ពលរដ្ឋខេត្តកណ្តាលចោទ ​អាជ្ញាធរមូលដ្ឋានថាឃុបឃិតគ្នាលួចលក់ដីពួកគេឲ្យក្រុមហ៊ុន

ពលរដ្ឋ១៤គ្រួសារនៅស្រុកកណ្តាលស្ទឹង មកតវ៉ានៅមុខសាលាខេត្តកណ្ដាល ព្រឹកថ្ងៃទី ០៥ មិថុនា ២០១៨ (ថតដោយ៖ ឃុត សុគន្ធ)

ពលរដ្ឋ១៤គ្រួសារនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានចោទអាជ្ញាធរឃុំបឹងខ្យាងថា ឃុបឃិតគ្នាធ្វើឯកសារក្លែងបន្លំលួចដីធ្លីរបស់ពួកគាត់ទៅលក់ឲ្យក្រុមហ៊ុន «ហេងអភិវឌ្ឍន៍»។

ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋដែលមានជម្លោះដីធ្លីទាំង១៤គ្រួសារ អ្នកស្រី ឈុន ខន ថ្លែងប្រាប់វីអូឌីនៅពេលឡើងមកតវ៉ានៅមុខសាលាខេត្តកណ្ដាលព្រឹកនេះ ថាដីពួកគាត់ត្រូវអាជ្ញាធរឃុំលួចលក់ទៅឲ្យក្រុមហ៊ុន ហេងអភិវឌ្ឍន៍ មានទាំងដីលំនៅឋាន៣ហិកតាកន្លះនិងដីស្រែចំការជាង១២ហិកតា។ អ្នកស្រីឲ្យដឹងទៀតថាដីទាំងនោះអ្នកភូមិបានកាន់កាប់ និងទទួលស្គាល់ដោយអាជ្ញាធរឃុំចាស់តាំងពីឆ្នាំ១៩៨៦មកម្ល៉េះ។

អ្នកស្រីថា ដីនោះត្រូវបាន មេឃុំបឹងខ្យាងឈ្មោះ ណៃ ចាន់ឌី និងមេភូមិតាព្រហ្មឈ្មោះ សួង សំអុល ឃុបឃិត គ្នាក្លែងឯកសារលួចលក់ទៅឲ្យក្រុមហ៊ុន ហេងអភិវឌ្ឍន៍ អំឡុងឆ្នាំ២០១១។

ដីចំការពោតវាលួចលក់វាអត់ប្រាប់ប្រជាជនថាលក់ថ្លៃប៉ុន្មានទេ? ហើយវាចង់បូកសរុបទាំងស្រែ ក្រោមខ្ញុំទៀត ខ្ញុំបូកអត់ទេ ព្រោះស្រែក្រោមខ្ញុំសរុបទាំងអស់២ហិកតា១៥អា

អ្នកស្រី ឈុន ខន ពលរដ្ឋដែលមានជម្លោះដីធ្លី

លោក អែល ទូន អ្នកភូមិម្នាក់ទៀតដែលមកតវ៉ានៅព្រឹកនេះដែរនោះ និយាយថា វិវាទដីធ្លីនេះ ក្រុមពលរដ្ឋបានរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរស្រុកជាច្រើនដងមកហើយ ប៉ុន្តែពុំមានដំណោះស្រាយឡើយ។ លោកបន្ថែមថា ចាប់តាំងពីពេលមានជម្លោះមកពួកគាត់មិនបានចូលបង្កបង្កើនផលលើដី​នោះទេ ហើយវាធ្វើឲ្យប៉ះពាល់ជីវភាព​គាត់ជាខ្លាំង។​

កំពុងធ្វើៗស្រាប់តែក្រុមហ៊ុនមកឈូសព្រំដីក្រវ៉ាដីព័ទ្ធយកអស់ ហើយគេប្រាប់ថាដីនោះគេ លក់ឲ្យក្រុមហ៊ុនអស់ហើយ គេឲ្យទៅមើលឯកនៅក្រុមហ៊ុនទៀត ពេលខ្ញុំមើលមានឯកសារមែន ប៉ុន្តែពួកខ្ញុំមិន បានលក់ទេ ទើបខ្ញុំតវ៉ានៅស្រុកផងខេត្តផងគេពុំព្រមដោះស្រាយរុញទៅមកៗ

លោក អែល ទូន ពលរដ្ឋដែលមានវិវាទដីធ្លី

វីអូឌីមិនអាចសុំការឆ្លើយតបពីមេឃុំបឹងខ្យាងលោក ណៃ ចាន់ឌី និងមេភូមិតាព្រហ្មលោក សួង សំអុល ចំពោះការចោទប្រាក់របស់ពលរដ្ឋនេះបានទេ។ ចំណែកនាយក​ទី​ចាត់​ការ​​អន្តរវិស័យនៃ​សាលា​ខេត្ត​កណ្តាល​ ​លោក បូ សាវឿន ប្រាប់ប្រជាពលរដ្ឋឲ្យត្រឡប់ទៅផ្ទះវិញ ដោយសន្យាជួបជាមួយតំណាងពលរដ្ឋនៅថ្ងៃស្អែក ដើម្បីការដោះស្រាយ។

ក្រៅពីពលរដ្ឋទាំង១៤គ្រួសារខាងលើ ពលរដ្ឋរាប់រយនាក់​ទៀតមកពីឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក៏បានប្រមូលផ្តុំគ្នាតវ៉ាមុខសាលាខេត្តនៅថ្ងៃនេះដែរ ដើម្បីស្វែងរកដំណោះស្រាយរឿងវិវាទដីរួមរបស់សហគមន៍ទំហំ៤០០ហិកតាជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍ដូចគ្នាដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ