តើអ្វីខ្លះជាលទ្ធផលនៃជំនួបជាប្រវត្តិសាស្ត្រវាងមេដឹកនាំកំពូលអាមេរិកនិងកូរ៉េខាងជើង?

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដើរបន្ទាប់ពីអាហារថ្ងៃត្រង់នៅឯសណ្ឋាគារ Capella នៅកោះ Sentosa ប្រទេសសិង្ហបុរីនៅថ្ងៃទី 12 ខែមិថុនាឆ្នាំ 2018 (រូបភាព៖ Reuters)

ជំនួបរវាងមេដឹកនាំអាមេរិកលោក ដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ​ជុង​អ៊ុន​ដែល   រៀប​ចំ នៅសឹង្ហបុរី បានបិទបញ្ចប់ទៅកាល​ពី​ម្សិលមិញនេះ។

ក្រោយជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង មេដឹកនាំអាមេរិក ដូណាល់ត្រាំបានថ្លែងនៅចំពោះមុខអ្នក សារព័ត៌មាន ​ថា​ជំនួបដែលមិនធ្លាប់មាន​ក្នុងប្រវត្តិសាស្រ្តរវាងមេដឹកនាំអាមេរិក និង កូរ៉េខាងជើង​​​​ នេះពិតជាអាចធ្វើអាចមានការផ្លាស់ប្តូរមួយយ៉ាងពិតប្រាកដ។

តើជំនួបកំពូលជាប្រវត្តិសាស្ត្រនេះមាន​លទ្ធផលសំខាន់ៗអ្វីខ្លះ?

ប្រធានាធិបតីអាមេរិក ដូ​ ណាល់ត្រាំ បានថ្លែងក្នុងសន្និសិទកាសែតមួយក្រោយជំនួបរវាង​លោក​និង​មេដឹក​នាំកូរ៉េ ខាងគីម ជុងអ៊ុងថាពិភពលោក​បានដើរមួយជំហាន​ទៀតហើយក្នុ​ង​រឿងវិបត្តិ​នុយ​​ក្លេអ៊ែ។​ លោក ដូណាល់ត្រាំបានបញ្ជាក់ថា​នៅលើTwitter ព្រឹកនេះថានឹងមិនមាន​ ការបាញ់​បង្ហោះគ្រាប់រ៉ូកែត ការសាកល្បង​នុយក្លេអ៊ែ ទីតាំងសាកល្បង និង​សិក្សា​ស្រាវជ្រាវ​នុយក្លេអ៊ែរពីសំណាក់ កូរ៉េខាងជើង​ទៀតឡើយ។

និយាយជារួមក្នុងជំនួបនេះ អាមេរិកទទួលបានការសន្យាពីកូរ៉េខាងជើងថា​នឹងបំបាត់ទាំងស្រុងកម្មវិធី​អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

ប៉ុន្តែទោះជាមានការសន្យាពីកូរ៉េខាងជើង ថានឹងលុបបំបាត់អាវុធនុយក្លេអ៊ែរយ៉ាងណាក៏ដោយ​ លោក​ត្រាំនៅ​តែមិន​​ទាន់អាចបញ្ជាក់បានថាពេលណា ដែលកូរ៉េខាងជើងនឹងចាប់ផផ្ដើមធ្វើរឿងនោះទេ។  ​

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងសម្លឹងមើលគ្នាទៅវិញទៅមកមុនពេលចុះហត្ថលេខាលើឯកសារដែលទទួលស្គាល់ពីវឌ្ឍនភាពនៃកិច្ចចរចានិងការសន្យាដើម្បីរក្សាសន្ទុះបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ (រូបភាព៖ Reuters)

ក្រៅពីនេះមេដឹកនាំកូរ៉េខាងជើង ក៏បានសន្យាជាមួយនឹងមេដឹកនាំអាមេរិកថា​ខ្លួននឹង​ប្រគល់អដ្ឋិ​ធាតុអតីត​អ្នកទោស​សង្រ្គាមអាមេរិក​ដែល​ស្លាប់នៅកូរ៉េខាងជើងឲ្យអាមេរិកផងដែរ។ ត្រាំ ហៅការ​ប្រគល់​ឲ្យនូវអដ្ឋិ​ធាតុអតីតទាហានអាមេរិកដែលស្លាប់នៅកូរ៉េខាងជើង​ជាការនាំយកត្រលប់មកវិញនូវ​វិរៈបុរសអាមេរិកទៅជួបគ្រួសាររបស់ពួកគេវិញ។

សម្រាប់ប្រទេសកូរ៉ខាងជើង សមិទ្ធិផលដែល​ទទួលបានពីកិច្ចប្រជុំនេះគឺការសន្យារបស់ប្រធានាធិបតី​សហរដ្ឋអាមេរិកដូ ណាល់ត្រាំ ចំពោះមេដឹក​នាំកូរ៉េខាងជើងថាអន្តរជាតិក៏ដូចជាសហរដ្ឋអាមេរិក​នឹង​លើកលែងការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង ក្រោយពេល​​ដែលកូរ៉េខាងជើងលុបបំបាត់​កម្មវិធី​អាវុធុនុយក្លេអ៊ែរបានទាំងស្រុង។  លោកត្រាំក៏បានលើកឡើងដែរថាវាជាឱកាសមួយដ៏ល្អដែលកូរ៉េ​ខាង​ជើងគួរតែអោបក្រសោបយក ព្រោះវាជាឱកាសដែលកូរ៉េខាងជើងអាចធ្វើពាណិជ្ជកម្មនិងពង្រីក​ទំនាក់ទំនងជាមួយពិភពលោក។

បើទោះជាជំនួបកាលពីម្សិលមិញនេះ មិនបាន​ធ្វើឲ្យកូរ៉េខាងជើងរូចផុតពីទណ្ឌកម្មរបស់សហគមន៍​អន្តរជាតិយ៉ាងក៏ដោយ ប៉ុន្តែ​អ្វីដែល​កូរ៉េខាង​ជើងជាពិសេសលោកគីម ជុងអ៊ុនទទួលបាន​ពីសហគមន៍​អន្តរជាតិនោះគឺកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ។ តាំងពីជំនាន់​ជីតា និងឪពុករបស់លោកដែល​ជាអតីតមេដឹកនាំ​កូរ៉េខាងជើងដែរនោះ ​សុទ្ធតែមាន​បំណងចង់ជូប​ចរចារទល់មុខនឹងមេដឹកអាមេរិក ប៉ុន្តែពួកគេទាំងនោះមិនអាច​ធ្វើបាននោះទេ។ ដោយឡែកលោកគីម ជុងអ៊ុន អាចធ្វើរឿងនេះបាន ពោលគឺជំនួបមួយទល់មួយ​ដោយស្មើភាព​រវាងមេដឹកនាំកំពូលអាមេរិក និង មេដឹកនាំកំពូលកូរ៉េខាងជើង។

ក្រៅពីនេះកូរ៉េខាងជើង ក៏ទទួលបាន​ការសន្យាមួយទៀតពីលោកត្រាំផងដែរថាសហរដ្ឋអាមេរិក​នឹង​ព្យួរការធ្វើសមយុទ្ធយោធានៅកូរ៉េខាងត្បូង។ រយៈពេលជាច្រើនទសវត្សមកហើយ អ្វីដែលកូរ៉ខាងជើង ចង់ឃើញនោះគឺការលុប​ចោល​សមយុទ្ធយោធារវាងសហរដ្ឋអាមេរិកជាមួយ​កូរ៉េ​ខាង​ត្បូង​។ ដូច្នេះការ​ព្យួរការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិកជាមួយ​កូរ៉េ​ខាង​ត្បូងដែល​លោកត្រាំបាន​សន្យាក៏អាចថា​ជាជោគជ័យមួយរបស់កូរ៉េខាងជើងផងដែរ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ចាប់ដៃគ្នាក្នុងអំឡុងពេលចុះហត្ថលេខាលើឯកសារមួយបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ពួកគេនៅឯសណ្ឋាគារ Capella នៅកោះ Sentosa ប្រទេសសិង្ហបុរីនៅថ្ងៃទី 12 ខែមិថុនាឆ្នាំ 2018 (រូបភាព៖ Reuters

ប៉ុន្តែ លោកត្រាំនៅតែរក្សាជំហរថានឹងមិនមានការដកមូលដ្ឋានទ័ពណាមួយរបស់​សហរដ្ឋអាមេរិក​ចេញ​​ពីឧបទ្វីបកូរ៉េឡើយ។

ទោះជាយ៉ាងណាក៏ដោយ ក៏លោក​ ត្រាំបង្ហាញសុទិដ្ឋិនិយមពីជំនួបនេះ ហើយជឿជាក់ថា​លោកគីម​នឹង​អាចធ្វើបានតាមការសន្យា។ ត្រាំរហូតដល់ចង់អញ្ជើញ លោកគីម ជុងអ៊ុន​ឲ្យទៅធ្វើទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិកនៅពេលអនាគតទៀតផង។​

ទោះបីសហគមន៍អន្តរជាតិស្វាគមន៍លទ្ធផលជំនួបកាលពីម្សិលមិញនេះ ប៉ុន្តែ​ក្តីព្រួយបារម្ភនៅតែមាន ដោយ​សារ​តែខ្លាចថាកូរ៉េខាងជើងនៅតែដើរជាន់ដាន​ប្រវត្តិសាស្រ្តចាស់​ ពោលគឺមិនព្រមបោះបង់​កម្មវិធី​អាវុធ​នុយ​ក្លេអ៊ែរបស់ខ្លួន ហើយបំភ្លេចចោល​កិច្ចព្រមព្រៀង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ