ​សែន​ប្រាំម៉ឺន​ប្រាំ​ពាន់ម៉ែត្រ​គូប) ។

វៀត​ណាម​មាន​ប្រវត្តិ​សាស្ត្រ​ជា​យូរ​មក​ហើយក្នុង​ការ​លួច​កាប់​ឈើ​ប្រទេស​ជិត​ខាង​ខ្លួន។ នៅ​កម្ពុជា ក្រុម​ហ៊ុន​វៀត​ណាមអាច​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​នៅតំបន់​ឧទ្យាន​ជាតិ ដោយ​បង់​លុយ​ដល់​មន្ត្រី​ប៉ូលីស​ព្រំ​ដែន និង​អនុរក្សព្រៃ​ឈើ ជា​ថ្នូរ​នឹង​ការការ​ពារ​ពីការ​ឃ្លាំ​មើល

លោក​ ចាហ្គូ វេតលី សកម្ម​ជន​ព្រៃ​ឈើ​ជាន់​ខ្ពស់នៃ EIA បាន​លើក​ឡើង​ក្នុងសេចក្តី​ប្រកាសព័ត៌មាន

នៅរសៀលនេះ វីអូឌីបានព្យាយាមទាក់ទងតាមទូរសព្ទសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាព ជុំវិញបញ្ហានេះ ប៉ុន្តែពុំមានការឆ្លើយតបពីលោកនោះទេ។

កាលពីដើមឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជា តាមការបង្គាប់របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ​​បានសម្រេចបង្កើ​ត​គណៈកម្មា​ធិការ​ចំរុះ​មួយ ដែលដឹកនាំដោយមេបញ្ជាការកងរាជអាវុធហត្ថជាតិ លោក ​​​សៅ សុខា ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងការរត់​ពន្ធឈើ​ខុសច្បាប់ទាំងអស់ទៅវៀតណាម។ កាលពីពេលនោះ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាទៅលោក សៅ សុខា បាញ់គ្រាប់រ៉ុកកែតពីលើឧទ្ធម្ភាគចក្រ នៅកាន់អ្នកលួចកាប់ឈើផងដែរ។

ភ្លាមៗនោះ នៅពាក់កណ្តាលខែមករាឆ្នាំ២០១៦ រដ្ឋាភិបាកម្ពុជា បានប្រកាសថា ខ្លួនបានលុបបំបាត់​ការកាប់​ឈើខុស​ច្បាប់​ទូទាំង​ប្រទេស ហើយក៏គ្មានការនាំឈើពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាមទេ។

ទោះ​ជា​យ៉ាង​ណាក្នុង​របាយការណ៍​របស់ EIA កាលពីឆ្នាំ​២០១៧ ឲ្យ​ដឹងថានៅចន្លោះខែវិច្ឆិកាឆ្នាំ២០១៦ ដល់ខែមិនា ឆ្នាំ​២០១៧ ទំហំឈើប្រមាណ៣០ម៉ឺនមែត្រគូប ត្រូវបានលួចលាក់នាំចេញ និងធ្វើឲ្យស្របច្បាប់​ពីប្រទេស​កម្ពុជា​ទៅវៀត​ណាម​បើ​ទោះ​ជា​កម្ពុជា​មាន​វិធាន​ការ​ហាម​ឃាត់​ក៏​ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ