អាជ្ញាធរកម្ពុជាថាមិនដឹងពីការចាប់ខ្លួនបុរសខ្មែរករណីបង្ហោះព័ត៌មានពីនាយករដ្ឋមន្ត្រីថៃ

លោក ហេង រតនៈ ជាប់ពីបទបង្ហោះព័ត៌មានក្លែងក្លាយពីលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចារ (រូបភាព៖ បាងកកប៉ុស្ដិ៍)

អាជ្ញាធរកម្ពុជាអះអាងថាខ្លួនមិនទាន់ទទួលបានព័ត៌មានស្តីពីការចាប់ខ្លួនបុរសជនជាតិខ្មែរម្នាក់ដែលបានបង្ហោះអត្ថបទរិះគន់នាយករដ្ឋមន្ត្រីថៃពីរឿងសាំងឡើងថ្លៃដែលបានចុះផ្សាយក្នុងការសែតបាំងកកប៉ុស្តិ៍នៅឡើយទេ។​

សារព័ត៌មានបាំងកកប៉ុស្តិ៍របស់ថៃផ្សាយកាលពីម្សិលមិញថា បុរសជនជាតិខ្មែរម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ហោះព័ត៌មានក្លែងក្លាយអំពីនាយករដ្ឋមន្ត្រីថៃតាមអ៊ិនធឺណែត ខណៈជនជាតិថៃ៦នាក់ទៀត ត្រូវបានគេឃុំឃាំងនៅក្នុងទីក្រុងបាំងកកដោយសារតែពួកគេចែករំលែកព័ត៌មាននេះបន្ត។

សារព័ត៌មានដដែលផ្សាយបន្តថា លោក ហេង រតនៈ ដែលបានចុះផ្សាយអត្ថបទនៅលើវេបសាយរបស់លោកកាលពីសប្តាហ៍មុនថា នាយរដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ​ ចាន់អូចា បានប្រាប់ជនជាតិថៃឱ្យចាក់ទឹកជំនួស នៅពេលសួរពីតម្លៃប្រេងឡើងថ្លៃ។ ប៉ុន្តែលោកប្រាយុទ្ធបដិសេធថាលោកមិនបាននិយាយដូច្នេះទេ។ តាមប្រភពដដែលលោក ហេង រតនៈ ត្រូចោទប្រកាន់ក្រោមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័ររបស់ប្រទេសថៃពីបទនាំចូលព័ត៌មានដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ឬបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមសាធារណៈជនថៃ ដែលទោសនេះអាចប្រឈមនឹងការជាប់គុក៥ឆ្នាំ និងពិន័យប្រាក់មួយសែនបាត។

នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធចាន់អូចាដែលបានបង្ហាញខ្លួនក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំខែ បានសម្តែងការព្រួយបារម្ភអំពីខ្លឹមសារលើអ៊ីនធឺណិតពីបរទេស ឆ្នាំ ២០១៦ (រូបភាព៖ www.wsj.com)

សារព័ត៌មានផ្សាយបញ្ជាក់ទៀតថា ក្រុមអ្នកស៊ើបអង្កេតថៃនឹងធ្វើដំណើរមកប្រទេសកម្ពុជានៅថ្ងៃសុក្រនេះ ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់គាត់ ហើយប្រសិនបើវិជ្ជមាន ពួកគេនឹងបន្តធ្វើបត្យាប័ន។

ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់ VOD នៅព្រឹកនេះថា លោកមិនទាន់ទទួលបានព័ត៌មានទាក់ទងនឹងករណីនេះទេ និងថាគ្មានច្បាប់ណាបញ្ជូនពលរដ្ឋខ្លួនឯងទៅកាត់ទោសនៅប្រទេសគេទេ។

បើសិនជាមែនក៏មិនអាចបញ្ជូនពលរដ្ឋខ្មែរទៅកាត់ទោសនៅស្រុកគេដែរ! ធម្មតាកូនយើងម៉េចឲ្យទៅឲ្យគ្រួសារគេធ្វើបាប! ដឹងគេវាយដំកូនចៅយើងម៉េចខ្លះ? សុខចិត្តកាត់ទោសផ្ទាល់ដៃខ្លួនឯងហ្នឹង! មិនអីទេ អាហ្នឹងម៉ែឳខ្លួនឯងវ៉ៃវាមានការអាណិតអាសូរខ្លះ

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ

ទោះបីជាយ៉ាងណាក៏ដោយ កាលពី​ឆ្នាំ​២០០៧ អតីត​​ព្រះ​ចៅ​អធិការ​វត្ត​ភ្នំ​ដិន ស្រុក​គិរី​វង្ស ខេត្ត​តាកែវ ព្រះតេជគុណ ​ទឹម​ សាខន ត្រូវ​បាន​អាជ្ញាធរ​ខ្មែរចាប់​ផ្សឹក ​រួចបញ្ជូនទៅឲ្យអាជ្ញាធរវៀតណាម​​​​ពី​បទ​ចូល​រួម​ក្នុង​សកម្ម​ភាព​ខ្មែរ​ក្រោម ដែល​អាជ្ញាធរកម្ពុជា​អះ​អាង​ថា​ ធ្វើ​​​អោយ​​​ខូចទំ​នាក់​​​ទំនង​​កម្ពុជា​វៀត​​​ណាម៕


ប្រភព៖ www.bangkokpost.com

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ