មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា​ការពារ​សំណើ​ច្បាប់សញ្ជាតិថ្មីថា​ ការពារផលប្រយោជន៍ជាតិ

ព្រឹទ្ធសភា

ព្រឹទ្ធសភា បាន​អះ​អាង​ដូច​ទៅ​នឹង​រដ្ឋ​សភា​ថា ច្បាប់ស្ដីពីសញ្ជាតិថ្មីដែលខ្លួន​បាន​អនុម័តយល់ព្រម​នៅថ្ងៃនេះ បានការពារផលប្រយោជន៍ដល់ប្រទេសជាតិច្រើនជាងច្បាប់ចាស់ ខណៈសង្គមស៊ីវិលបង្ហាញការព្រួយបារម្ភចំពោះ​ហានិភ័យកើត​មាន​មក​លើ​ប្រទេសកម្ពុជា បន្ទាប់​ពី​ច្បាប់​នេះ​ចូល​ជា​ធរមាន។

ប្រាប់អ្នកសារព័ត៌មាន​ក្រោយកិច្ចប្រជុំពិភាក្សា និងអនុម័តលើ​សេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិថ្មី នៅថ្ងៃនេះ មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ថ្លែងថា ច្បាប់ស្ដីពីសញ្ជាតិថ្មីនេះ មានលក្ខណៈរឹតបន្តឹងចំពោះជនបរទេសដែលចង់ចូលសញ្ជាតិខ្មែរ និងបានការពារផលប្រយោជន៍ប្រទេសជាតិច្រើន​ជាងច្បាប់ចាស់។

កិច្ចប្រជុំពិភាក្សា និងអនុម័តលើ​សេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិថ្មី នាព្រឹកថ្ងៃទី ១១ មិថុនា ២០១៨

​សំណើ​ច្បាប់​ថ្មី​នេះ មិន​បាន​ចែង​ឲ្យ​ច្បាស់​លាស់​អំពី​ចំនួន​ទឹក​ប្រាក់​ជាក់​លាក់​សម្រាប់​ស្នើ​សុំ​ចូល​សញ្ជាតិ​ពី​សំណាក់​វិនិយោគិន​បរទេស​នោះ​ឡើយ ប៉ុន្តែ លោក ម៉ម ប៊ុននាង បក​ស្រាយ​ថា ត្រង់​ចំណុច​នេះ វា​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​រដ្ឋាភិបាល ដើម្បី​កំណត់​ចំនួន​ទឹក​ប្រាក់​តាម​រយៈ​ការ​ចេញ​អនុក្រឹត្យ​មួយ​ដាច់​ដោយ​ឡែក។

ជាក់ស្ដែង ធ្វើដើម្បីការពារផលប្រយោជន៍សង្គមជាតិយើង ហ្នឹងតម្រូវទៅតាមការវិឌ្ឍន៍សង្គមជាតិយើង កំពុងតែវិវត្តយ៉ាងឆាប់រហ័ស វិស័យសេដ្ឋកិច្ចនេះឯង។ បើយើងមិនរឹតបន្តឹងផ្នែកច្បាប់ទេ ការវិវត្ត ហើយនិងការរីកចម្រើន គឺមិនឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ននេះទេ

មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង

អ្នក​តាម​ដាន​នយោបាយ​ លោក ឯម សុវណ្ណារ៉ា  បង្ហាញការព្រួយបារម្ភចំពោះច្បាប់ស្ដីពីសញ្ជាតិថ្មី​ថា អាចបង្កហានិភ័យដល់កម្ពុជា  ដោយសារ ច្បាប់នេះបានបន្ថយរយៈពេលស្នាក់នៅរបស់អ្នកវិនិយោគដែលជាជនបរទេសពី ៧ឆ្នាំមក​នៅ​ត្រឹម ១២​ខែវិញ។

ប្រសិនបើយើងកែប្រែមកច្បាប់សញ្ជាតិថ្មី ហើយអនុម័តអញ្ចឹង បរទេសជាទូទៅដែលមកកម្ពុជា ងាយស្រួលក្នុងការសុំចូលសញ្ជាតិខ្មែរណាស់ ហើយកាលណាងាយស្រួលក្នុងការចូលសញ្ជាតិពេក វាអាចធ្វើឲ្យជាតិសាសន៍មួយ វាអាចងាយបាត់អត្តសញ្ញាណខ្លួនដែរ

អ្នក​តាម​ដាន​នយោបាយ​ លោក ឯម សុវណ្ណារ៉ា 

មាត្រា១០ នៃច្បាប់ស្ដីពីសញ្ជាតិចាស់ឆ្នាំ​១៩៩៦ ចែងថា ចំពោះជនបរទេសណាដែលទទួលបានលិខិតអនុញ្ញាតឲ្យវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយបានអនុវត្តគម្រោងជាក់ស្ដែងចំណាយទុនចំនួនចាប់ពី ១.២៥០.០០០.០០០រៀល(មួយពាន់ពីររយហាសិបលានរៀល) ឡើងទៅ និងស្នាក់នៅរយៈពេល ៧​ឆ្នាំ​នោះ​ ទើបអាចសុំចូលសញ្ជាតិខ្មែរបាន។

ប៉ុន្តែ បើតាមច្បាប់ស្ដីពីសញ្ជាតិថ្មី ត្រង់មាត្រា ២១ និង ២២ មិនមានការកំណត់ចំនួនទឹកប្រាក់ចំពោះជនបរទេសណាដែលមកវិនិយោគនៅកម្ពុជាឲ្យបានច្បាស់ដូចមានចែងក្នុងច្បាប់ចាស់នោះទេ។ ក្រៅពីនេះ នៅក្នុងច្បាប់សញ្ជាតិថ្មីក៏បានបន្ថយរយៈពេលស្នាក់នៅរបស់អ្នកវិនិយោគពី ៧ឆ្នាំមក​ត្រឹម ១២​ខែវិញ។

ច្បាប់ស្ដីពីសញ្ជាតិថ្មី ដែលព្រឹទ្ធសភាអនុម័តយល់ព្រម​​នៅថ្ងៃនេះ​ជាមួយ​សំឡេង​គាំ​ទ្រ ៥៩​លើ​សំឡេង ៥៩​នោះ មានចំនួន ១០ ជំពូក និង៣៨ មាត្រា។

ច្បាប់​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ស្នើ​ឡើង បន្ទាប់​ពី​​មេដឹកនាំវៀតណាមតែងតែស្នើសុំឲ្យ​កម្ពុជា ផ្ដល់ភាពស្របច្បាប់ដល់ពលរដ្ឋរបស់ខ្លួន ១៧​ម៉ឺន​នាក់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ