អ្នកប្តូរយេនឌ័រចង់បានអត្តសញ្ញាណបណ្ណបញ្ជាក់ភេទថ្មីរបស់ខ្លួនសម្រាប់រកការងារធ្វើ

កិច្ចសន្ទនាអំពីគោលនយោបាយសាធារណៈលើកកម្ពស់សិទ្ធិរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរយេនឌ័រ នៅភ្នំពេញ ថ្ងៃទី ៣១ ឧសភា ២០១៨ (រូបភាព៖ ថតដោយ ហួត វុទ្ធី)

ក្រុមអ្នកប្តូរយេនឌ័រ ឬអ្នកដែលប្តូររូបរាងខាងក្រៅផ្សេងពីភេទកំណើតរបស់ខ្លួន ចង់បានអត្តសញ្ញាណបណ្ណបញ្ជាក់ពីភេទបច្ចុប្បន្ន ដោយថា ខ្លួនត្រូវបានរើសអើងនៅពេលស្វែងរកការងារធ្វើ។

ក្រុមអ្នកប្តូរយេនឌ័រ ឬអ្នកដែលប្តូររូបរាងខាងក្រៅផ្សេងពីភេទកំណើតរបស់ខ្លួន ចង់បានអត្តសញ្ញាណបណ្ណបញ្ជាក់ពីភេទបច្ចុប្បន្ន ដោយថា ខ្លួនត្រូវបានរើសអើងនៅពេលស្វែងរកការងារធ្វើ។

ថ្លែងក្នុងកិច្ចសន្ទនាអំពីគោលនយោបាយសាធារណៈលើកកម្ពស់សិទ្ធិរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរយេនឌ័រ នៅភ្នំពេញព្រឹកនេះ អ្នកប្តូរយេនឌ័រមកពីខេត្តព្រះសីហនុ លោក សុខ ស្រីរ័ត្ន ឲ្យដឹងថា ខ្លួនមិនអាចរកការងារធ្វើបានទេ ដោយសារក្រុមហ៊ុនឃើញរូបរាងខុសពីភេទក្នុងអត្តសញ្ញាណបណ្ណ។

ខ្ញុំកែប្រែខ្លួនខ្ញុំទៅជាមនុស្សប្រុសវិញ ហើយអត្តសញ្ញាបណ្ណជាមនុស្សស្រី។ ដល់ពេលខ្ញុំដាក់ពាក្យទៅ ប្រហែលគេឃើញខ្ញុំ និងរូបរាងរបស់ខ្ញុំ! វាស្ងាត់! គ្រាន់តែគេហៅជួបមួយភ្លែត ម៉ោងការងារអីគេអត់ហៅទៅជួបទៀត។ ចឹងមានន័យថាប្រហែលជាគេឃើញរូបរបស់យើងវាអត់ដូចក្នុងអត្តសញ្ញាណបណ្ណ ចឹងគេរើសអើង គេអត់ត្រូវការចឹងទៅ

លោក សុខ ស្រីរ័ត្ន អ្នកប្តូរយេនឌ័រមកពីខេត្តព្រះសីហនុ

លោក រ័ត្ន ដែលភេទកំណើតជាស្រី បញ្ជាក់ប្រាប់ពីស្ថានភាពថា សព្វថ្ងៃខ្លួនកំពុងតែប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនឯង និងចូលរួមជាមួយសហគមន៍មួយដើម្បីតស៊ូមតិកុំឲ្យមានការរើសរើងអ្នកស្រឡាញ់ភេទដូចគ្នា។

អ្នកប្តូរយេនឌ័រមកពីខេត្តសៀមរាប កញ្ញា រ៉ាដា ដែលមានភេទកំណើតជាប្រុសនិយាយបន្ថែមពីករណីនេះថា ខ្លូនចង់បានអត្តសញ្ញាបណ្ណបញ្ជាក់ភេទដែលខ្លួនចង់បាន និងថាធ្វើឲ្យងាយស្រួលដល់ក្រុមហ៊ុនក្នុងការជ្រើសរើសបុគ្គលិក។

ខ្ញុំចង់បានអ្វីដែលបញ្ជាក់ថាខ្លួនយើងគឺជាយើង។ ភាគច្រើនស្ថាប័នមួយចំនួនគាត់អត់ចង់ទទួលយកបុគ្គលិកដែលអត្តសញ្ញាណបណ្ណជាមនុស្សប្រុស ប៉ុន្តែការតុបតែងខ្លួនជាមនុស្សស្រី។ ពីរឿងនេះវាខុសគ្នាមែន! វាផ្ទុយគ្នា គេពិបាកទទួលយកដែរ ដូច្នេះបើសិនជាអាចអ្នកបំលែងភេទពេញលេញ អ្នកដែលតែងខ្លួនជាស្រីពេញលេញ បើមានអត្តសញ្ញាណបណ្ណ ឬគេទទួលស្គាល់ជាភេទស្រីដូចគាត់ចង់បាន ខ្ញុំគិតថាអាចល្អ

កញ្ញា រ៉ាដា អ្នកប្តូរយេនឌ័រមកពីខេត្តសៀមរាប

អនុប្រធាននាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម នៃក្រសូងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ជុំ មុំ មានប្រសាសន៍ថា ករណីនេះក្រសួងមិនមានច្បាប់ជួយដូចជនពិការទេ ប៉ុន្តែនិងជំរុញរកការងារជូន។

លោក ជុំ មុំ ៖ «ប្អូនៗភេទជាទីបីប្អូនអត់មានពិការផង អត់មានលិខិតបញ្ជាក់ពីគ្រូពេទ្យណាមួយថាជាជនពិការទេ។ ចឹងក្រសួងការងារផ្តល់ឱកាសជូន! អំពាវនាវម្តងទៀត ប្អូនៗភេទទីបីទៅដាក់ពាក្យនៅក្រសួងការងារដើម្បីស្វែងរកការងារធ្វើ ទុកឲ្យក្រសួងការងារជាអ្នកទទួលបន្ទុករឿងនេះ NEA! កុំភ្លេចណា! អត់អស់លុយ អត់អស់អីទេ។ ហើយបើថាសមត្ថភាពនៅមានកម្រិត ទៅទាក់ទងគ្រប់មន្ទីរការងារខេត្តក្រុង»

អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោក យិន ម៉ាលីណា មានប្រសាសន៍ថា អត្តសញ្ញាណបណ្ណគ្រាន់តែចេញឲ្យប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ ប៉ុន្តែអត្តសញ្ញាណត្រូវប្តូរពីសំបុត្រកំណើតមកតាមនីតិវិធីតុលាការ។

លោកបន្ថែមថា «បច្ចុប្បន្នពុំមានច្បាប់ទទួលស្គាល់ការប្តូរភេទ ប៉ុន្តែការជាក់ស្តែងមាន មានការវះកាត់ប្តូរភេទតាមវេជ្ជសាស្ត្រមួយចំនួនដែលអគ្គនាយកដ្ឋានទទួលបាន ហើយអគ្គនាយកដ្ឋាន៏បានសម្រេចប្តូរភេទជូនដោយមានការទទួលស្គាល់ពីតុលាការ។ អញ្ចឹងអ្នកប្តូរភេទត្រូវធ្វើតាមវេជ្ជសាស្ត្រវះកាត់ ហើយប្តឹងទៅតុលាការដើម្បីឲ្យទទួលស្គាល់ពីការប្តូរភេទរបស់ខ្លួន ហើយយកឯកសារនេះមកចុះបញ្ជីឡើងវិញ មកកែអត្តសញ្ញាណរបស់ខ្លូនឡើងវិញនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ចឹងយើងកែសំបុត្រកំណើតគាត់ពីប្រុសមកស្រី ឬក៏ពីស្រីទៅប្រុសជូន ហើយអត្តសញ្ញាណបណ្ណនឹងប្តូរទៅតាមហ្នឹង»

បើតាមអង្គការសហគមន៍ឥន្ធនូកម្ពុជា (RoCK) ដែលបានចងក្រងទូទាំងប្រទេស ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាមានចំនួន១០៥០នាក់ ដែល៩០ភាគរយគឺជាអ្នកប្តូរយេនឌ័រ។

Loading...

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។