អាជ្ញាធររារាំងអ្នកភូមិខេត្តកោះកុងមិនឲ្យឡើងមកតវ៉ានៅភ្នំពេញ

ពលរដ្ឋមកមានវិវាទដីធ្លី មកពីស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី ១៧ ឧសភា

អាជ្ញាធរស្រុកស្រែអំបិលខេត្តកោះកុង នៅព្រឹកនេះ បានរារាំងប្រជាពលរដ្ឋ ៣០២​គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនពីរ មិនឲ្យឡើងមកតវ៉ានៅរាជធានីភ្នំពេញជាថ្មីទៀត ខណៈពួកគេ​នៅ​តែ​ពុំ​ទាន់​ទទួល​បាន​ដំណោះស្រាយបញ្ហាដីធ្លី។

កាលពីថ្ងៃទី១៧ ខែឧសភា​កន្លងមក​នេះ ប្រជាពលរដ្ឋ ៣០២​គ្រួសារ បាននាំគ្នាប្រមូលផ្ដុំនៅក្រសួងដែន ដើម្បីទាមទារឲ្យស្ថាប័នមួយ​នេះ ពន្លឿន​ការដោះស្រាយបញ្ហាដីធ្លីរបស់​ពួកគេឲ្យបានឆាប់ដល់ពួកគេ ខណៈដែលជម្លោះដីធ្លីអូសបន្លាយជាង ១០​ឆ្នាំមកហើយ។ ប៉ុន្តែ ក្រោយមានការសម្រប​សម្រួលពីមន្ត្រីជាន់ខ្ពស់​ក្រសួងដែនដី ពួកគេបាននាំគ្នាត្រឡប់ទៅផ្ទះវិញ។

អ្នកស្រី ជឹម ស្រីធួន ដែលអះអាងថា ជាតំណាឲ្យពលរដ្ឋ ៣០២​គ្រួសារ បាន​ប្រាប់វីអូឌីនៅព្រឹកនេះថា ពួកគាត់នាំគ្នាឡើងមកភ្នំពេញជាថ្មីនេះ ដោយសារ​ប្រជាពលរដ្ឋមិនមានជំនឿលើ​ការដោះស្រាយរបស់អភិបាលខេត្តកោះកុង ប៉ុន្តែ ថា ត្រូវបានអាជ្ញាធរឃាត់ឡាន នៅត្រង់ឃុំអូជ្រៅ​ ស្រុកស្រែអំបិល ​ដោយមិនអនុញ្ញាឲ្យពួកគាត់ ឡើងមកភ្នំពេញនោះទេ។

ឯកឧត្ដម ជា សុផារ៉ា ថា ឲ្យតែពួកខ្ញុំបំពេញបែបបទនៅថ្ងៃទី២០​ហ្នឹងហើយ រយៈពេល ២​ថ្ងៃហើយក៏ល្អដែរ ហើយខាងក្រុមការងារខេត្តផ្ញើឯកសារទៅគាត់វិញ គាត់នឹងធ្វើការដោះស្រាយជូនពួកខ្ញុំទាំង ៣០២​គ្រួសារ។ ពួកខ្ញុំចាំតាំងពីថ្ងៃទី២២ រហូតមកដល់ថ្ងៃទី៤នេះ អត់មានដំណឹងអីសោះ មានតែដំណឹងកុហស។ គាត់ជាធ្វើឪពុកម្ដាយរបស់យើង ហើយគាត់និយាយបាតដៃខ្នងដៃ នរណាទៅជឿគាត់។ ពេលពួកខ្ញុំឡើងមកតវ៉ាគាត់ដាក់កម្លាំងឃាត់ឡាន ធ្វើដូចពួកខ្ញុំអ្នកទោសអញ្ចឹង

អ្នកស្រី ជឹម ស្រីធួន ដែលអះអាងថា ជាតំណាឲ្យពលរដ្ឋ ៣០២​គ្រួសារ

ទោះជាយ៉ាងណាវីអូឌីមិនអាចសុំការអត្ថាធិប្បាយអភិបាលស្រុកស្រែកអំបិល លោក សួន សិលា បានទេ។

បើតាមប្រជាពលរដ្ឋអះអាងថា នៅសៀលនេះ អភិបាលស្រុកស្រែកអំបិល បានមកសន្យាជាមួយក្រុមប្រជាពលរដ្ឋថា នឹងដោះស្រាយបញ្ហាដីធ្លីនេះ  ប៉ុន្តែ ពួកគេមិនព្រម ដោយថា មិនមានជំនឿចំពោះការដោះស្រាយរបស់អាជ្ញាធរ។

មន្ត្រីសម្របសម្រួលអាដហុកប្រចាំខេត្តកោះកុង លោក មាន ព្រហ្មមុនី  ចាត់ទុកការរារាំងពលរដ្ឋថា ជាការ​បំបិទសិទ្ធិសេរីភាពក្នុងតវ៉ា ហើយ​លោកថា រដ្ឋាភិបាកគួរតែពន្លឿនការដោះស្រាយបញ្ហាដីធ្លីដល់ប្រជាពលរដ្ឋឲ្យបានចប់ ដើម្បីកុំឲ្យប្រជាពលរដ្ឋឡើងតវ៉ាម្ដងហើយម្ដងទៀត ។

យើងចង់ឃើញរដ្ឋាភិបាលដោះស្រាយឲ្យបានមុន​បោះឆ្នោតទៅ កុំរង់ចាំ​ កាត់ដី​វាស់វែងចុះបញ្ជីឲ្យប្រជាពលរដ្ឋចាប់ពីពេលនេះតទៅ  វាទាន់ពេលវេលា ព្រោះកុំធ្វើឲ្យប្រជាពលរដ្ឋបាត់ទំនុកចិត្ត។ វាជា​បទពិសោធន៍បានពួកគាត់ចេះតែនាំគ្នាតវ៉ា ហើយ​កាលណារារាំងគាត់អញ្ចឹង ហើយខ្លាចខូចឈ្មោះ ហើយរារាំងគាត់ អាហ្នឹងវាមិនមែនជាដំណោះស្រាយទេ  ហើយវានៅតែមានបញ្ហាអត់ចេះចប់

មន្ត្រីសម្របសម្រួលអាដហុកប្រចាំខេត្តកោះកុង លោក មាន ព្រហ្មមុនី

ក្រុម​ពលរដ្ឋ​ទាំង​នោះ​មាន​វិវាទដីធ្លីជាមួយ​ក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងKoh Kong Sugar Industry Co., Ltd. តាំងពីឆ្នាំ ២០០៨មកម៉្លេះ ហើយរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយ។

ទោះជាយ៉ាង ការផ្ទុះការតវ៉ារបស់ពលរដ្ឋទាំងនោះ ធ្វើឡើងក្រោយពីក្រសួងរៀប​ចំដែន​ដី ​បាន​សម្រេចកាត់​ដី​​ទំហំ​​ប្រមាណ ៨២៥ហិចតា ចេញ​ពីក្រុមហ៊ុនស្ករអំពៅក្នុងខេត្តកោះកុង ទៅ​ឲ្យ​ប្រជាពលរដ្ឋ​មួយក្រុមផ្សេងទៀត​ចំនួន ៣៧៥គ្រួសារ និងសម្រចឲ្យ​ក្រុមហ៊ុនផ្តល់​សំណង​ជា​ទឹក​ប្រាក់ ២៥០០ដុល្លារក្នុងមួយគ្រួសារ ដល់ពលរដ្ឋចំនួន ១៧៥គ្រួសារ ដើម្បីបញ្ចប់រឿងកាល​ពីថ្ងៃទី២២ ​ខែមីនា ឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ