ស្រី្ដវ័យកណ្ដាលម្នាក់ សំបុរខ្មៅស្រអែម សក់រួញអង្គាដីបន្ដិច ស្លៀកសម្លៀកបំពាក់គេងយប់ធូររលុង កំពស់ប្រមាណជាង១ម៉ែត្រកន្លះ កំពុងតែមមាញឹកនឹងការរៀបចំបត់កម្រាលជាកិច្ចការប្រចាំថ្ងៃរបស់ខ្លួននៅក្នុងបន្ទប់សំរាប់ផ្ទុកសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះសំណាក់មួយកន្លែង ដូចជា កម្រាលពូក ភួយ ខ្នើយ និងកន្សែង ហើយក៏ជាបន្ទប់គេងផ្ទាល់ខ្លួនផងដែរ។
ក្រោយពីរៀបចំបន្ទប់របស់ខ្លួនជាមួយឥវ៉ាន់ដែលបានដាក់រប៉ាត់រប៉ាយមួយគំនរធំរួចរាល់ហើយ អ្នកស្រី បានងាកមកផ្ដល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវីអូឌី ពីបទពិសោធន៍ ដែលបានជួបប្រទះនៅពេលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដែលមិនអាចបំភ្លេចបាន។
អ្នកស្រី រស់ អាយុ៣៤ ជាស្រ្ដីកំព្រាឪពុកម្ដាយ និង មានប្អូនស្រីបង្កើតអាយុ១៣ឆ្នាំរស់នៅជាមួយពូម្នាក់នៅស្រុកកំណើតក្នុងភូមិសុបិន្ដ ឃុំព្រៃខ្លា ខេត្តព្រៃវែង ព្រោះឪពុកម្ដាយបានស្លាប់ចោលតាំងពីអ្នកស្រី អាយុ១៤ឆ្នាំមកម្ល៉េះ ដោយសារជំងឺប្រចាំកាយ។
ដោយការរស់នៅជាមួយពូមានជីវភាពលំបាក ហើយអ្នកស្រីចង់បានចំណូលដើម្បីផ្គត់ផ្គង់ប្អូនទៅរៀន និងសង់ផ្ទះថ្មីមួយខ្នង ទើបអ្នកស្រីសំរេចចិត្តទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០០៨ ជាមួយប្អូនជីដូនមួយម្នាក់និង អ្នកភូមិម្នាក់តាមការឃោសនារបស់បុរសម្នាក់ឈ្មោះ ម៉ាប់ ដែលរស់នៅក្នុងភូមិជាមួយគ្នានោះ។
អ្នកស្រី រស់ អាយុ៣៤ ស្ត្រីរងគ្រោះដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី
នៅប្រទេសម៉ាឡេស៊ី អ្នកស្រីបានធ្វើការនៅផ្ទះមួយ ដែលមានសមាជិក៥នាក់ និងមានឡាន១០គ្រឿង។ រៀងរាល់ថ្ងៃ អ្នកស្រី ក្រោកពីដំណេកម៉ោង១ឬ២ព្រឹកព្រលឹម ដើម្បីលាងឡាន ជូតផ្ទះ និងដើរមើលតាមបន្ទប់ដើម្បីរៀបចំ អោយមានរបៀបរៀបរយ ហើយនៅល្ងាចបន្ដិច ក៏ទៅលាងសម្អាតសត្វឆ្កែស្រោចផ្កា និង បោកសម្លៀកបំពាក់របស់ម្ចាស់ផ្ទះ។ ពេលខ្លះអ្នកស្រីថា អ្នកស្រីត្រូវរងចាំបើកទ្វារឲ្យម្ចាស់ផ្ទះរហូតដល់ម៉ោង១០យប់ឯណោះ។ អ្នកស្រីធ្វើការគ្មានថ្ងៃសៅរ៍ ឬអាទិត្យនោះទេ។
នៅពេល ដែលមកធ្វើការនៅប្រទេសម៉ាឡេស៊ី អ្នកស្រី រស់ សង្ឃឹមថា បានប្រាក់ជួយផ្គត់ផ្គង់គ្រួសារ និងសង់ផ្ទះថ្មី តែក្តីស្រមៃរបស់អ្នកស្រី មិនបានក្លាយជាការពិតនោះទេ។ ផ្ទុយទៅវិញ វាធ្វើឲ្យអ្នកស្រី ជួបការលំបាកជាងមុនទៅទៀត ព្រោះថៅកែ បានវាយធ្វើបាប ហើយក្នុងរយៈពេល១ឆ្នាំ៤ខែថៅកែមិនបានបើកប្រាក់ឈ្នួលប្រចាំខែឲ្យគាត់នោះទេ។ រឿងរ៉ាវរបស់អ្នកស្រី រស់ ជាឧទាហរណ៍មួយក្នុងចំណោមរឿងជាច្រើនទៀតដែលបានកើតឡើងចំពោះស្រ្តីខ្មែរ ដែលធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី។
អ្នកស្រីបាននិយាយរៀបរាប់ទាំងទឹកមុខងើយឆ្ងល់ថា៖
អ្នកស្រី រស់ អាយុ៣៤ ស្ត្រីរងគ្រោះដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី
ក្នុងរយៈពេលធ្វើការ១ឆ្នំាដំបូង អ្នកស្រីមិនបានជួបបញ្ហាលំបាកខ្លាំងនោះទេ ទោះកិច្ចការទាំងនោះហត់ខ្លាំងក៏ដោយ ក៏អ្នកស្រីអាចស៊ូទ្រាំរស់នៅទីនោះតទៅទៀត។ តែក្នុងរយៈពេលបួនខែចុងក្រោយអ្នកស្រីបានជួបបញ្ហាជាច្រើនដោយមានទាំងការធ្វើបាបលើរាងកាយ និងបៀតបៀនផ្លូវភេទលើខ្លួន។ ថ្ងៃមួយ អ្នកស្រីថា ថៅកែយល់ច្រលំថា គាត់ជាអ្នកធ្វើអោយឆ្លងចរន្ដអគ្គិសនី ដែលបណ្ដាល អោយដាច់ភ្លើងក្នុងតំបន់នោះ ហើយថៅកែ បានស្តីបន្ទោសនិងវាយអ្នកស្រី ដោយពុំស្តាប់មូលហេតុ។
អ្នកស្រី រស់ អាយុ៣៤ ស្ត្រីរងគ្រោះដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី
ចាប់ពីថ្ងៃដែលថៅកែធ្វើបាបអ្នកស្រីមក គឺថៅកែបានបង្ខំអោយលេបថ្នាំញៀន១គ្រាប់រៀងរាល់ថ្ងៃ។ អ្នកស្រីថា ពួកគេបានដាក់ការងារអោយធ្វើកាន់តែច្រើននិងធ្ងន់ធ្ងរជាងមុន ហើយពេលធ្វើខុសម្តងៗ គឺគេតែងតែប្រើអំពើហិង្សា។ អ្នកស្រី អាចទ្រាំទ្រការងាលំបាកគ្រប់យ៉ាងបាន តែអ្នកស្រីមិនអាចអត់ធ្មត់បាន នៅពេលកូនប្រុសម្ចាស់ផ្ទះបៀតបៀនផ្លូវភេទ ខណៈឪពុកម្ដាយមិននៅផ្ទះ ទើបអ្នកស្រីចង់មកស្រុកកំណើតវិញ។
អ្នកស្រីបានរៀបរាប់ទាំងគិតមួយសន្ទុះនិងអោនមុខមើលក្រចកហើយនិយាយថា៖
អ្នកស្រី រស់ អាយុ៣៤ ស្ត្រីរងគ្រោះដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី
ក្រោយថ្ងៃកើតហេតុអ្នកស្រីថា អ្នកស្រី បានខ្ចីទូរសព្ទថៅកែ ដើម្បីទាក់ទងពូឲ្យជួយអន្តរាគមន៍ត្រឡប់មកប្រទេសកំណើតវិញ តែក្រោយមកម្ចាស់ផ្ទះបានដឹង ហើយក៏វាយអ្នកស្រី និងឆក់ខ្សែរភ្លើងរហូតដល់សន្លប់។
លោក ភួង ប៉ក់ អាយុ៥៦ឆ្នាំ ជាពូបង្កើតរបស់អ្នកស្រី បានទាក់ទងទៅក្រុមហ៊ុនឲ្យជួយអន្តរាគមន៍។ ក្រោយមកក្រុមហ៊ុនបានយកអ្នកស្រីចេញពីផ្ទះនោះ។
លោក ប៉ក់ បានប្រាប់វីអូឌីតាមទូរស័ព្ទថា៖
លោក ភួង ប៉ក់ អាយុ៥៦ឆ្នាំ ជាពូបង្កើតរបស់អ្នកស្រី រស់
មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា នៅឆ្នាំ២០១០ អង្គការលីកាដូ បានជួយអន្តរាគមន៍ឲ្យអ្នកស្រីត្រលប់មកពីប្រទេសម៉ាឡេស៊ី។
ចំពោះករណីអ្នកស្រីរស់ លោក សំអាត ឲ្យដឹងថា នៅពេលត្រលប់មកដល់ប្រទេសកម្ពុជាវិញ អ្នកស្រីមានសុខភាពមិនល្អ និង មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដោយសារការធ្វើបាបពីថៅកែ។ ក្រោយមក អង្គការលីកាដូ បានបញ្ជូនអ្នកស្រីទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។
មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ លោក អំ សំអាត
បន្ទាប់ពីការព្យាបាលជិត៨ឆ្នាំ ជម្ងឺរបស់អ្នកស្រី រស់ បានធូរស្បើយជាងមុន ហើយអ្នកស្រីអាចមានលទ្ធភាពធ្វើការដូចដើមវិញ។ កាលពីខែមេសាឆ្នាំ២០១៨ អ្នកស្រី បានមកធ្វើការនៅផ្ទះសំណាក់មួយ ក្នុងរាជធានីភ្នំពេញជាមួយកូនស្រីអាយុ៦ឆ្នាំ ក្រោយពីលែងលះជាមួយប្ដី ដោយសារតែរស់នៅមិនចុះសម្រុងគ្នាអស់រយៈពេល៦ឆ្នាំមក។
ឆ្លងកាត់ភាពលំបាកជាច្រើនឆ្នាំ អ្នកស្រី រស់ បានផ្តាំផ្ញើទៅប្រជាពលរដ្ឋខ្មែរ ទាំងអស់ត្រូវប្រុងប្រយ័ត្នមុនសម្រេចចិត្តទៅធ្វើការក្រៅប្រទេស ក៏ដូចជាប្រទេសម៉ាឡេស៊ី ដើម្បីរួចផុតពីការធ្វើបាបនិងបៀតបៀនផ្លូវភេទពីថៅកែ។
អ្នកស្រី រស់ អាយុ៣៤ ស្ត្រីរងគ្រោះដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី
នៅថ្ងៃទី ៩ ខែកម្ភៈ ឆ្នាំ២០១៨ លោក អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ បានជួប លោក Dato Sri Richard Riot Anak Jaem រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស នៃប្រទេសម៉ាឡេស៊ី ដើម្បីបន្តពិភាក្សាលើការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្តីពីការជ្រើសរើស ការបញ្ជូន និងការគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។
ភាគីទាំងពីរបានឯកភាពគ្នា ចាប់ផ្តើមដំណើរការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី លើកដំបូងនាដើមខែមិថុនា ឆ្នាំ២០១៨ នេះ ប៉ុន្តែអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានបញ្ជាក់ថា មកដល់ពេលនេះមិនទាន់មានដំណើរការបញ្ជូនពលការទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនៅឡើយទេ ពីព្រោះក្រសួងត្រូវការពេលមួយរយៈទៀតដើម្បីពិនិត្យលើកិច្ចព្រមព្រៀងបច្ចេកទេសពាក់ព័ន្ធជាមួយនឹងកម្មវិធីនៃការបណ្ដុះបណ្ដាលមុនពេលចេញដំណើរហើយនិងប្រព័ន្ធគ្រប់គ្រងពលការនី។
ទោះបីជាមានកិច្ចព្រមព្រៀងរវាងកម្ពុជានិងម៉ាឡេស៊ីយ៉ាងណាក៏ដោយ លោក ហេង សួរ គិតថាចំនួនពលការនីដែលទៅធ្វើការនៅទីនោះនឹងតិចជាងមុន ពីព្រោះឥឡូវកម្មការនីធ្វើការនៅរោងចក្រកាត់ដេរទទួលបានប្រាក់ខែខ្ពស់។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ
លោក សំអាត នៅតែមានការព្រួយបារម្ភសុវត្ថិភាពលករខែ្មរទៅធ្វើការនៅក្រៅប្រទេស ហើយលោកលើកទឹកចិត្តឲ្យពលរដ្ឋខ្មែររការងារធ្វើនៅក្នុងប្រទេសវិញ។
មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ លោក អំ សំអាត
កាលពីខែតុលា ឆ្នាំ២០១២ រដ្ឋាភិបាលបានសម្រេចផ្អាកបណ្ដោះអាសន្នដោយមិនឲ្យមានការបញ្ចូនពលករបម្រើតាមផ្ទះទៅប្រទេសម៉ាឡេស៊ី ដោយសារតែមានករណីធ្វើបាបពលករនៅទីនោះគ្រប់រូបភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត តែបើបើយោងតាមអ្នកនាំពាក្យក្រៃសួងការងារបានឲ្យដឹងថា គិតមកដល់សព្វថ្ងៃនេះនៅប្រទេសម៉ាឡេស៊ីមានពលករចំនួនជាង៣ម៉ឺននាក់ នៅតែបន្ដធ្វើការនៅទីនោះ។