អាមេរិកបង្កកទ្រព្យសម្បត្តិមេអង្គរក្សលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន

លោកឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង (ខាងឆ្វេង) ជាមួយនិងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ីង ប៊ុនហៀង)

រដ្ឋាភិបាលអាមេរិកបង្កកទ្រព្យសម្បត្តិមេអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយថាមេអង្គរក្សរូបនោះពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងប្រព្រឹត្តអំពើពុករលួយ។

រដ្ឋាភិបាលអាមេរិកបង្កកទ្រព្យសម្បត្តិមេអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយថាមេអង្គរក្សរូបនោះពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងប្រព្រឹត្តអំពើពុករលួយ។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងរតនាគារអាមេរិក​ចេញផ្សាយកាលពីម្សិលមិញលើកឡើងថា លោក ហ៊ីង ប៊ុនហៀង ជាមេបញ្ជាការកងអង្គរក្សនាយករដ្ឋមន្ត្រីកម្ពុជាដែលជាអង្គភាពមួយនៅក្នុងកងយោធពលខេមរភូមិន្ទ ជាប់ពាក់ព័ន្ធក្នុងការបញ្ជាឲ្យអង្គរក្ស​វាយប្រហារជាច្រើនទៅលើប្រជាជនកម្ពុជា ដែលមិនមានអាវុធក្នុងរយៈពេ​លជាច្រើនឆ្នាំ រួមទាំងឆ្នាំ ២០១៣ នៅវត្តភ្នំ និងឆ្នាំ ២០១៥ នៅមុខរដ្ឋសភាជាដើម។

លោកឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ីង ប៊ុនហៀង)

សេចក្តីប្រកាសនោះបញ្ជាក់ថា កាលពីឆ្នាំ២០១៥  អង្គរក្សលោកនាយករដ្ឋមន្ត្រីកម្ពុជា៣នាក់ ប៉ុណ្ណោះ ត្រូវបានគេបញ្ជូនទៅដាក់ពន្ធនាគារ បន្ទាប់ពីពួកគេបានសារភាពថា បានចូលរួមក្នុងការវាយប្រហារ​​​​​​​​​លើសមាជិកសភាគណបក្សប្រឆាំង។ ករណីនេះអាមេរិកសម្រេច​បង្កកទ្រព្យសម្បត្តិលោក ហ៊ីង​ ប៊ុនហៀង ដោយចាត់ទុកថា រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងពាក់ព័ន្ធអំពើពុករលួយ។

វីអូឌីព្យាយាម​ទាក់ទងទៅ លោក ហ៊ីង  ប៊ុនហៀង ផ្ទាល់ ទាក់ទងទៅអ្នកនាំពាក្យក្រសួងការបរទេសរបស់កម្ពុជា និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប៉ុន្តែពួកគេខ្លះប្រាប់ថា ជាប់រវល់និងខ្លះទៀតមិនលើកទូរសព្ទ។​

ក្នុងសេចក្តីប្រកាសរបស់រតនាគារអាមេរិកកាលពីម្សិលមិញ ក្រៅពីការបង្កកទ្រព្យសម្បត្តិមេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្កកទ្រព្យសម្បត្តិ​​លោក ហ្វេលីស រ៉ាម៉ុន ប៉ូតីស្តា រ៉ូសារ៉ា (​Felix Ramon Bautista Rosario) ​សមាជិកព្រឹទ្ធសភារបស់សាធារណរដ្ឋដូមីនិកដែរ។​

​ការដាក់ទណ្ឌកម្មនេះ ដោយផ្អែកលើច្បាប់សិទ្ធិមនុស្សហ្គូប៊ល ម៉ាញីតស្គី(Global Magnitsky)ដែលបង្កើតឡើងកាលពីឆ្នាំ២០១៦ អនុញ្ញាតឲ្យអាមេរិក​ដាក់ទណ្ឌកម្មលើជនណាដែលប្រព្រឹត្តអំពោះពុករលួយនិងរំលោភសិទ្ធិមនុស្ស។​

ប្រធានក្រុមអ្នកវិភាគវ័យក្មេងលោក ហង្ស វិទូ មានប្រសាសន៍ថា អាមេរិក​បង្កកទ្រព្យសម្បត្តិលើមន្ត្រីពុករលួយ និងការរំលោភសិទ្ធិមនុស្ស​នៃបណ្តាប្រទេសផ្សេងៗនោះ​ មិនមានអ្វីចំឡែកទេ។ ប៉ុន្តែលោកថា ការបង្កកទ្រព្យសម្បត្តិលោក ហ៊ីង ប៊ុនហៀង ជាសារព្រមានមួយដល់​អ្នកដឹកនាំកម្ពុជា ត្រូវ​​ប្រយ័ត្នប្រយ៉ែងក្នុងពេលបំពេញ​ការងារ។

វាជាសារព្រមានមួយសម្រាប់មេដឹកនាំ ក៏ដូចជា​ បុគ្គលដែលប្រព្រឹត្តអំពើពុករលួយ​មួយចំនួនដែរ ដែលត្រូវ​មានការប្រុងប្រយ័ត្ន​ ហើយកុំចេះតែធ្វើអ្វីមួយតាមអំពើចិត្ត

ប្រធានក្រុមអ្នកវិភាគវ័យក្មេងលោក ហង្ស វិទូ

ព្រឹទ្ធសភាសហរដ្ឋអាមេរិក​​ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧ បានអនុម័តសេចក្ដីសម្រេចមួយ ដែលនឹងដាក់បញ្ចូលមន្ដ្រីកម្ពុជា ដែលរងការចោទថា ជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សទៅក្នុងបញ្ជី ដែលគេឈប់ទាក់ទង ឬធ្វើពាណិជ្ជកម្មជាមួយ នឹងដាក់បញ្ចូលមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាទៅក្នុងបញ្ជីមួយ ដែលនឹងត្រូវគេបង្កកទ្រព្យសម្បត្តិជាដើម​៕ លោក ណាត សុភាព

Loading...

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។