បទយកការណ៍៖ កង្វះការគាំទ្រផ្នែកថវិកាធ្វើឲ្យសិស្សសាលាបឋមសិក្សាមួយចំនួននៅស្វាយរៀងខ្វះសៀវភៅអាន

សកម្មភាពបង្រៀន ក្នុងសាលាបឋមសិក្សាត្រពាំងរុណ

ចំងាយប្រមាណតែ៣០គីឡូម៉ែត្រពីទីរួមខេត្តស្វាយរៀង សាលាបឋមសិក្សាមួយ ស្ថិតក្នុងស្រុក រមាសហែក កំពុងជួប​បញ្ហា​ខ្វះខាត​​​ថវិកា​សម្រាប់​​ជួសជុលហេដ្ឋារចនាស័ម្ពន្ធក្នុងបរិវេណសាលា និង សម្រាប់​ទិញ​សម្ភារៈ​ផ្សេងៗ​ឲ្យ​សិស្ស​​សិក្សា​បន្ថែម​​​។

ប្រាប់អ្នកសារព័ត៌មានក្រោយចប់ម៉ោងបង្រៀន គ្រូបង្រៀនមា្នក់ អ្នកស្រី សុខ ចន្ធី រៀបរាប់ថា អគារ​សាលាបឋមសិក្សា​នៅ​ភូមិ​ត្រពាំង​រុណ ឃុំចន្រ្តី កំពុងមានសភាពទ្រុឌទ្រោមនៅតាមកន្លែងខ្លះ ហើយជាពិសេសនោះ គឺសាលាខ្វះសៀវភៅសិក្សាគោល បណ្ណាល័យ និង​សៀវភៅ​អាន​ផ្សេង​ៗសម្រាប់ឲ្យសិស្សសិក្សាបន្ថែមជាដើម។

សិស្សរបស់ខ្ញុំ ការអានហ្នឹង ​សិស្សគាត់អាចអានបានខ្លះ មិនថាទាំងអស់ទេគឺ សិស្សខ្សោយ អានភាសាខ្មែរ​ច្រើន ព្រោះពួកគាត់មិនសូវបានអាន ដោយសារសាលាយើងហ្នឹងនៅខ្វះសៀវភៅសិក្សាគោលអានច្រើន សៀវភៅរឿងអប់រំ​ផ្សេងៗហ្នឹងក៏អត់មានដែរ និយាយទៅ គឺអត់មានតែម្តង យើងអត់មានបណ្ណាល័យ យើងអត់មានសៀវភៅ ឥលូវយើងមាន​តែទូទេ ​អត់មានសៀវភៅទេ

គ្រូបង្រៀនមា្នក់ អ្នកស្រី សុខ ចន្ធី

អ្នកគ្រូបង្រៀនថ្នាក់ទី៤ ដែលកំពុងបង្រៀនសិស្សក្នុងថ្នាក់ចំនួន៥១នាក់រូបនេះ មានសុទិដ្ឋិនិយមថា ប្រសិន​បើ​សាលា​មាន​បណ្ណាល័យ មានសៀវភៅសិក្សាគោល និងសៀវភៅអានផ្សេងៗគ្រប់គ្រាន់ សិស្សរបស់គាត់នឹងទទួលបានចំណេះដឹង​កាន់​តែ​ប្រសើរ​បន្ថែមទៀត តាមរយៈការអានសៀវភៅទាំងនោះក្នុងម៉ោងសិក្សាឬពេលម៉ោងសម្រាក។

ប្រសិនជាមានសៀវភៅពុម្ព ឬ សៀវភៅរឿងអប់រំខ្លីៗ មានរូបភាពសម្រាប់សិស្សអានច្រើន នោះគឺសិស្ស​អាច​អភិវឌ្ឍ​ការអានបានច្រើនដែរ​ ខ្ញុំគិតថា​សិស្ស​នឹង​ចេះ​អាន​គ្រប់​គ្នា។ នៅក្នុង​បន្ទប់ទុកសៀវភៅរាល់ថ្ងៃ មានសៀវភៅ១០ទៅ២០​ក្បាល អស់ហើយ

គ្រូបង្រៀនមា្នក់ អ្នកស្រី សុខ ចន្ធី

តាមការចុះសង្កេតផ្ទាល់ យើងសង្កេតឃើញថា ពេលម៉ោងបង្រៀនភាសាខ្មែរ ក្នុងថ្នាក់ទី៤នោះ សិស្សមានសៀវភៅសិក្សាគោល ឬសៀវភៅពុម្ព សម្រាប់អាននោះ គឺមានតិចតួចណាស់។

សិស្សថ្នាក់ទី៤ នៃសាលាបឋមសិក្សាត្រពាំងរុណ និយាយប្រហាក់ប្រហែលគ្នាថា ពួកគេចូលចិត្តអាន និងចង់អានសៀវភៅរឿង​អប់រំផ្សេង​ៗបន្ថែម ដើម្បីបង្កើនចំណេះដឹង ប៉ុន្តែ សាលាគ្មានសៀវភៅគ្រប់គ្រាន់សម្រាប់ឲ្យពួកគេអាននោះឡើយ។

ចង់ឲ្យគេជួយបន្ថែមសៀវភៅក្នុងបណ្ណាល័យឲ្យមានច្រើន ដូចជាសៀវភៅពុម្ព ភាសាខ្មែរ និងសៀវភៅរឿងនិទានខ្លីៗ

កុមារី ឆាន់ បុលម៉ាណែត សិស្សសាលាបឋមសិក្សាត្រពាំងរុណ

អគារសាលាបឋមសិក្សាត្រពាំងរុណ ដែលសិស្សកំពុងរៀនសព្វថ្ងៃនេះ គឺរដ្ឋាភិបាលបានកសាងឡើងតាំងពីឆ្នាំ១៩៩៧ បន្ទាប់​ពីសាលានេះ​បង្រៀនសិស្សក្រោមដើមឈើចាប់ពីឆ្នាំ១៩៧៩។ នេះបើតាមនាយកសាលាបឋមសិក្សាត្រពាំងរុណ លោក ម៉ី ជូ ។

នាយកសាលារូបនេះ ឲ្យដឹងថា ក្រៅពីខ្វះសៀវភៅសិក្សាគោលនិងសៀវភៅអានផ្សេងៗទៀត សាលាបឋមសិក្សាមួយនេះ​ក៏​ពុំ​មា​ន​​​​​របង គ្មានសួនជីវៈចម្រុះ និងនៅរដូវស្សាតែងតែរងការជន់លិចដោយទឹកជំនន់ផងដែរ ដែលធ្វើ​ឲ្យសិស្ស​មិន​អាច​ដាំ​ដំណាំ​ផ្សេង​ៗ​បាន និងជួបការលំបាកខ្លាំងក្នុងសិក្សានៅរដូវវស្សា។

បរិស្ថានជុំវិញសាលាហ្នឹង វានៅលិចទឹក ដល់អញ្ចឹងទៅក្មេងវាអត់មានរៀនដោយសារ វាឃើញទឹកលិច ហើយទី២ យើងខ្វះរបងសួន កាលមុខសាលាដាំបន្លែនិងផ្កាផ្សេងៗលំអរ សាលាត្រូវគោចូលស៊ីអស់ បញ្ហាហ្នឹង​លំបាក​ដោះស្រាយ​មិនចេញសោះ

នាយកសាលាបឋមសិក្សាត្រពាំងរុណ លោក ម៉ី ជូ

នាយកសាលាវ័យជាង៣០រូបនេះ បន្តថា ថវិកាដែលរដ្ឋាភិបាលទម្លាក់មកឲ្យសាលាសម្រាប់ធ្វើការអភិវឌ្ឍផ្សេងៗនោះ គឺ​មិន​អាច​​ដោះស្រាយបញ្ហាប្រឈមទាំងអស់នេះបានទេ ដោយថា ថវិកានោះមានចំនួន​តិចតួច និង​មានបែងចែក​ទៅ​លើ​ផ្នែក​ផ្សេង​ៗ​ជា​ច្រើន​ទៀត។ ហើយថា ជុំវិញបញ្ហានេះ លោកធ្លាប់រាយការណ៍ប្រាប់មន្ទីរអប់រំស្រុកឲ្យជួយដោះស្រាយដែរ ប៉ុន្តែ​មិន​ទទួល​បាន​ផល​អ្វីនោះទេ។

ខ្ញុំធ្លាប់ស្នើសុំពីមន្ទីរអប់រំស្រុក ប៉ុន្តែគាត់ថា សាលាយើងតូច គាត់ថា ទាល់តែសាលាយើងកម្រិតនេះ កម្រិត​នោះ ទើប​គេ​ប​ង្កើតបណ្ណាល័យ អញ្ចឹងគេអត់ឲ្យ ហើយសៀវភៅក៏អត់មានទាំងអស់ អញ្ចឹង​ការសិក្សា​របស់​សិស្ស​វា​ខ្សោយ​អំណាន​ទៅតាមហ្នឹងដែរដោយសារអត់បានអាន

នាយកសាលាបឋមសិក្សាត្រពាំងរុណ លោក ម៉ី ជូ

នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង មាន៥៥សាលាបឋមសិក្សា ក្នុងនោះមានតែ១០​សាលា ប៉ុណ្ណោះ​មានសៀវភៅ​សិក្សា​គោល​និងសៀវភៅអានក្នុងបណ្ណាល័យគ្រប់គ្រាន់សម្រាប់សិស្សអាន។ នេះបើតាមប្រធានមន្ទីរអប់រំស្រុករមាសហែក លោក ប្រុញ រិទ្ធី។

ចំពោះសៀវភៅសិក្សាគោលដែលក្រសួងផ្តល់ឲ្យនោះ គឺមិនខ្វះទេ បើខ្វះៗតិចតួចទេ ប៉ុន្តែសម្រាប់សៀវភៅ​នៅ​ក្នុងបណ្ណាល័យសម្រាប់ឲ្យសិស្សចូលអានហ្នឹងអត់មានទេ មានតែ១០សាលាទេ ដែល​សាលាគោលដៅ​អង្គការ​«ខេប»​បាន​ឧបត្តម តែចំពោះសាលាក្រៅគោលដៅហ្នឹងអត់មានទេ

នាយកសាលាបឋមសិក្សាត្រពាំងរុណ លោក ម៉ី ជូ

លោក ប្រុញ រិទ្ធី បន្តថា មន្ទីរអប់រំស្រុកមិនអាចជួយថវិកាអ្វីបានដល់សាលាដែលកំពុងខ្វះខាតទាំងនោះបានទេ ដោយថា ថវិកា​ដែល​ក្រសួងទម្លាក់មកឲ្យដើម្បីធ្វើការអភិវឌ្ឍផ្សេងនោះៗ គឺមានចំនួនតិចតួចដែរ។ តែយ៉ាងណាលោកថា មន្ទីរកំពុង សហការជាអង្គការដៃគូរដើម្បីរកជំនួយដោះស្រាយបញ្ហាទាំងអស់នេះ។

អ្នកសម្របសម្រួលកម្មវិធីគណនេយ្យភាពរបស់អង្គការស្ដារកម្ពុជា ដែលកំពុងធ្វើការ​ជំរុញគណនេយ្យភាពសង្គម​ក្នុង​ស្រុក​រមាសហែក អ្នកស្រី ជា ជ័យសុវណ្ណា មាន​ប្រសាសន៍​ថា តាមការអង្កេត សាលាបឋមសិក្សានៅស្រុករមាសហែក គឺមាន​សាលា​មួយចំនួន​នៅតែខ្វះសៀវភៅសិក្សាគោល និង គ្មានសៀវភៅអប់រំផ្សេងៗសម្រាប់សិស្សអាន។

អ្នកស្រី បន្តថា ការខ្វះខាតសៀវភៅសិក្សាគោលនិងគ្មានសៀវភៅផ្សេងៗសម្រាប់សិស្សអាន ​បានប៉ះពាល់ដល់ការសិក្សា​​របស់​សិស្ស ហើយថា អង្គការស្តារកម្ពុជាកំពុងធ្វើការជាមួយស្ថាប័នរដ្ឋនិងអង្គការដៃគូរផ្សេងទៀត​​ ដើម្បី​ដោះស្រាយបញ្ហានេះ។

ផ្តោតទៅគម្រោងអនុវត្តអាយសាស្រ្ត (ISAF) របស់ក្រសួងមហាផ្ទៃ ក្នុងក្របខណ្ឌគណនេយ្យភាពសង្គម ដើម្បី​ពង្រឹងសេវាហ្នឹង អញ្ចឹងយើងកំពុងជំរុញធ្វើយ៉ាងម៉េចធ្វើឲ្យសេវាហ្នឹងទៅតាមស្តង់ដា។ នៅក្នុងហ្នឹង សាលារៀនត្រូវ​មាន​សិស្ស​ប៉ុន្មាននាក់ក្នុងមួយថ្នាក់? ពីថ្នាក់ទី១ដល់ថ្នាក់ទី៣ សិស្សមា្នក់ត្រូវមានសៀវភៅពុម្ពសម្រាប់អាននៅផ្ទះ៣ក្បាល ហើយ​ពី​ថ្នាក់​ទី​៤ដល់ថ្នាក់ទី៦គឺមាន៤ក្បាល ប៉ុន្តែតាមការចុះអង្គេត គឺសាលារៀនខ្លះនៅខ្វះ និង​ពុំមានសៀវភៅ​រឿង​ផ្សេង​ៗ​សម្រាប់​អាន​ទេ

អ្នកសម្របសម្រួលកម្មវិធីគណនេយ្យភាពរបស់អង្គការស្ដារកម្ពុជា អ្នកស្រី ជា ជ័យសុវណ្ណា

ជុំវិញបញ្ហាសាលាបឋមសិក្សាខ្វះសៀវភៅសិក្សាគោល និង សៀវភៅអប់រំផ្សេងៗសម្រាប់អាននេះ ប្រធានមន្ទីអប់រំ និង​នាយក​សាលា​ អ្នកគ្រូលោកគ្រូរួមទាំងសិស្ស បានអំពាវនាវសុំស្ថាប័នពាក់ព័ន្ធ និងសប្បុរសជនជួយ​ឧបត្ថម្ភ​សៀវភៅ​អាន​ផ្សេង​ៗដល់​សាលា​​របស់ពួកគេផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ