ត្រាំហៅការធ្វើពាណិជ្ជកម្មជាមួយអឺរ៉ុបនិងកាណាដាថាមិនយុត្តិធម៌សម្រាប់អាមេរិក

លោកប្រធានាធិបតីអាមេរិក Donald Trump និងនាយករដ្ឋមន្ត្រីប្រទេសកាណាដា Justin Trudeau (ប្រភព វេបសាយបរទេស)

ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ លើកឡើងថាការធ្វើពាណិជ្ជកម្មរវាងអាមេរិកជាមួយ​ប្រទេស​កាណាដា និងសហភាពអឺរ៉ុបមិនយុត្តិធម៌ទាល់តែសោះសម្រាប់ប្រទេសខ្លួន។

លោកត្រាំបានសរសេរនៅលើបណ្ដាញTwitter របស់លោកនៅថ្ងៃនេះថា៖

ហេតុអ្វីបានជាសហភាពអឺរ៉ុបនិងកាណាដាមិន​ប្រាប់ទៅសាធារណៈជន ថា​អស់រយៈពេលជាច្រើនឆ្នាំមកដែល​ពួកគេបានដាក់ពន្ធយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាបានដាក់​នូវរនាំងពាណិជ្ជកម្មជាច្រើនទៀតប្រឆាំងអាមេរិកផង?

លោកបានលើកឡើងបន្តទៀត វាមិនយុត្តិធម៌សោះសម្រាប់កសិករ កម្មករ និងក្រុមហ៊ុនរបស់អាមេរិក។ ត្រាំ ក៏​ដាស់តឿនដល់សហគមន៍អឺរ៉ុប និង កាណាដា​ផងដែរថាបើប្រទេសទាំងនោះមិនបន្ធូរបន្ថយនិងលុបចោល​រនាំងពាណិជ្ជកម្មទាំងឡាយទេ អាមេរិកនឹងធ្វើខ្លាំងជាងនេះ។​

ការលើកឡើងរបស់លោក ត្រាំ បែបធ្វើឡើងស្របពេលដែលលោកនឹងចូលរួមកិច្ចប្រជុំកំពូលប្រទេស​ក្រុមប្រទេស​មហាអំណាចសេដ្ឋកិច្ចទាំង៧ (G7) នៅប្រទេសកាណាដាដែលធ្វើពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែ មិថុនានេះ។

សម្រាប់សហភាពអឺរ៉ុបក៏ដូចជាកាណាដាតែងតែបដិសេធចោល​នូវការលើកឡើងរបស់មេដឹកអាមេរិក​រូបនេះ ហើយ ប្រទេស​ទាំង​នោះតែងតែក្រើនរំលឹកអាមេរិកពីទំនាក់ទំនងដ៏ល្អដែលខ្លួនធ្លាប់មានជាមួយប្រទេសនេះ។

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានសរសេរលើបណ្ដាញ Twitter របស់លោកនៅថ្ងៃនេះដែរថា ​មិន​វាសម​ទាល់តែសោះសម្រាប់ប្រទេសដែល​ជាសម្ព័ន្ធមិត្តនឹងគ្នាប្រើលេស​រឿងសន្តិសុខជាតិមកដាក់ទណ្ឌកម្មពាណិជ្ជកម្ម​ទៅលើប្រទេស​ដែល​ជាមិត្តខ្លួន។

ប្រធានាធិបតី​​បារាំង លោក អែមម៉ានុយអែល ម៉ាក្រុង

ប្រធានាធិបតីរូបនេះក៏បាន​ព្រមានដល់សហរដ្ឋអាមេរិកផងដែរថា ទីផ្សារ ៦ប្រទេសនៃក្រុមប្រទេស( G7 ) គឺធំជាងទីផ្សារអា​មេរិក។ លោកប្រាប់អាមេរិកថាកុំភ្លេចរឿងនេះឲ្យសោះ។

ភាពតានតឹងរវាងអាមេរិកជាមួយនឹង​សហភាពអឺរ៉ុប និង កាណាដា បានកើតឡើងក្រោយពេល​សហរដ្ឋអាមេរិក​បានចេញ​សេចក្តីសម្រេចមួយដែល​តម្រូវឲ្យមានការដំឡើងពន្ធនាំចូលដែក​និងអាលុយមីញ៉ូមចូលទឹកដីអាមេរិក។​ ទាំងអឺរ៉ុប និងកាណាដា​បានប្រតិកម្មថាពួកគេនឹងសងសឹកអាមេរិកវិញ ដោយដំឡើងពន្ធលើទំនិញមួយចំនួនរបស់សហរដ្ឋអាមេរិក​ដែល​នាំចូលប្រទេស​ទាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ