ចិនគ្រោងវិនិយោគវិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា

ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃសាកល វិទ្យាល័យពហុបច្ចេកទេស ធានជីង (Tianjin Polyethnic University) នៃសាធារណរដ្ឋប្រជាមានិតចិន (រូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)

រដ្ឋាភិបាលកម្ពុជា និងចិនគ្រោងសាងសង់សាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ​ដើម្បីជួយពង្រឹងវិស័យអប់រំ ធនធានមនុស្ស​ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។

យោងតាមការចុះផ្សាយនៅក្នុងគេហទំព័ររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោយកិច្ចប្រជុំមួយគណប្រតិភូចិនកាលពីថ្ងៃទី៥មិថុនា  រដ្ឋមន្ដ្រីក្រសួងការងារ លោក អ៊ិត សំហេង ថ្លែងប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលកម្ពុជា បានយល់ព្រមឲ្យសាកលវិទ្យាល័យពហុបច្ចេកទេសចិន​ ធាន ជីង (Tianjin Polytechnic University) សហការជាមួយក្រុមហ៊ុនវិនិយោគ OCIC ដើម្បីសង់សាកលវិទ្យាល័យធំមួយ នៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ នាពេលខាងមុខ។

តាមប្រភពដដែលនេះ លោក អ៊ិត សំហេង បានថ្លែងថា សកលវិទ្យាល័យនេះ នឹងផ្ដល់ការសិក្សានៅថ្នាក់អនុបណ្ឌិត និងបណ្ឌិត ហើយបង្រៀនជាភាសាខ្មែរ និងភាសាផ្សេងទៀត។ បើតាមលោក អ៊ិត សំហេង សាលកវិទ្យាល័យនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របពេលដែលចិនក៏កំពុងអនុវត្តយុទ្ធសាស្រ្ត «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ»។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមនគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា លោក ហេង វ៉ាន់ដា មានប្រសាសន៍ថា លោកមើលមិនឃើញពីផលប៉ះពាល់កើតចេញពីការវិនិយោគក្នុងវិស័យអប់រំ ដែលចិនគ្រោងធ្វើនេះទេ។ ប៉ុន្ដែ លោកថា វាមានតែផលវិជ្ជមាន និងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាទៅវិញទេ។

វាមិនប៉ះអីផង វាមានធ្វើឲ្យមានច្រើន ចម្រុះ អន្ដរជាតិក៏ចូល ខាងក្នុងក៏យើងធ្វើ។ ឲ្យតែអ្នកណាក៏ដោយ ដាក់ទុនវិនិយោគដាក់ទុនវិនិយោគមកផ្នែកអប់រំ ខ្ញុំគិតថា ល្អទាំងអស់។ វាអត់មានប៉ះអីទេ ទោះបីជាគោលនយោបាយចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយក៏ដោយ

ប្រធានក្រុមប្រឹក្សាភិបាលសមាគមនគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា លោក ហេង វ៉ាន់ដា

ទីប្រឹក្សា​សមាគម​គ្រូបង្រៀនកម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន យល់ថា នេះជាការល្អ​ ប្រសិនបើការវិនិយោគរបស់ចិន មានភាពស្មោះត្រង់នឹងកម្ពុជាពិតប្រាកដ។ ប៉ុន្ដែ លោកថា រដ្ឋាភិបាលកម្ពុជាគួរគិតផងដែរ អំពីលក្ខខណ្ឌនានា មុនចុះកិច្ចព្រមព្រៀងណាមួយជាមួយភាគីចិន។

កម្ពុជាយើងត្រូវមើលកិច្ចសន្យាឲ្យជាក់លាក់ថាតើ នឹងការសាងសង់នឹងភ្ជាប់នឹងលក្ខខណ្ឌអ្វីខ្លះ? វាមានផលចំណេញដល់កម្ពុជាយើង យើងគួរតែសហការ ប៉ុន្ដែ បើគ្មានផលចំណេញទេ យើងគួរមិនសហការ។ ជារឿយៗ យើងឃើញការវិនិយោគទុនរបស់ចិន មករុករករ៉ែអីជាហូរហែរ យើងដូចជា មិនឃើញផលចំណេញអីទេ កម្ពុជាយើងមានតែផលខាតទេ

ទីប្រឹក្សា​សមាគម​គ្រូបង្រៀនកម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន

ក្នុងកិច្ចប្រជុំមួយជាមួយអ្នកសារព័ត៌មាន នៅស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីចុងខែឧសភា អ្នកស្រាវជ្រាវផ្នែកយុទ្ធសាស្ដ្រ និងគោលនយោបាយ និងជាសាស្ដ្រាចារ្យនៅមជ្ឈមណ្ឌលសិក្សាពីសហរដ្ឋអាមេរិក លោក Charles Edel បានមានប្រសាសន៍ថា កម្ពុជាមានសិទ្ធិ និងឯករាជ្យភាពពេញលេញ ក្នុងការបង្កើនទំនាក់ទំនងជាមួយប្រទេសមហាអំណាចណាមួយ។

ប៉ុន្ដែ លោកក្រើនរំលឹកថា កម្ពុជាក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់អាស៊ី ត្រូវមានភាពឆ្លាតវៃ និងពិចារណាពីផលលំបាកនានា ទាក់ទិននឹងគោលនយោបាយរបស់ចិន ដូចជា បញ្ហាបំណុល នយោបាយ តម្លាភាព និងភាពស្មោះត្រង់ជាដើម។

លោកថា៖ « គឺថា ត្រូវប្រុងប្រយ័ត្ន ថាតើការវិនិយោគដែលមកនោះ វាផ្ដល់ផលចំណេញដល់អ្នកណា?តើវាចំណេញដល់ពលរដ្ឋក្នុងប្រទេស? តើអ្នកណា ចូលមកធ្វើការនោះនៅក្នុងគម្រោងដែលចូលមកនោះ? ហើយតើគម្រោងទាំងអស់នោះ ចាំបាច់ឬទេ តាំងពីដំបូងនោះ? ទាក់ទងនឹងផ្នែកវិនិយោគ និងពាណិជ្ជកម្ម បើមានការបើកចំហរកាន់តែធំ ខ្ញុំគិតថា ក្នុងតំបន់នេះទាំងមូល នឹងទទួលបានផលប្រយោជន៍(ពីការវិនិយោគរបស់ចិន)»។

របាយការណ៍រដ្ឋាភិបាលកម្ពុជា ចេញផ្សាយនៅដើមខែមករា បានបង្ហាញថា ទំហំ​វិនិយោគចិនមកកម្ពុជានៅឆ្នាំ២០១៧ មានចំនួន ១,៤៣ពាន់លានដុល្លារអាមេរិក ឬស្មើ២៧ភាគរយ នៃវិនិយោគបរទេសសរុប។ ចំនួននេះ គឺកើនឡើងស្ទើរពាក់កណ្ដាល បើធៀបនឹងឆ្នាំ២០១៦ ទំហំវិនិយោគរបស់ចិន មានចំនួន៧៤៨លានដុល្លារអាមេរិកប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ