រដ្ឋាភិបាលផ្តល់រង្វាន់លើកទឹកចិត្តមន្ត្រីបង្ក្រាបគ្រឿងញៀនជិត៣០ម៉ឺនដុល្លារ​

រូបភាព៖ អគ្គស្នងការនគរបាលជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រគល់រង្វាន់លើកទឹកចិត្តជិត៣០ម៉ឺនដុល្លារដល់អង្គភាពចំនួន៤ ដែលបានចុះបង្ក្រាបបទល្មើសគ្រឿងញៀនអំឡុង​ពេលជាង៥ខែចុងក្រោយនេះ។

ក្នុង​វេបសាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយកាលពីម្សិលមិញថា រដ្ឋាភិបាលផ្តល់ពាន់រង្វាន់២៩ម៉ឺនដុល្លារអាមេរិកទៅឲ្យ​មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមស៊ើបអង្កេតបទល្មើសឆ្លងកាត់ព្រំដែន ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និង​កងរាជអាវុធហត្ថ ដើម្បី​យកទៅ​ប្រើប្រាស់ ដឹកនាំ រៀបចំផែនការបង្ក្រាប ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្ដទៀត ដោយថា​ មិនមែនផ្ដល់ជូន ដើម្បីយកទៅចាយស្រេចតែចិត្តនោះទេ។

អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ លោក មាស វីរិទ្ធ មានប្រសាសន៍បន្ថែមថា រដ្ឋផ្តល់រង្វាន់លើកទឹកចិត្តដល់មន្ត្រីបង្ក្រាបគ្រឿងញៀន ដើម្បីឲ្យពួកគេធ្វើការងារប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ក្នុងក្របខណ្ឌនេះយើងនឹងបន្តខិតខំប្រឹងប្រែង​អនុវត្តស្របទៅតាមតួនាទី ភារកិច្ចដែលបានបញ្ញត្តិនៅក្នុងឯកសារគតិយុត្តិដែលរាជរដ្ឋាភិបាលប្រគល់ជូន ដោយពង្រឹងយន្តការ និងជំរុញរាល់យន្តការ​ទាំងអស់ឲ្យដំណើយការ​ស្មើៗគ្នា ដើម្បីធ្វើឲ្យការប្រព្រឹត្តបទល្មើសឧក្រិដ្ឋផ្សេង​ៗកាន់តែទ្រុឌទ្រោម ឬក៏ថយចុះ

អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ លោក មាស វីរិទ្ធ

លោក វីរិទ្ធ បញ្ជាក់ថា រយៈពេលជិត៦ខែ ឆ្នាំ២០១៨នេះ​ សមត្ថកិច្ចចុះបង្ក្រាបបទល្មើសគ្រឿង​ញៀនប្រហែល៦ពាន់​នាក់ ដោយ​ក្នុងនោះអ្នកជួញដូរប្រហែលជា៤ពាន់នាក់ និងអ្នកប្រើប្រាស់ប្រហែល២ពាន់នាក់តែប៉ុណ្ណោះ ខណៈរបាយការណ៍នេះលោកថា​មិនទាន់ប្រៀបធៀបជាមួយឆ្នាំ២០១៧នៅឡើយ ដោយសារក្រុមការងារកំពុងរវល់ស្របពេលបោះឆ្នោតជិតមកដល់។

ប្រធានសមាគមន៍សង្គ្រោះជនរងគ្រោះ​ ដោយគ្រឿងញៀនកម្ពុជា  ហៅកាត់ថា DARAC លោក មាស សុវណ្ណ មានប្រសាសន៍ថា ការ​ប្រគល់រង្វាន់លើកទឹកចិត្តជិត៣០ម៉ឺនដុល្លារដល់អង្គភាពចំនួន៤ មិនអាចជួយកាត់បន្ថយបទល្មើសគ្រឿងញៀនបានទេ ដោយសារថវិកានោះចូលក្នុងហោប៉ៅឯកជនទៅវិញ។

លោក​ផ្តល់ជាអនុសាសន៍ថា ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យ​មានប្រសិទ្ធិភាព រដ្ឋាភិបាលត្រូវ​ផ្តល់​ថវិកាឲ្យគ្រប់គ្រាន់ជួយដល់​មណ្ឌលអប់រំកែប្រែអ្នកញៀនថ្នាំ នៅតាមមណ្ឌលរបស់រដ្ឋនិងឯកជន រួមទាំងសហគមន៍សង្គ្រោះគ្រឿងញៀនជាដើម។

ស្ថាប័នណាក៏ដោយ ត្រូវ​រួមគំនិត​ និងរួមដៃគ្នា ដើម្បីទប់ស្កាត់។​ ការទប់ស្កាត់ ការផ្សព្វផ្សា​យ​អំពីផលប៉ះពាល់​ លើកឡើងអំពីផ្លូវ​ច្បាប់​ គោលការណ៍នៃការផ្សព្វផ្សាយ ដើម្បីឲ្យអ្នកដែលមិនទាន់បានប្រើប្រាស់​គួរកុំលូកដៃប៉ះ ។ អ្នកដែលប្រើប្រាស់ហើយ គួរតែ​រកមណ្ឌលកែប្រែ រកមណ្ឌលកែប្រែព្យាបាល​ឲ្យ​ត្រូវ​បញត្តិច្បាប់

លោក មាស សុវណ្ណ ប្រធានសមាគមន៍សង្គ្រោះជនរងគ្រោះ​ ដោយគ្រឿងញៀនកម្ពុជា  ហៅកាត់ថា DARAC

​របាយការណ៍សង្ខេបស្តីពីលទ្ធការងារត្រួតពិនិត្យគ្រឿងញៀនកាលពីឆ្នាំ២០១៧ បាន​ឲ្យដឹងថា ចំនួន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​​នៅ​ទូទាំង​ប្រទេស បាន​កើន​ឡើង​ពី​ចំនួន ៧ ៣០១​នាក់​នៅ​ឆ្នាំ​២០១៦ ទៅ​ដល់​ចំនួន ១២ ៦៩៥​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៧ ពោល​គឺ​បាន​កើន​ឡើង​ដល់​ទៅ ៧៣.៨៨​ភាគរយ។

របាយការណ៍ដដែល ​បានឲ្យដឹងទៀតថា បទ​ល្មើស​គ្រឿង​ញៀន​ដល់​ទៅ ៨ ១៧៣​ករណី ត្រូវ​​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ឆ្នាំ​២០១៧ ដោយ​មាន​កំណើន​ដល់​ ៩២.៤៨​ភាគរយ បើធៀប​នឹង​តួលេខ​ឆ្នាំ​២០១៦ ដែល​មាន​ចំនួន ៤ ២៤៦​ករណី

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាសពី​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​កាល​ពី​ដើម​ឆ្នាំ​២០១៧​កន្លង​ទៅ បន្ទាប់​ពីដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ កាល​ពី​ពាក់​​កណ្ដាល​ខែ​ធ្នូ​ឆ្នាំ​២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ