ពេទ្យសត្វភូមិបារម្ភតម្លៃជ្រូកធ្លាក់ថ្លៃប៉ះពាល់ចំណូល

សិក្ខាសាលាបញ្ចប់គម្រោងពេទ្យសត្វឆ្នើម ឬគម្រោងពង្រឹងសមត្ថភាព និងប្រព័ន្ធភ្នាក់ងារសុខភាពសត្វភូមិដើម្បីបង្កើនប្រាក់ចំណូល ព្រឹកថ្ងៃទី ០៨ មិថុនា ២០១៨ (ថតដោយ ហួត វុទ្ធី)

ក្រុមពេទ្យសត្វភូមិដែលទើបរៀនបញ្ចប់វគ្គ «ពេទ្យសត្វឆ្នើម» មានការព្រួយបារម្ភពីតម្លៃសត្វធ្លាក់ចុះ ជាពិសេសសត្វជ្រូក ដែលអាចធ្វើឲ្យប៉ះពាល់ដល់ចំណូល ដោយសារប្រជាជនឈប់ចិញ្ចឹម។

ក្រុមពេទ្យសត្វភូមិដែលទើបរៀនបញ្ចប់វគ្គ «ពេទ្យសត្វឆ្នើម» មានការព្រួយបារម្ភពីតម្លៃសត្វធ្លាក់ចុះ ជាពិសេសសត្វជ្រូក ដែលអាចធ្វើឲ្យប៉ះពាល់ដល់ចំណូល ដោយសារប្រជាជនឈប់ចិញ្ចឹម។

ថ្លែងក្នុងសិក្ខាសាលាបញ្ចប់គម្រោងពេទ្យសត្វឆ្នើម ឬគម្រោងពង្រឹងសមត្ថភាព និងប្រព័ន្ធភ្នាក់ងារសុខភាពសត្វភូមិដើម្បីបង្កើនប្រាក់ចំណូលនៅភ្នំពេញព្រឹកនេះ ប្រធានគម្រោងពេទ្យសត្វឆ្នើម នៃអង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន (AVSF) លោក លី គឹមលាង មានប្រសាសន៍ថា លោកបារម្ភពីការធ្លាក់ចុះនៃតម្លៃជ្រូកដែលធ្វើឲ្យកសិករបោះបង់ការចិញ្ចឹមជ្រូកធ្វើឲ្យប៉ះពាល់ដល់សេវាកម្មពេទ្យសត្វភូមិ។

ប្រធានគម្រោងពេទ្យសត្វឆ្នើម នៃអង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន (AVSF) លោក លី គឹមលាង
បើសិនជាស្ថានភាពនៃការចិញ្ចឹមជ្រូកហ្នឹងវាមានការធ្លាក់ចុះនូវតម្លៃ អញ្ចឹងប្រជាជននឹងបោះបង់ការចិញ្ចឹមជ្រូកហ្នឹងចោលហើយ។ អញ្ចឹងចំណូលមួយផ្នែកធំពីពេទ្យសត្វភូមិ គឺដោយការផ្តល់សេវាកម្មដល់អ្នកចិញ្ចឹមជ្រូក ចឹង​ក្រៅពីការផ្តល់សេវាកម្មដល់អ្នកចិញ្ចឹមជ្រូក វាមានគោមានក្របីអីអញ្ចឹងដែរ! ប៉ុន្តែប្រភពធំគឺជ្រូក! អញ្ចឹងបើសិនជាកសិករបោះបង់ការចិញ្ចឹមជ្រូកហ្នឹងចោល អញ្ចឹងអាសេវាកម្មរបស់គាត់ហ្នឹងត្រូវថយហើយ។ ប៉ុន្តែខ្ញុំគិតថា តម្លៃជ្រូកប្រសើរវិញហើយ

លោក លី គឹមលាង ប្រធានគម្រោងពេទ្យសត្វឆ្នើម នៃអង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន (AVSF)

លោកបន្ថែមថា បើរដ្ឋាភិបាលមានយន្តការគាំទ្រឲ្យមានតម្លៃជ្រូកថេរ នឹងអាចជំរុញលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹមឡើងវិញ ហើយសេវាកម្មនឹងបន្តដើរឡើងវិញ។

ភ្នាក់ងារសុខភាពសត្វភូមិ នៃគម្រោងអង្គការAVSF លោក ជា សម្ផស្ស ឲ្យដឹងថា​ លោកទទួលបានចំណូលប្រហែល៥០ម៉ឺនរៀលក្នុងមួយខែពីការព្យាបាលសត្វ តែមានការបារម្ភខ្លាចប្រជាជនលែងចិញ្ចឹមជ្រូកបើតម្លៃវាធ្លាក់ចុះ។​

លោក ជា សម្ផស្ស «បាទប៉ះពាល់ត្រង់ថាម៉េច ប៉ះពាល់ត្រង់ថាគាត់លក់ជ្រូកអស់ គាត់លែងចិញ្ចឹមតែម្តង។ ដល់តែអញ្ចឹងវាប៉ះពាល់ដល់សេដ្ឋកិច្ចរបស់យើង បើគាត់លែងចិញ្ចឹមយើងមានជ្រូកឯណាចាក់? ហើយលក់ចំណីក៏មិនដឹងលក់ធ្វើម៉េចដែរ! បើសិនជាគាត់មានជ្រូកចិញ្ចឹមច្រើន គាត់ទិញចំណីពីយើង ទិញថ្នាំព្យាបាលខ្លួនឯងគាត់អាចទិញពីយើង ហើយសេវាកម្មដែលយើងព្យាបាលក៏គាត់ហៅពីយើងដែរ»

សិក្ខាសាលាបញ្ចប់គម្រោងពេទ្យសត្វឆ្នើម ឬគម្រោងពង្រឹងសមត្ថភាព និងប្រព័ន្ធភ្នាក់ងារសុខភាពសត្វភូមិដើម្បីបង្កើនប្រាក់ចំណូលនៅភ្នំពេញព្រឹកនេះ

អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់និង​នេសាទ  លោកស្រី អ៊ុក សាវិន មានប្រសាសន៍ថា ក្រសួងកំពុងតែរៀបចំធ្វើផែនការជំហានបន្ទាប់រយៈពេល៥ឆ្នាំ ហើយនឹងដាក់ បញ្ហានេះចូលដើម្បីជំរុញសកម្មភាពផ្សេងទៀតក្នុងបង្កើនចំណូលដល់ពេទ្យសត្វភូមិ។

យើងគិតថាគាត់មិនបាត់បង់ចំណូលរបស់គាត់ទេ គាត់នឹងកើនចំណូលដោយសារយើងបង្កើតឲ្យគាត់មានមុខរបរច្រើន មិនត្រឹមតែព្យាបាលសត្វ មុខរបរលក់បសុឱសថ ចំណីសត្វ។ ក្រោពីហ្នឹងមិនត្រឹមព្យាបាលគាត់ចិញ្ចឹមសត្វដែរ ហើយគាត់ក៏ផ្សព្វផ្សាយ គេបណ្តុះបណ្តាលពាក់ព័ន្ធនឹងទីផ្សារ ចងក្រងឲ្យក្លាយជាសហគមន៍

លោកស្រី អ៊ុក សាវិន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់និង​នេសាទ 

លោកស្រីបន្ថែមថា អគ្គនាយកដ្ឋាននឹងរើសពេទ្យសត្វដែលមានសមត្ថភាពទៅផ្តល់សេវាកម្មចាក់វ៉ាក់សាំងជំងឺឆ្លងនិងត្រួតពិនិត្យអនាម័យសត្វនៅតាមសត្វឃាតដ្ឋាន។

បើតាមមន្ត្រីគម្រោងឲ្យដឹងថា តម្លៃជ្រូកមានការធ្លាក់ចុះពីរឆ្នាំកន្លងមកហើយ ហើយទើបនឹងងើបឡើងវិញរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

មន្ត្រីដដែលបញ្ជាក់ទៀតថា គម្រោងពេទ្យសត្វឆ្នើមដែលឧបត្ថម្ភដោយសហភាពអឺរ៉ុប មានរយៈពេល២៣ខែកន្លងមកនេះ ទទួលបានជោគជ័យ ដែលគម្រោងនេះបានចាប់ផ្តើមតាំងពី ខែកក្កដា២០១៦ ដល់ខែមិថុនា២០១៨ បណ្តុះបណ្តាលភ្នាក់ងារសុខភាពសត្វភូមិបានជាង២០០០នាក់ ចងក្រងបាន១២សហគមន៍ក្នុង៦ខេត្ត និងគាំទ្រអ្នកចិញ្ចឹមសត្វជាង៩ម៉ឺនគ្រួសារ។

រូបថតក្រោយបញ្ចប់សិក្ខាសាលាគម្រោងពេទ្យសត្វឆ្នើម ឬគម្រោងពង្រឹងសមត្ថភាព និងប្រព័ន្ធភ្នាក់ងារសុខភាពសត្វភូមិដើម្បីបង្កើនប្រាក់ចំណូលនៅភ្នំពេញព្រឹកនេះ
Loading...

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។