សហជីពស្នើព្រឹទ្ធសភាកុំឲ្យកែច្បាប់ការងារ

កម្មកររោងចក្រ

សហភាពសហជីពកម្ពុជា សម្តែងកង្វល់ចំពោះការកែច្បាប់ស្តីពីការងារ ដោយស្នើឲ្យព្រឹទ្ធសភាកុំធ្វើការអនុម័តលើសេចក្តីព្រាងច្បាប់វិសោធនកម្មនេះ ដោយថា នឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍កម្មករនិយោជិត និងសិទ្ធិសេរីភាពសហជីព។

ការស្នើនេះធ្វើឡើងបន្ទាប់ពីរដ្ឋសភាបានអនុម័តសេចក្តីព្រាងវិសោធនកម្មនៃច្បាប់ស្តីពីការងារ កាលពីថ្ងៃទី៤ មិថុនា ទៅលើមាត្រាមួយចំនួន និងកំពុងបញ្ជូនបន្តមកព្រឹទ្ធសភាដើម្បីពិនិត្យអនុម័តសម្រេច។

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រាប់ VOD បន្ថែមលើសេចក្តីថ្លែងការណ៍ដែលចេញនៅថ្ងៃនេះ ថាមាត្រាដែលបានកែប្រែនេះ នឹងនាំឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពសហជីព និងផលប្រយោជន៍របស់កម្មករនិយោជិត បន្ទាប់ពីច្បាប់នេះចូលជាធរមាន។

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន
ក្នុងវាក្យខ័ណ្ឌទី៤នៃមាត្រា៨៧ថ្មី មិនឲ្យនិយោជកទទួលខុសត្រូវនៅពេលដែលសហគ្រាស និងគ្រឹះស្ថានបិទទ្វារ។ អាហ្នឹងដែលជាការដោះបន្ទុកឲ្យនិយោជកមិនទទួលខុសត្រូវចំពោះកម្មករនៅពេលដែលរោងចក្របិទ ហើយយើងមើលឃើញថា ការដែលធ្វើវិសោធនកម្មស្នើដោយរដ្ឋាភិបាលនេះ គ្រាន់តែជាការផ្គាប់ចិត្តទៅតាមការចង់បានរបស់និយោជក វាមិនមែនធ្វើដើម្បីផលប្រយោជន៍កម្មករនោះទេ

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន

ប្រធានសហភាពសហជីពកម្ពុជា សូមរដ្ឋាភិបាលឲ្យពិនិត្យមើលឡើងវិញនូវសេចក្តីព្រាងវិសោធនកម្មនេះ និងឲ្យក្រុមហ៊ុនតម្កល់ថវិកានៅរតនាគារជាតិសម្រាប់បើកជូនកម្មករនៅពេលរោងចក្របិទទ្វារ។ ​​លោកក៏សូមឲ្យរក្សាមាត្រា៨៧ចាស់ដដែល និងសូមឲ្យបើកប្រាក់បំណាច់អតីតភាពការងាររយៈពេលបីឆ្នាំម្តង។

អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង មានប្រសាសន៍ឆ្លើយតបថា ព្រឹទ្ធសភានៅមិនទាន់ទទួលបានសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់នេះនៅឡើយទេ តែថា ឲ្យមើលច្បាប់សហជីពដែលមានប្រយោជន៍ច្រើនចំពោះកម្មករ។

អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង
មិនគួរព្រួយបារម្ភទេ! ទុកឲ្យច្បាប់ហ្នឹងមកដល់ព្រឹទ្ធសភា គេនឹងពិនិត្យមើលថាវាយ៉ាងម៉េច? ហើយគេធ្វើហ្នឹងគឺដើម្បីជួយដល់ប្រជាជន និងកម្មករទេ! បង្កើនប្រាក់ឈ្នួល ឬក៏សុខភាពសាធារណៈ ឬក៏មធ្យោបាយ ឬក៏ការថែបំប៉ន ឬក៏ពេលដែលប្រជាពលរដ្ឋ កម្មករ កម្មារិនីដល់អាយុចូលនិវត្តន៍ហ្នឹង គឺយើងត្រូវមានប្រាក់ធានាវិវត្តជនឲ្យគាត់ទៀត

អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង

បើតាមអ្នកនាំពាក្យព្រឹទ្ធសភារូបនេះ សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីច្បាប់ការងារថ្មីនេះ នឹងមកដល់ដៃព្រឹទ្ធសភានៅថ្ងៃទី១៤មិថុនានេះ ហើយបើគ្មានអ្វីប្រែប្រួល ព្រឹទ្ធសភានឹងអនុម័តនៅដើមសប្តាហ៍ក្រោយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ