សហគមន៍ខ្មែរកម្ពុជាក្រោមថា ពិបាករកកន្លែងរំឭក​ខួប​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ពង្ស​នារី​មុនី​ពង្ស តំណាងព្រះមហាក្សត្រក្នុងពិធីរំលឹកខួបនៃការបាត់បង់ទឹកដីកម្ពុជាក្រោម លើកទី ៦៩ (ថតដោយ ហួត វុទ្ធី)

គណៈកម្មការរៀបចំបុណ្យរំលឹកខួបនៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម អះ​អាង​ថា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ពិបាកក្នុងការរកទីតាំងប្រារព្ធពិធីនេះនៅទីសាធារណៈ ដោយថា អាជ្ញាធរមិនអនុញ្ញត ហើយស្របនឹងបំណងរបស់ប្រទេសជិតខាង។

ថ្លែងនៅទីស្នាក់ការសហគមន៍ខ្មែរកម្ពុជាក្រោម ស្ថិត​នៅ​ក្នុង​ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទិវា​រំលឹកខួបលើកទី៦៩ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម​​ព្រឹកមិញនេះ គណៈកម្មការរៀបចំបុណ្យ លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា មានការពិបាកក្នុងនិយាយដល់ការបាត់បង់ដីកម្ពុជាក្រោម និងមានការពិបាកក្នុងការរកទីកន្លែងរំឭកខួប។

ពេលបាត់បង់ទឹកដី សូម្បីតែរកកន្លែងធ្វើនេះ! មកដល់ដីខ្មែររកកន្លែងធ្វើ​រំឭកហ្នឹង អត់ចង់បានផង ប៉ុន្តែ បើសិនជាទឹកដីខ្មែរបាត់ តើទៅរកឯណារំឭកឥឡូវនេះ? គ្រាន់តែប្រវត្តិសាស្ត្រដើម្បីចងចាំ រំឭកវិញ្ញាណក្ខន្ធវីរៈបុរសក៏ពិបាកដែរ ហើយសកម្មភាពនេះ គឺស្របនឹងយួនដែលគេមិនចង់ឲ្យយើងរំលឹក

គណៈកម្មការរៀបចំបុណ្យ លោក ថាច់ សេដ្ឋា

ឆ្លើយតបនឹងការលើកឡើងខាងលើ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា សាលារាជធានីមិនបានឃើញលិខិតស្នើសុំរៀបចំពិធីនេះទេ។

លោក ម៉េត មាសភក្តី ប្រាប់​ថា៖ «យើងអត់បានទទួលការស្នើសុំ ឬក៏លិខិតស្នើសុំធ្វើពិធីនេះ​នៅទីសាធារណៈទេ គឺយើងទទួលបានការស្នើសុំធ្វើនៅទីស្នាក់ការរបស់គាត់ អញ្ចឹងទេ!​ រដ្ឋបាលសាលារាជធានីភ្នំពេញក៏បានអនុញ្ញាតជូនការរៀបចំពិធីហ្នឹងឲ្យ។ ដូចជាមិនមានដែលជាបញ្ហាទេ ហើយក៏ឆ្ងល់ដែរថាម៉េចក៏មានការផ្សារភ្ជាប់ទៅលើការហាមប្រាមមិនឲ្យធ្វើនៅទីតាំងសាធារណៈ ដោយរដ្ឋាភិបាលរាជធានីភ្នំពេញមិនទាំងទទួលបានការស្នើសុំធ្វើនៅទីតាំងសាធារណៈនោះផង»។

សម្រាប់មន្ត្រីផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត សង្កេតឃើញថា ស្ថានភាពបច្ចុប្បន្នសិទ្ធិនៃការជួបជុំប្រមូលផ្តុំបញ្ចេញមតិ បាន​រួម​តូចចង្អៀត ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរ។

នេះវាធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាពក្នុងការជួបជុំ ការប្រមូលផ្តុំដោយសន្តិវិធីរបស់ប្រជាពលរដ្ឋហ្នឹង!  អញ្ចឹងមិនមែនថាតែសហគមន៍ខ្មែរកម្ពុជាក្រោមទេ សូម្បីតែការជួបជុំប្រមូលផ្តុំជាទូទៅក៏មានការកម្រិតតឹងរ៉ឹងផងដែរ

 លោក អំ សំអាត មន្ត្រីផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO)

ទោះយ៉ាងណា ពិធី​រំឭក​ខួបឆ្នាំនេះក៏មានការចូលរួមពីតំណាងព្រះមហាក្សត្រ ​សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស និងព្រះសង្ឃ២០០អង្គ រួមទាំងប្រជាសហគមន៍ខ្មែរកម្ពុជាក្រោមផ្ទាល់។

លោក ថាច់ សេដ្ឋា បានរំលឹកឲ្យដឹងថា កាលពីឆ្នាំ២០០៣ មានប្រតិកម្មខ្លាំងពីក្រសួងការបរទេសវៀតណាម នៅពេលប្រារព្ធខួបនេះនៅវាលព្រះមេរុ ដោយថា ជាសកម្មភាពជ្រុលនិយម និងស្នើឲ្យមានការបង្អាក់ ប៉ុន្តែ រដ្ឋាភិបាលធ្វើមិនដឹងមិនឮ និងមានការគាំទ្រពីព្រះមហាក្សត្រ ទើបមានការប្រារព្ធមកដល់សព្វថ្ងៃ ទោះបីមានលក្ខណៈតូចក្តី។

ចាប់តាំងពីដើមឆ្នាំ២០០០មក សហគមន៍​ខ្មែរ​កម្ពុជា​ក្រោមតែងតែ​ជួប​ជុំ​គ្នា​រៀបចំ​ពិធី​តាម​បែប​សាសនា ដើម្បី​ចង​ចាំ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជាក្រោម ដែល​ត្រូវ​បាន​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​១៩៤៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ