នៅក្នុងរយៈពេលជាងមួយខែ គេឃើញមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីរថភ្លើងនៅក្នុងប្រទេសកម្ពុជាជាច្រើនករណី ជាពិសេស គឺខ្សែរថភ្លើងពីស្ថានីយ៍កណ្តាលទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដែលទើបដាក់ដំណើរការកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។
តំបន់សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជាឧទាហរណ៏មួយនៃបញ្ហាដែលសាលារាជធានីភ្នំពេញកំពុងតែដោះស្រាយនៅឡើយ។ ប្រជាពលរដ្ឋ ដែលរស់នៅទីនោះ និងអ្នកធ្វើដំណើរតាមដងផ្លូវនោះ បានរិះគន់អាជ្ញាធរមានសមត្ថកិច្ច ដោយសារមានករណីគ្រោះថ្នាក់ចរាចរណ៍កើតមានជាញឹកញាប់ ដែលបង្កដោយរថភ្លើងនិងផ្លូវដែកដែលធ្វើកណ្តាលផ្លូវនោះដែរ។ ក្រៅពីនេះ ពលរដ្ឋអះអាងថា មានការរំខានយ៉ាងខ្លាំងពីសំឡេងស៊ីផ្លេរថភ្លើង។
អង្គុយលើរ៉ឺម៉កកង់បី ដោយដៃកំពុងចុចទូរស័ព្ទបណ្តើរ និងកំពុងរងចាំភ្ញៀវផងនោះ លោក ប៊ុន រ៉ាន់ បានប្រាប់អ្នកសារព័ត៌មានថា លោកបានឃើញគ្រោះថ្នាក់ដោយផ្ទាល់ជាច្រើនដងមកហើយ ក្នុងមួយថ្ងៃគាត់ឃើញគ្រោះថ្នាក់ មិនក្រោមប្រាំដងនោះឡើយ ខណៈលោកមានការព្រួយបារម្មណ៍យ៉ាងខ្លាំង។
លោក ប៊ុន រ៉ាន់ អ្នករត់រ៉ឺម៉កកង់បី
ដោយសារតែលោកបានឃើញផ្ទាល់ពីបញ្ហាដួល និងគ្រោះថ្នាក់ជាញឹកញាប់ពីសំណាក់ប្រជាជន និងអ្នកជិះនៅតំបន់នោះផ្ទាល់ លោកចង់ឲ្យមានការធ្វើរនាំងដាក់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។
លោក ប៊ុន រ៉ាន់ អ្នករត់រ៉ឺម៉កកង់បី
ងាកមកអាជីវករម្នាក់ដែលកំពុងឆាម្ហូបលក់ជូនភ្ញៀវ លោក បូរី បាននិយាយពីផលវិជ្ជមាន និងអវិជ្ជមាន ក្រោយមានផ្លូវរថភ្លើង និងរថភ្លើងនៅទីនោះ។
អាជីវករម្នាក់ដែលកំពុងឆាម្ហូបលក់ជូនភ្ញៀវ លោក បូរី
លោកបានបន្តថា នៅពេលរដ្ឋាភិបាល បានពង្រីកផ្លូវរថភ្លើងរួចមក គឺធ្វើឲ្យការប្រកបមុខរបររបស់លោកមានលក្ខណៈងាយស្រួលជាងមុន ព្រោះស្ថានភាពផ្លូវធ្វើដំណើរ មានភាពងាយស្រួលជាងមុន។
ទោះបីជាមានភាពវិជ្ជមានខ្លះក៏ដោយ ក៏លោក បូរី បារម្ភនិងសំណូមពរប្រហាក់ប្រហែល លោក ប៊ុន រ៉ាន់ ដោយលោកសំណូមពរឲ្យដាក់រនាំងត្រឹមត្រូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់នានា។
អាជីវករម្នាក់ដែលកំពុងឆាម្ហូបលក់ជូនភ្ញៀវ លោក បូរី
ខណៈពេលដែលកំពុងបីកូនតូច អ្នកស្រី សេង សុធា បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នគឺពុំសូវមានគ្រោះថ្នាក់កើតឡើងច្រើនទេ ប៉ុន្តែសំឡេងរបស់រថភ្លើង គឺនៅតែរំខានដដែល។
អ្នកស្រី សេង សុធា ពលរដ្ឋរស់នៅម្ដុំបណ្ដោយផ្លូវរទេះភ្លើង
អ្នកស្រីបានបន្ថែមថា អ្វីដែលអ្នកស្រីចង់បាននៅពេលនេះ គឺសុំឲ្យធ្វើរនាំងការពារតាមដងផ្លូវរថភ្លើង ដើម្បីកុំឲ្យមានគ្រោះថ្នាក់កើតឡើងទៀត។
ឆ្លើយតបនឹងក្តីបារម្ភរបស់ប្រជាពលរដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនរថភ្លើងរ៉ូយាល់រេលវេយ៍ លោក ចន គែរី (John Guiry) បានឲ្យដឹងតាមសារអេឡិចត្រូនិចថា ក្រុមហ៊ុន បានផ្តល់ដំណឹងទុកជាមុនដល់ប្រជាពលរដ្ឋ អំពីគ្រោះថ្នាក់ដែលកើតជាយថាហេតុ ហើយ ក្រុមហ៊ុន ក៏បានចែកចាយជាខិតបណ្ណ សៀវភៅព័ត៌មាន និងផ្សព្វផ្សាយតាមទូរទស្សន៍ផងដែរ។
លោក ចន គែរី បន្តថា បើទោះបីជាខ្សែឆ្លងកាត់សំខាន់ៗតែងតែមានឆ្មាំការពារនិងទម្លាក់របាំងហាមជានិច្ចយ៉ាងណាក៏ដោយ ប៉ុន្តែ ប្រជាពលរដ្ឋនៅតែបើកកាត់មុខរថភ្លើងដដែល។
ចំណែក អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា ស៊ីមសូរិយា ប្រាប់វីអូឌីតាមទូរសព្ទថា សម្រាប់អ្នកធ្លាប់ជួបគ្រោះថ្នាក់ពីមុន ក្រសួង គ្មានប្រាក់សំណងជូននោះទេ ព្រោះពុំមានច្បាប់ណា ដែលនិយាយថា រថភ្លើងបុកហើយ ត្រូវសងគេនោះទេ។
លោក វ៉ា ស៊ីមសូរិយា លោកបានបដិសេធធ្វើអត្ថាធិប្បាយលំអិតអំពីផែនការកាត់បន្ថយការគ្រោះថ្នាក់ ដែលបណ្តាលមកពីរថភ្លើង។
គួរឲ្យបញ្ជាក់ថា មានករណីកើតឡើងមួយនៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ដែលបណ្តាលឲ្យនារីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយសារត្រូវបានរថភ្លើងកិន នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់កាកាប់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបន្ទាប់មក មានករណីមួយទៀត គឺរថភ្លើងបុករថយន្ត ចំពេល ដែលកំពុងកកស្ទះចរាចរណ៍ខ្លាំង តែពុំបណ្តាលឲ្យនណាម្នាក់របួសនោះទេ។