អង្គការសង្គមស៊ីវិលហៅប្រកាសអន្តរក្រសួងថាជាការធ្វើទុក្ខបុកម្នេញលើសេរីភាពបញ្ចេញមតិតាមអ៊ិនធើណិត

រូបភាព៖ បណ្តាញទំនាក់ទំនងសង្គម

អង្គការសមាគមជាងមួយរយ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា​ដោយហៅប្រកាស​អន្តរ​ក្រសួ​​ងស្តីពីការគ្រប់គ្រង​កា​រ​ផ្សព្វ​​ផ្សាយ​តាម​គេហទំព័រ និង​ បណ្ដាញសង្គមថា​ជាការធ្វើទុក្ខបុក​ម្នេញលើសេរីភាព​បញ្ចេញ​មតិតាមប្រព័ន្ធ​អ៊ិនធើណិត។

យោងតាមសេចក្តីថ្លែងការណ៍ដែល​ចេញផ្សាយលើគេហទំព័រអង្គការសិទ្ធិមនុស្សលីកាដូ អង្គការ​សមាគម​​ចំនួន​១១៧​ដែល​ធ្វើ​ការងារ​ក្នុងវិស័យ​ផ្សេងៗ​​ហៅប្រកាសអន្តរក្រសួងនេះ ថា​ជាការរឹតត្បិតថែមទៀត​ចំពោះសេរីភាព​បញ្ចេញមតិ​ជា​សាធារណៈ ខណៈដែល​សេរី​ភាព​​នេះកំពុងតែ​ទទួលរង​នូវការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុង​ក្រោយ​​នេះ។​ អង្គការ​សមា​គម​​​​ទាំង​​នោះ ក៏សម្ដែងក្តីបារម្ភទៀតថា​ប្រកាសនេះអាចត្រូវបានប្រើក្នុងការបំបិទសម្លេង​ឬដាក់​ទោស​​ទណ្ឌ​ដល់​អ្នកដែលបង្ហោះ​ឬ​​ចែក​ចាយ​ព័ត៌​​មាន​​ដែល​រិះគន់រដ្ឋាភិបាលផងដែរ​។

តាមសេចក្តីថ្លែងការណ៍ដដែល អង្គការសង្គមស៊ីវិលទាំងនោះ ក៏បានបានសំណូមពរឲ្យរដ្ឋាភិបាលធ្វើការនិរាករណ៍ ប្រកាស​នេះវិញ ដោយយល់ថាវាប៉ះពាល់ជាខ្លាំងដល់សិទ្ធិបញ្ចេញមតិ និងសិទ្ធិ​ឯកជនភាពដែលត្រួវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា។

កាលពីថ្ងៃទី​២៨ខែឧសភាកន្លងទៅក្រសួងចំនួនបីរួមមានក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រសួង​មហាផ្ទៃបាន​ចុះហត្ថលេខារួមគ្នាលើប្រកាសមួយ ចាត់​តាំង​អង្គភាពជំនាញ​រៀងៗ​ខ្លួន​គ្រប់គ្រងការផ្សព្វផ្សាយតាម​គេ​ហទំព័រ​ និង​បណ្តាញ​សង្គម​ដែលផ្សព្វផ្សាយ​ ឬ​ចែក​ចាយខ្លឹម​សារ​ព័ត៌មាន​ទាំងឡាយណា​ដែលបង្ក​ចលាចល​ដល់​វិស័យ​ការពារសន្តិសុខជាតិ ទំនាក់​ទំនង​ជាមួយ​ប្រទេស​ដទៃ​ សេដ្ឋកិច្ច សណ្តាប់​ធ្នាប់​សាធារណៈ ការ​រើស​អើង និង​វប្បធម៌​ ប្រពៃ​ណី ហើយ​អ្នក​ផ្សព្វផ្សាយ​ទាំង​នោះ​​អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ផង​ដែរ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ