អត្ថបទព័ត៌មានថ្មីៗ

អង្គការសិទ្ធិលំនៅឋានចោទអាជ្ញាធរថា គំរាមកំហែងនៅកន្លែងពួកគេបង្រៀនពលរដ្ឋ

រូបភាព៖ អង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន

អង្គការ​សិទ្ធិ​មនុស្ស​មួយ​ ថា​អាជ្ញាធរ​សង្កាត់​ផ្សារ​ដើម​ថ្កូវ​បាន​ធ្វើ​សកម្មភាពគំរាម​កំហែង​ទៅ​កាន់​ម្ចាស់​ហាង​មួយ​កន្លែង​ឲ្យ​បញ្ឈប់​​​​ការ​ជួប​ជុំ​របស់​ពួកគេ​ និង​បណ្តេញ​ចេញ​ពី​ហាង បន្ទាប់​ពី​អង្គការ​នេះ​បាន​បើ​កវគ្គ​បណ្តុះ​បណ្តាល​សិទ្ធិ​មនុស្សដល់​សហគមន៍​​ដីធ្លីមួយ​ចំនួន។

អង្គការ​សិទ្ធិ​មនុស្ស​មួយ​ ថា​អាជ្ញាធរ​សង្កាត់​ផ្សារ​ដើម​ថ្កូវ​បាន​ធ្វើ​សកម្មភាពគំរាម​កំហែង​ទៅ​កាន់​ម្ចាស់​ហាង​មួយ​កន្លែង​ឲ្យ​បញ្ឈប់​​​​ការ​ជួប​ជុំ​របស់​ពួកគេ​ និង​បណ្តេញ​ចេញ​ពី​ហាង បន្ទាប់​ពី​អង្គការ​នេះ​បាន​បើ​កវគ្គ​បណ្តុះ​បណ្តាល​សិទ្ធិ​មនុស្សដល់​សហគមន៍​​ដីធ្លីមួយ​ចំនួន។

មន្ត្រី​អង្គការក្រុម​ការងារ​​សិទ្ធិ​លំនៅ​ដ្ឋាន​លោក រស់ រក្សា​ បាន​ឲ្យ​វីអូ​ឌី​​ដឹង​នៅ​ថ្ងៃទី​១៣ មិថុនា​ នេះ​ថា នៅព្រឹកនេះអាជ្ញាធរ​សង្កាត់ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ​បាន​ធ្វើ​សកម្ម​ភាព​​ក្នុង​រូបភាពគំរាម​កំហែង​ដល់​ម្ចាស់​ហាង​មួយ​កន្លែង​ ដែល​អង្គការ​បាន​ជួលដើម្បី​បើក​វគ្គ​បណ្តុះ​បណ្តាល​​ពី​សិទ្ធិ​​មនុស្ស និងការតស៊ូមតិ ដល់សហគមន៍រងគ្រោះដីធ្លីនៅ​ជាយ​ក្រុង សហ​គមន៍​តាម​ផ្លូវ​រថ​ភ្លើង និង​អតីតសហគមន៍​បឹង​កក់​ដែល​មាន​អ្នក​ចូល​រួម​ចំនួន​១៥​នាក់។

លោក​បាន​បន្ថែមថា​ដោយ​សារ​រូប​ភាពនេះ​ហើយ​បាន​ធ្វើ​ឲ្យម្ចាស់​ហាង​ស្នើ​សុំ​ឲ្យ​ដូរ​ទីតាំង ទើប​ពួកគេ​ត្រូវ​មក​ធ្វើ​ការ​បណ្តុះ​បណ្តាល​​នៅ​ទី​ស្នាក់​ការ​របស់​អង្គការនេះ​វិញ​ដែល​មាន​ទី​តាំងក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិសែន​ជ័យ​។ ទោះ​ជា​យ៉ាង​ណា​ក៏​មាន​សមត្ថកិច្ច​ស្លៀក​ពាក់​ស៊ីវិល​មក​តាម​ដាន​ដល់​ការិយាល័យ​អង្គការ​នេះ​ផង​ដែរ។

ពលរដ្ឋដែលចូលរួមក្នុងវគ្គ​បណ្តុះ​បណ្តាល​​ពី​សិទ្ធិ​​មនុស្ស និងការតស៊ូមតិ របស់អង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន
គេ​និយាយ​ជា​មួយ​ម្ចាស់​ហាង ឲ្យ​ម្ចាស់​ហាង​ទៅ​រក​របៀបវីរៈ​អី​អញ្ចឹង​ទៅណា ហើយ​គេ​ក៏​មិនបាន​ប្រាប់​ម្ចាស់​ហាង​ថា​ឲ្យ​បញ្ឈប់​សកម្ម​ភាព​របស់​យើង​ដែរ តែ​គាត់​ថា​ធ្វើ​ទៅតែគេ​នៅ​មើល​ យើង​យល់​ថា​នេះ​ជា​ពាក្យ​សំ​ដីមួយ​ដែល​គៀប​សង្កត់​ម្ចាស់​ហាង​មិន​ឲ្យ​គេចង់​នៅ​បន្ត។ […] យើង​អត់​ដឹង​ថា​ប៉ូលី​ស​មក​ពីខាង​ណាទេ ពាក់​មួក​សុវត្ថិភាព ស្លៀក​ពាក់​ស៊ីវិល ហើយ​មក​ថត​រូប​ជុំ​វិញ​អង្គការ​យើង​អញ្ចឹង​

លោក​ចាត់​ទុក​សកម្ម​ភាពរបស់​អាជ្ញាធរនេះ​ថា​បាន​ធ្វើការ​រឹតត្បិតដល់​សកម្ម​ភាព​ជួប​ជុំ​របស់​អង្កការ និងបាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​ភ័យ​ខ្លាចក្នុង​ការ​ប្រើ​ប្រាស់​សិទ្ធិរបស់​ខ្លួន។

តំណាង​សហ​គមន៍​ភូមិ​២៣ នៃ​សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គោក អ្នក​ស្រី នី​ សន្តោស ​យល់​ថា​សកម្ម​ភាព​នេះ​វា​បាន​គំរាម​កំហែង​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​អនុវត្តសិទ្ធិ​របស់​ខ្លួន និង​រារាំង​នូវ​ការ​ចេះ​ដឹង​របស់​ពលរដ្ឋ។

អ្នកស្រីថា៖ « ​សម្រាប់យើង​ៗ​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ពី​សុវត្ថិភាព​របស់​យើង អាជ្ញាធរ​គាត់​គួរតែ​គិត​ដល់​ភាព​ភ័យ​ខ្លាច​របស់​ ប្រជា​ពលរដ្ឋ​ផង​គាត់​ធ្វើ​ចឹង​ហាក់​បី​ដូចជា​អត់​សម​ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិរបស់​យើង​អញ្ចឹង​ណា​ » ។

អធិការ​ខណ្ឌ​ចំការ​មន​លោក យឹន សាន បាន​បដិសេធ​​ដថា​លោក​ពុំ​បាន​បញ្ជារ​ឲ្យ​មាន​ការ​រារាំង​ ឬ​ក៏​ចុះ​ទៅ​តាម​ដានដល់​សកម្ម​ភាព​របស់​អង្គការ​នេះ​នោះ​ទេ។

ខ្ញុំ​អត់​មាន​បញ្ជា​រទេទី​មួយ ទី​ពីរអត់​មាន​អ្នក​ណាទៅ​ជិតទេ អ្នក​ឯងប្រជុំ​អី​ប្រជុំទៅ ហើយពួក​ខ្ញុំនៅ​មុខ​ក្រសួង​ដែន​ដី​នេះ​។ ហើយ​គេ​ប្រជុំ​គ្រប់​គ្នា​ដូចវា​មិន​ដែល​អី អ្នក​ណាធ្វើ​អីធ្វើ​ទៅ​អាហ្នឹង​សិទ្ធិ​សេរីភាព របស់​គេ ហ្នឹង​សិទ្ធិ​របស់​គេតើ! អត់​មាន​អ្នក​ណា​ទៅ​ ប៉ូលីស​អីរក​រឿង ដូចអត់​មាន​ទេ ខ្ញុំ​អត់​ឃើញ​មាន​អ្នក​ណាទៅ​ផង

អធិការ​ខណ្ឌ​ចំការ​មន​លោក យឹន សាន

ទោះ​ជា​យ៉ាង​ណាក៏​ដោយ​បើ​តាម​លោក រស់ រក្សា ​នាពេល​ខាង​មុខអង្គការក្រុម​ការ​ងារ​​សិទ្ធិ​លំ​នៅ​ដ្ឋាន​នឹង​ដាក់​លិខិតទៅ​កាន់​ក្រសួង​មហា​ផ្ទៃ​ដើម្បីសុំឲ្យមានការ​ឆ្លើយ​តប​នឹង​ករណី​នេះ​ផង​ដែរ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

[wpc-weather id="75954"/]