វិភាគ៖ តើ ត្រាំ កំពុងតែបំផ្លាញទំនាក់ទំនងដ៏ល្អជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន?

លោកប្រធានាធិបតីអាមេរិក Donald Trump ស្វាគមន៍នាយករដ្ឋមន្ត្រីប្រទេសកាណាដា Justin Trudeau នៅខាងក្រៅភាគខាងលិចនៃសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោននាថ្ងៃទី 13 ខែកុម្ភៈឆ្នាំ 2017 ។ (រូបភាព៖ U.S Embassy and Consulates in Canada)

សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ទី៣១ ខែឧសភាកន្លងទៅបាន​ចេញប្រកាសដំឡើងពន្ធលើការនាំចូលដែកនិង​អាលុយមីញ៉ូមពីប្រទេសនានាចូលទឹកដីអាមេរិក។

សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ទី៣១ ខែឧសភាកន្លងទៅបាន​ចេញប្រកាសដំឡើងពន្ធលើការនាំចូលដែកនិង​អាលុយមីញ៉ូមពីប្រទេសនានាចូលទឹកដីអាមេរិក។ ក្នុងសេចក្តីប្រកាសនោះ អាមេរិក តម្រូវឲ្យមានការដំឡើងពន្ធ២៥ភាគ​រយ​​លើដែក​ និង១០ភាគរយលើអាលុយមីញ៉ូម។​

ការដំឡើងពន្ធនាំចូលដែកនិង​អាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិកបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រទេសដែលជា​សម្ព័ន្ធមិត្តដ៏ល្អ​របស់សហរដ្ឋអាមេរិក​ផងដែរ ជាពិសេស​កាណាដា​​។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មអាមេរិក ​ប្រទេសដែលនាំចូលដែក​និងអាលុយមីញ៉ូម​ច្រើន​ជាងគេចូល​អាមេរិក​នៅឆ្នាំ២០១៧គឺប្រទេសកាណាដា។ ដូច្នេះកាណាដា ជាប្រទេសដែលរងគ្រោះជាងគេ​ក្នុងការ​ដំឡើង​ពន្ធនេះ​​។

នរណា ក៏ដឹងដែរថាកាណាដា ជាសម្ព័ន្ធមិត្តដែល​តែងតែឈរនៅខាងសហរដ្ឋអាមេរិកនៅលើឆាក​អន្តរជាតិស្ទើរតែគ្រប់កាលៈ​​ទេសៈទាំងអស់។

តើការដំឡើងពន្ធដែលធ្វើឡើងដោយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំពេលនេះ កំពុងតែបំផ្លាញទំនាក់ទំនងដ៏ល្អជាមួយសម្ព័ន្ធមិត្តដ៏ស្មោះស្ម័គ្រ​មួយនេះ?​

មួយថ្ងៃបន្ទាប់ពីការប្រកាសការដំឡើងពន្ធនាំចូល​របស់ភាគីអាមេរិក នាយករដ្ឋមន្រ្តីកាណាដា  ចា​ស្ទីន ទ្រូដូ បានសរសេរ នៅក្នុង​បណ្ដាញTwitter របស់លោក​ថា​ការដំឡើងពន្ធលើដែកនិងអាលុយមីញ៉ូម​ដោយអាមេរិកជារឿងដែលមិន​អាច ទទួល​យកបានទេ។

ក្នុងសន្និសីទកាសែតដែលធ្វើឡើងដែលធ្វើឡើងក្នុងថ្ងៃជាមួយគ្នានោះដែរ លោកចា​ស្ទីន ទ្រូដូបាន ហៅការដំឡើងពន្ធលើការ​នាំចូល ដែក​និងអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិក ថាជា​ការ​ប្រមាថមើលងាយដល់ទំនាក់ទំនងជាយូរអង្វែង​រវាង​កាណា​​ដា​​​និង​អាមេរិក ហើយវាក៏ជាការមាក់ងាយផងដែរដល់អតីតទាហានកាណាដា​ជាច្រើនពាក់នាក់ដែល​បាន​​​ស្លាប់​​ក្នុង​សង្រ្គាមនៅអាហ្គានីស្ថាន។

លើសពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តីរូបនេះក៏បានរំលឹកផងដែរថា កាណាដាតែងតែចូលរួមប្រកៀកស្មាគ្នាជានិច្ចជា​មួយ​សហរដ្ឋអាមេរិកក្នុងសមរភូមិប្រយុទ្ធនានារួមមានសង្រ្គាមលោកលើកទី១ លើកទី២ សង្រ្គាមនៅឧបទ្វីបកូរ៉េ និង សង្រ្គាមនៅមជ្ឈឹមបូព៌ាដូចជានៅអ៊ីរ៉ាក់ជាដើម។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏នាយករដ្ឋមន្រ្តីរូបនេះទទួលស្គាល់ថា​ កាណាដាបាននាំដែកចូលអាមេរិកមាន ទំហំសាច់ ប្រាក់ច្រើនជាងកាណាដានាំចូលដែកចូលពីអាមេរិក។ ប៉ុន្តែលោកបញ្ជាក់ថាកាណាដាក៏បានទិញដែក​ពីសហរដ្ឋអាមេរិក​ច្រើន​ជាងគេផងដែរពោលគឺពាក់កណ្ដាលនៃដែកដែលអាមេរិកនាំចេញ។ តាមលោក ចា​ស្ទីន ទ្រូដូ កាណាដាក៏ជាអ្នកផ្គត់​ផ្គង់អាលុយមីញ៉ូម​ដ៏ធំសម្រាប់​សហរដ្ឋអាមេរិកក្នុងវិស័យឧស្សាហកម្មគ្រឿងសព្វាវុធ។​

នាយករដ្ឋមន្រ្តីកាណាដា  ចា​ស្ទីន ទ្រូដូ បានអះអាងថា​លោកឈរជានិច្ចជាមួយកម្មករដែលលោកសំដៅដល់អ្នកដែលធ្វើការ ក្នុងវិស័យឧស្សាហកម្មផលិតដែក​និងអាលុយមីញ៉ូម។ លោកក៏បានប្រកាសនៅថ្ងៃនោះដែរថា កាណាដា​នឹងធ្វើការ​សង​សឹកចំពោះអំពើរបស់សហរដ្ឋអាមេរិក​ដែល​បានធ្វើមកខ្លួន។

ជាការសងសឹក កាណាដា នឹងដំឡើងពន្ធនាំចូលលើដែកនិងអាលុយមីញ៉ូមរួមទាំងទំនិញប្រើប្រាស់ប្រចាំថ្ងៃរបស់​អាមេរិក​ជាច្រើនផ្សេងទៀតចាប់ពីថ្ងៃទី១ខែកក្កដាតទៅ។

តាំងពីពេលឡើងកាន់អំណាចមក លោក ដូណាល់ ត្រាំ តែងតែយកប្រយោជន៍អាមេរិក​ជារឿងទីមួយ​ឬ “American First”​ បើទោះណាជាការធ្វើរឿងទាំងនោះវាអាចប៉ះពាល់ដល់សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួនក៏ដោយ។​

ការដំឡើងពន្ធលើការនាំចូលដែកនិង​អាលុយមីញ៉ូមរបស់អាមេរិកនេះ ក៏ប៉ះពាល់ដល់សម្ព័ន្ធមិត្តផ្សេងទៀតរបស់ សហរដ្ឋអាមេរិកផងដែរជាពិសេសសហគមន៏អឺរ៉ុប។ សហគមន៏អឺរ៉ុបក៏ដូចជាកាណាដាដែរបាន​ប្រតិម្មខ្លាំងៗដោយថាមិន​អាចទទួលយករឿងនេះបានទេ ហើយនឹង​លើកយកបញ្ហានេះទៅដោះស្រាយនៅអង្គការពាណិជ្ជកម្មពិភពលោកទៀត​ផង។​

Loading...

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។