របាយការណ៍​​អន្តរជាតិ​៖​ វៀត​ណាម​​នៅ​​តែ​​​លួច​កាប់​ឈើ​របស់​​កម្ពុជា

Hidden camera shot of arev, Cambodia (c) EIAimage

របាយការណ៍​របស់​អង្គការ​​បរិស្ថានអន្តរជាតិមួយ​​ បង្ហាញថា កា​រកាប់​ឈើ​ខុស​ច្បាប់​ និង ការដឹក​ជញ្ជូនឈើពី​ឧទ្យាន​ជាតិ​នានា​ពី​ប្រទេសកម្ពុជាទៅ​ប្រទេស​វៀត​ណាម ​នៅតែ​បន្ត​កើត​មាន ដោយថាគ្មាន​ការ​អនុវត្តច្បាប់​ពី​អាជ្ញា​ធរ​។

សេចក្តី​ប្រកាស​ព័ត៌មាន និង អមដោយរបាយការណ៍ ចេញ​ផ្សាយ​នៅថ្ងៃ​ទី​៣១ឧសភាម្សិលមិញ ​ទីភ្នាក់​ងារ​ស៊ើប​អង្កេត​បរិស្ថាន​ហៅ​កាត់ថា EIA ដែល​មាន​ទីស្នាក់​ការ​នៅ​ទី​ក្រុង​ឡុងដ៍ ប្រទេស​អង់​គ្លេស​ បានដាក់​ចំណង​ជើង​ធំៗ​ថា «វៀតណាម​នៅ​តែ​ជា​ប្រទេស​​​លួចកាប់ឈើនៅតំបន់ការពារ​​របស់​ប្រទេស​កម្ពុជា»។​

ក្នុង​របាយការណ៍ចំនួន​១៥​ទំព័រ​ ទីភ្នាក់​ងារ​ស៊ើប​អង្កេត​បរិស្ថាន​ បានរៀបរាប់ ​ពីការ​កាប់​បំផ្លាញព្រៃ​ឈើ​ក្នុង​តំបន់​មួយចំនួន​ រួមមាន ទ្យាន​​ជាតិ​វីរៈជ័យ ក្នុងខេត្តរតនៈគីរី តំបន់ទំនប់​សេសាន​ក្រោម​២ ស្ថិត​ក្នុង​ខេត្តស្ទឹង​ត្រែង និង​ តំបន់​ជំរក​សត្វ​ព្រៃ​ភ្នំព្រិចស្ថិត​ក្នុង​ខេត្ត​មណ្ឌល​គីរី។ ទីភ្នាក់​ងារ​ស៊ើប​អង្កេត​បរិស្ថានបន្តថា តំបន់ទាំងនោះ កំពុង​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​សំណាក់ក្រុម​ហ៊ុន និង​ឈ្មួញជនជាតិ​វៀត​ណាម​ ដែលថាទទួល​បាន​ការ​ការពារ​ដោយ​កម្លាំង​អាជ្ញាធរ​កម្ពុជា។

Drone shot of Cambodia timber depot near Vietnam border (c) EIAimage

បើតាមរបាយការណ៍ ទីភ្នាក់​ងារ​ស៊ើប​អង្កេត​បរិស្ថាន បាន​គណនា​ទំហំ​ព្រៃ​ឈើ ​ដែល​ត្រូវ​បាន​កាប់បំផ្លាញ​ទៅ​វៀត​ណាម​នៅ​ចន្លោះ​ពី​ខែ​តុលា​ឆ្នាំ​២០១៧ ដល់​ខែមីនាឆ្នាំ​២០១៨ ថា​មាន​ទំ​ហំ​ប្រមាណ១ ១៥៥ ០០០ម៉ែត្រ​គូប។

វៀត​ណាម​មាន​ប្រវត្តិ​ ​ជា​​យូរ​មក​ហើយ ក្នុង​ការ​លួច​កាប់​ឈើ​ប្រទេស​ជិត​ខាង​ខ្លួន។ នៅ​កម្ពុជា ក្រុម​ហ៊ុន​វៀត​ណាម អាច​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​នៅតំបន់​ឧទ្យាន​ជាតិ ដោយ​បង់​លុយ​ដល់​មន្ត្រី​ប៉ូលិស​ព្រំ​ដែន និង​អនុរក្សព្រៃ​ឈើ ជា​ថ្នូរ​នឹង​ការការ​ពារ​ពីការ​ឃ្លាំ​មើល

លោក​ ចាហ្គូ វេតលី សកម្ម​ជន​ព្រៃ​ឈើ​ជាន់​ខ្ពស់នៃ EIA បាន​លើក​ឡើង​ក្នុងសេចក្តី​ប្រកាសព័ត៌មាន​

អ្នកនាំពាក្យ​រដ្ឋ​បាល​ព្រៃ​ឈើ​ លោក កែវ អូម៉ាលីស្ស បាន​បដិសេធឆ្លើយ​តប​ទៅនឹងការ​រក​ឃើញ​នេះ ហើយបានបង្វែរ​សំណួរ​ទៅ​កាន់​ក្រសួង​បរិស្ថាន​វិញ​ ដោយ​ថា ការ​គ្រប់​គ្រង​តំបន់​ទាំង​បី​នោះ​ ជា​សមត្ថកិច្ច​របស់​ក្រសួង​បរិស្ថាន។​

អគ្គនាយក​នៃ​អគ្គនាយករដ្ឋបាលការពារនិងអភិរក្ស​ធម្មជាតិនៃ​ក្រសួង​បរិស្ថាន​ លោក ជា សំអាង ថា​លោកនៅមិនទាន់​បាន​ពិនិត្យ​​​ទៅ​លើ​របាយ​ការ​ណ៍​​​នោះ​ និង​មិន​ទាន់អាច​ឆ្លើយ​តប​បាន​នៅឡើយទេ រហូតមកដល់ម៉ោងចេញផ្សាយនេះ។

ចំណែក​ឯ​អភិបាល​ខេត្ត​រតនគីរី លោក ថង សាវុន បដិសេធ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្នក​សារព័ត៌មាន​។

ហើយ​ចុះ​បង​អត់​ដឹង​ថា​ហ្នឹង​សំរាក​បុណ្យ​ ទិវា​អី​ទេ​អី? សុំ​អធ្យា​ស្រ័យ​ ខ្ញុំ​សុំ​សម្រាក

លោក ថង សាវុន អភិបាល​ខេត្ត​រតនគីរី

វីអូឌី មិនអាចទាក់ទង ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្ស លោក អ៊ូច ទ្បេង បាននៅឡើយទេ។ ប៉ុន្តែ លោក ឡេង ធ្លាប់​​​ប្រាប់​វី​អូ​ឌី​កាល​ពី​ឆ្នាំ២០១៧ថា​ សកម្ម​ភាព​ចូល​កាប់​​ឈើ និងនាំចេញទៅក្រៅប្រទេស កំពុង​កើត​មាន​យ៉ាង​គគ្រឹកគគ្រែង​នៅ​ខេត្ដ​មណ្ឌលគិរី និង រតនគិរី ហើយ​ដែល​ឈើ​ទាំង​នោះ ​ត្រូវបាន​ដឹក​នាំចេ​ញទៅប្រទេសវៀតណាម។

កាន់តែអស់ទៅ ព្រោះជាក់ស្ដែងយើងឃើញហើយ ទោះបីជារដ្ឋាភិបាលគាត់ប្ដេជ្ញាចិត្តថា អត់​មាន​ការនាំ​ឈើ​ចេញ​ក៏ដោយ តែនៅពេលនេះ គឺថា មានការបង្ហាញ​ពីរបាយការណ៍ផ្លូវការថា មានការនាំចេញយ៉ាងគគ្រឹកគគ្រែងដដែល ហើយ​ផ្ទុយ​ទៅ​វិញ គឺគេមិនគោរពច្បាប់ទាល់តែសោះ

ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្ស លោក អ៊ូច ទ្បេង

Logging road network near Lower Sesan 2 Dam, Cambodia (c) EIAimage

កាលពីដើមឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជា តាមការបង្គាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​​បានសម្រេចបង្កើ​ត​គណៈកម្មា​ធិការ​​ចម្រុះ​មួយ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងការរត់​ពន្ធឈើ​ខុសច្បាប់ទាំងអស់ទៅវៀតណាម។ កាលពីពេលនោះ លោក​នាយក​រដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យ បាញ់គ្រាប់រ៉ុកកែតពីលើឧទ្ធម្ភាគចក្រនៅកាន់អ្នកលួចកាប់ឈើផងដែរ។

ភ្លាមៗនោះ នៅពាក់កណ្តាលខែមករាឆ្នាំ២០១៦ រដ្ឋាភិបាកម្ពុជា បានប្រកាសថា ខ្លួនបានលុបបំបាត់​ការកាប់​ឈើខុស​ច្បាប់​ទូទាំង​​ប្រទេស ហើយក៏គ្មានការនាំឈើពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាមទេ។

ទោះ​ជា​យ៉ាង​ណា ក្នុង​របាយការណ៍​របស់ ទីភ្នាក់​ងារ​ស៊ើប​អង្កេត​បរិស្ថាន កាលពីឆ្នាំ​២០១៧ ឲ្យ​ដឹងថា​នៅចន្លោះ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦ ដល់ខែមិនាឆ្នាំ​២០១៧ ទំហំឈើប្រមាណ៣០ម៉ឺនមែត្រគូប ត្រូវបានលួចលាក់នាំចេញ និងធ្វើឲ្យស្របច្បាប់​ពីប្រទេស​កម្ពុជា​ទៅវៀត​ណាម​ បើ​ទោះ​ជា​កម្ពុជា​មាន​វិធាន​ការ​ហាម​ឃាត់​ក៏​ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ