លោក ហ៊ុន សែន ថាព្រៃឈើបាត់បង់ដោយសារកំណើនប្រជាជន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបកម្មករ កម្មការនីប្រមាណ ២២,៤៧០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨ ស្ថិតក្នុភូមិរវាង ឃុំថ្នល់ដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ថ្ងៃទី ៦ មិថុនា ២០១៨ (រូបភាព៖ FN)

ក្នុងពិធីសំណេះសំណាសជាមួយក្រុមកម្មករនៅថ្ងៃនេះ លោក ហ៊ុន សែន មានប្រសាសន៍ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋបានសម្រុករុករានព្រៃយ៉ាងច្រើន ដើម្បីយកដីធ្លីមកបង្កបង្កើនផលដែលបណ្តាលឲ្យព្រៃឈើចេះតែថយចុះជាបន្តបន្ទាប់រហូតមកនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា កម្ពុជាបាត់បង់ព្រៃឈើដោយសារតែចំនួនប្រជាជនមានការកើនឡើង។​

ក្នុងពិធីសំណេះសំណាសជាមួយក្រុមកម្មករនៅថ្ងៃនេះ លោក ហ៊ុន សែន មានប្រសាសន៍ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋបានសម្រុករុករានព្រៃយ៉ាងច្រើន ដើម្បីយកដីធ្លីមកបង្កបង្កើនផលដែលបណ្តាលឲ្យព្រៃឈើចេះតែថយចុះជាបន្តបន្ទាប់រហូតមកនេះ។

អ្នកខ្លះគេថា អស់ព្រៃឈើៗ ប៉ុន្តែអ្នកបានឃើញថា ព្រៃឈើពិតជាអស់ហើយដោយសារមួយផ្នែកធំ ភាគច្រើនព្រៃឈើទាំងនោះបានក្លាយទៅជាដីស្រែដីចំការរបស់កសិករ។ យើងចាប់ផ្តើមពីប្រជាជន៥លាននាក់ឥលូវប្រជាជនជិត១៦លាននាក់ទៅហើយ អញ្ចឹងទេវាមានតម្រូវការយ៉ាងដូច្នេះ គេមិនត្រូវមើលរំលងបញ្ហានោះទេ នៅពេលដែលប្រជាជនកើនឡើងច្បាស់ណាស់ថា តម្រូវការដីធ្លីដើម្បីបង្កបង្កើនផលវាពិតជាមាន

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

តំណាងក្រុមការងារការពារបរិស្ថាន និងព្រៃឈើ លោក អ៊ូច ឡេង មានប្រសាសន៍ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីនេះ អាចត្រូវតែមួយផ្នែកតូចប៉ុណ្ណោះ ប៉ុន្តែមួយផ្នែកធំការបាត់បង់ព្រៃឈើ គឺដោយសារការកាប់ឈើខុសច្បាប់របស់អ្នកមានលុយមានអំណាចតាមរយៈការទទួលបានដីសម្បទានសេដ្ឋកិច្ច។

ពីមួយឆ្នាំទៅមួយឆ្នាំរបាយការណ៍ជាតិ និងអន្តរជាតិចេញផ្សាយពីការជួញដូរបទល្មើសព្រៃឈើពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម និងចិន គឺមានការកើនឡើងយ៉ាងច្រើនសន្ធិកសន្ធាប់។ សម្រាប់ពលរដ្ឋវិញគាត់កាប់តែ៥ហិកតាទៅ១០ហិកតាតែប៉ុណ្ណឹង ប៉ុន្តែចំណែកឈ្មួញវិញ គឺគាត់កាប់រាប់រយរាប់ពាន់ហិកតា រាប់ម៉ឺនហិកតាដែលធ្វើវិនាសកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជា

តំណាងក្រុមការងារការពារបរិស្ថាន និងព្រៃឈើ លោក អ៊ូច ឡេង

របាយការណ៍របស់រដ្ឋាភិបាលចេញផ្សាយឆ្នាំ២០១១ស្តីពី «ធនធានគម្របព្រៃឈើនៅកម្ពុជាឆ្នាំ២០១០» ឲ្យដឹងថា នៅឆ្នាំ១៩៦៥ គម្របព្រៃឈើកម្ពុជា មានប្រមាណ៧៣ភាគរយ ហើយវាបានថយចុះមកនៅប្រមាណ៥៧ភាគរយនៅឆ្នាំ២០១០ ដែលការធ្លាក់ចុះនេះ បណ្តាលមកពីកំណើននៃការប្រើប្រាស់ដីកសិកម្ម ពិសេសដីសម្បទានសេដ្ឋកិច្ច។

ទោះជាយ៉ាងណា ការចុះផ្សាយនៅលើគេហទំព័រ Open Development Cambodia បង្ហាញថា នៅឆ្នាំ១៩៧៣ កម្ពុជាមានព្រៃឈើសរុប ១៣,១លានហិកតា ប៉ុន្ដែរហូតដល់ឆ្នាំ២០១៤ អត្រានេះបានធ្លាក់ចុះមកត្រឹម៨,៧លានហិកតាប៉ុណ្ណោះ។

Loading...

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។