ជំនួបជាប្រវត្តិសាស្ត្ររវាងមេដឹកនាំកំពូលអាមេរិក ដូណាល់ ត្រាំ និង បុរសខ្លាំងកូរ៉េខាងជើង គីម ជុងអ៊ុន នឹងកើតមាននៅប្រទេសសឹង្ហបុរីនៅថ្ងៃស្អែកនេះ។ ជំនួបដែលស្ថិតនៅក្រោមការយកចិត្តទុកដាក់ពីក្រសែភ្នែកអន្តរជាតិនេះ ត្រូវបានគេរំពឹងថានឹងមានផ្លែផ្កាល្អ ពោលគឺមេដឹកអាមេរិក អាចបញ្ចុះបញ្ចូលមេដឹកនាំកូរ៉េខាងជើងឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែទាំងស្រុង។
ទម្រាំមកដល់ដំណាក់កាលនេះ មេដឹកនាំទាំងពីរតែងតែវាយប្រហារគ្នាទៅវិញទៅមកដោយចោទគ្នារៀងៗខ្លួនថា គ្មានចេតនាក្នុងការដោះស្រាយបញ្ហា។ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ ភាគីកូរ៉េខាងជើងបង្ហាញភាពទន់ភ្លន់ជាងអាមេរិកថា ខ្លួនពិតជាចង់ឲ្យមានការចរចានេះកើតឡើង បើទោះជាភាគីអាមេរិកបានប្រកាសកាលពីថ្ងៃទី២៤ខែឧសភាកន្លងទៅថា នឹងគ្មានជំនួបរវាងមេដឹកនាំអាមេរិកនិងកូរ៉េខាងជើងកើតឡើងទេ ដោយដាក់ការស្តីបន្ទោសទៅលើកូរ៉េខាងជើងថា បានចេញសេចក្តីថ្លែងការដែលថាមានលក្ខណៈខឹងសម្បារនិងបង្ហាញពីភាពជាសត្រូវដោយបើកចំហ បន្ទាប់ពីអាមេរិកនិងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធរួមគ្នា។
ទោះជាយ៉ាងណាដ៏ដោយក៏ភាគីកូរ៉េខាងជើងនៅតែរក្សាជំហរចង់ឲ្យមានជំនួបជាមួយអាមេរិក រហូតបញ្ជូនប្រមុខការទូត របស់ខ្លួនទៅជួបប្រមុខការទូតអាមេរិក ហើយឈានរហូតដល់មានការព្រមព្រៀងគ្នា ថានឹងមានជំនួបរវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នៅសឹង្ហបុរីនាថ្ងៃទី១២ខែមិថុនានេះឡើងវិញ។
ចេតនា និងជំហររបស់កូរ៉េខាងជើងក៏ដូចជាជំនួបរវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងមេដឹកនាំអាមេរិកលោក ដូ ណាល់ត្រាំ នាពេលនេះត្រូវបានសហគមន៍អន្តរជាតិស្វាគមន៍យ៉ាងខ្លាំង ប៉ុន្តែអ្វីដែលគេទន្ទឹងរង់ចាំមើលនោះថាតើលោក ដូណាល់ ត្រាំ អាចលួងលោមកូរ៉េខាងជើងឲ្យបោះបង់អាវុធនុយក្លេអ៊ែដែរឬទេ?
ក្នុងសន្និសិទសារព័ត៌មានមួយបន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង៧ នៅប្រទេសកាណាដា កាលពីថ្ងៃទី៩ខែមិថុនាកន្លងទៅ លោក ដូណាល់ ត្រាំបានថ្លែងថាលោក គីម ជុងអ៊ុន កំពុងតែធ្វើរឿងដ៏អស្ចារ្យសម្រាប់ប្រជាពលរដ្ឋខ្លួន។ ត្រាំ សង្ឃឹមថាលោក គីម ជុងអ៊ុន នឹងបោះបង់អាវុធនុយក្លេអ៊ែ ដោយលោកបញ្ជាក់ថាមេដឹកកូរ៉េខាងជើងនឹងគ្មានឱកាសជួបគ្នាបែបនេះទៀតទេ បើមិនយល់ព្រមបោះបង់អាវុធនុយក្លេអ៊ែនោះទេ។ លោកបញ្ជាក់បន្ថែមថាត្រឹមតែមួយនាទីប៉ុណ្ណោះលោកអាចដឹងថាលោក គីម ជុងអ៊ុនមានចេតនាចង់បោះបង់ឬមិនបោះបង់អាវុធនុយក្លេអ៊ែបាត់ទៅហើយ។ លោកថែមទាំងគំរាមទៀតថាប្រសិនបើកូរ៉េខាងជើងនៅតែមានចេតនាចង់រក្សានុយក្លេអ៊ែរ លោកនឹងដើរចេញពីកិច្ចប្រជុំនោះភ្លាម។
អាវុធនុយក្លេអ៊ែត្រូវបានគេមើលឃើញថាជាសន្លឹកបៀរមួយដ៏សំខាន់សម្រាប់មេដឹកនាំកូរ៉េខាងជើងលើកយកមកជជែកជាមួយសហគមន៍អន្តរជាតិជាពិសេសអាមេរិក។
ទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់សម្តីលោក Thae Yong-ho អតីតអនុប្រធានទូតកូរ៉េខាងជើងប្រចាំចក្រភពអង់គ្លេស ដែលចុះចូលជាមួយកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៦ ថាកូរ៉េខាងជើងនឹងមិនបោះបង់អាវុធនុយក្លេអ៊ែទាំងស្រុងនោះទេ។ ក្នុងបទសំភាសន៍ជាមួយវិទ្យុអាស៊ីសេរីកូរ៉េខាងជើង កាលពីដើមខែឧសភា លោកThae Yong-ho បាននិយាយថាតាំងពីជំនាន់ជីតានិងឪពុករបស់លោក គីម ជុងអ៊ុន មកម្ល៉េះសុទ្ធតែចង់ចាប់ដៃក្នុងនាមជាមេដឹកនាំប្រទេសមួយជាមួយប្រធានាធិបតីអាមេរិក។ លោកហៅជំនួបរបស់មេដឹកនាំកូរ៉េខាងជើងជាមួយមេដឹកនាំអាមេរិកថាជាជោគជ័យផ្នែកការទូតមួយដ៏ធំរបស់មេដឹកនាំកូរ៉េខាងជើង។
លោក Thae Yong-ho សន្និដ្ឋានថាជំនួបរវាងលោក ត្រាំ និងលោក គីម គឺគ្រាន់តែធ្វើឲ្យការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើងថយចុះតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ទៀតថាការលើកឡើងរបស់កូរ៉េជើងពីការកម្ទេចទីតាំងសាកល្បងនុយក្លេអ៊ែរ វាជារឿងអតីតតែប៉ុណ្ណោះ ព្រោះថាពេលនេះកូរ៉េខាងជើងបានសាកល្បងរួចរាល់ហើយ។ ទន្ទឹមនឹងនេះលោកក៏បានលើកឡើងទៀតដែរថារឿងធ្វើអាវុធនុយក្លេអ៊ែរឆ្លងទ្វីបជារឿងអនាគត។
និយាយជារួមបើទោះណាជាកូរ៉េខាងជើងសន្យាថា នឹងកម្ទេចទីតាំងសាកល្បងនុយក្លេអ៊ែរ និងបញ្ឈប់គម្រោងសាកល្បងនុយក្លេអ៊ែរឆ្លងទ្វីបយ៉ាងណាក៏ដោយចុះ ក៏ប្រទេសនេះនៅតែមាននុយក្លេអ៊ែរដដែល។ នេះបើតាមការបញ្ជាក់ពីអតីតអនុប្រធានទូតកូរ៉េខាងជើងប្រចាំចក្រភពអង់គ្លេសដែលចុះចូលជាមួយកូរ៉េខាងត្បូងលោក Thae Yong-ho។
ស្រដៀងគ្នានេះដែរ មន្ត្រីភ្នាក់ងារស៊ើបការណ៍សំងាត់ CIA របស់អាមេរិកបានប្រាប់សារព័ត៌មាន NBC ថាកូរ៉េខាងជើងនឹងមិនបោះបង់អាវុធនុយក្លេអ៊ែរឡើយ ហើយជំនួបរវាងត្រាំនឹងគីមអាចគ្រាន់តែជួយត្រួសត្រាយផ្លូវឲ្យមានការបើកការិយាល័យតំណាងប្រទេសកូរ៉េខាងជើងនៅអាមេរិក ហើយនិងការិយាល័យតំណាងអាមេរិកនៅកូរ៉េខាងជើង។
យ៉ាងណាមិញសំណួរដែលថាតើកូរ៉េខាងជើងនឹងបោះបង់ចោលទាំងស្រុងនូវអាវុធនុយក្លេអ៊ែរឬយ៉ាងណានឹងត្រូវបានលាតត្រដាងជាសាធារណៈនៅថ្ងៃស្អែកនេះ ក្រោយជំនួបទ្វេរភាគីជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។