រដ្ឋាភិបាលបញ្ជាទៅមន្រ្តីក្រោមឱវាទដោះស្រាយវិវាទដីធ្លីឲ្យមានប្រសិទ្ធិភាព ខណៈការបោះឆ្នោតជិតមកដល់

រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង ផ្ដល់កិច្ចសម្ភាសន៍ កាលពីពេលកន្លងទៅ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាទៅអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវខិតខំដោះស្រាយបញ្ចប់វិវាទដីធ្លីក្នុងដែនរដ្ឋបាលរបស់ខ្លួនដើម្បីកុំឲ្យពលរដ្ឋឡើងមកតវ៉ាដល់រាជធានីភ្នំពេញ ស្របពេលដែលការបោះឆ្នោតខិតជិតចូលមកដល់។​

ក្នុងសេចក្តីណែនាំចុះថ្ងៃទី១៣ខែមិថុនា លោក ស ខេង ក៏បានប្រាប់ទៅអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចឲ្យរក្សាភាពអត់ធ្មត់ក្នុងការបំពេញការងារពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី ឬការតវ៉ាទាមទារនានារបស់ប្រជាពលរដ្ឋ ដោយថា ដើម្បីបញ្ចៀសនូវអំពើហិង្សាផ្សេងៗ។

ក្នុងករណីមានប្រជាពលរដ្ឋមានបញ្ហាទំនាស់ដីធ្លីនៅតាមខេត្តឡើងមកប្រមូលផ្តុំគ្នាតវ៉ា និងសុំ ដាក់ញត្តិនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញត្រូវទំនាក់ទំនងជូនព័ត៌មានទៅរដ្ឋបាលខេត្ត ដែលពាក់ព័ន្ធ បន្ទាប់មករដ្ឋបាលខេត្តត្រូវចាត់ក្រុមការងារជាបន្ទាន់មួយឲ្យមកជួបពលរដ្ឋ ដើម្បីសម្រុះសម្រួលប្រជាពលរដ្ឋ  ឲ្យទៅដោះស្រាយនៅមូលដ្ឋានវិញ

លោក ស ខេង​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ក្រៅពីនេះលោកក៏បានណែនាំឲ្យអាជ្ញាធរធានី-ខេត្តជួយរកមេធាវីការពារខាងផ្លូវច្បាប់ដល់ពលរដ្ឋក្រីក្រ ប្រសិនបើបញ្ហាទំនាស់របស់ពួកគាត់កំពុងស្ថិតក្នុងសមត្ថកិច្ចតុលាការ។​

រយៈពេលចុងក្រោយនេះប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុង ខេត្តក្រចេះ កំពង់ស្ពឺ និងខេត្តព្រះវិហារជាដើម បានសម្រុកឡើងតវ៉ានៅរាជធានីភ្នំពេញ និងដាក់ញត្តិតាមស្ថាប័នរដ្ឋកំពូលៗ ជាពិសេស បានរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យជួយដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់ពួកគាត់ ដោយពួកគាត់អះអាងថា វិវាទដីធ្លីរបស់គាត់អូសបន្លាយរាប់ឆ្នាំគ្មានដំណោះស្រាយពីអាជ្ញាធរថ្នាក់មូលដ្ឋាន។

អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង មានប្រសាសន៍ថា រដ្ឋបាលខេត្តកំពង់ស្ពឺបានសម្របសម្រួល និងខិតខំប្រឹងប្រែងដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋតាំងពីដើមរហូតមកហើយ ប៉ុន្តែលោកថា អ្វីដែលពិបាក ដោះស្រាយដែលបណ្តាលឲ្យជម្លោះអូសបន្លាយរហូតមកដល់សព្វថ្ងៃនេះ គឺដោយសារពលរដ្ឋមកខេត្តផ្សេង បានបន្តទៅចាប់យកដី និងទៅរស់នៅលើកដីរដ្ឋខុសច្បាប់។

លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់​ស្ពឺ ​ (រូបភាព៖ រដ្ឋបាល ខេត្តកំពង់ស្ពឺ)

លោកបន្ថែមថា«នៅទឹកដីកំពង់ស្ពឺយើងបានធ្វើជាយូរមកហើយៗបន្តធ្វើរហូតរាល់តែថ្ងៃហ្នឹង ប៉ុន្តែបងប្អូនប្រជាពលរដ្ឋគាត់ចង់បានអីគាត់ចង់បានភ្លាម។ ហើយថា មូលហេតុអ្វីបានជាដោះស្រាយយូរដោយសារការកាន់ កាប់របស់ពួកគាត់មួយចំនួនត្រឹមត្រូវ និងខ្លះទៀតមិនត្រឹមត្រូវ។ ហើយការដោះស្រាយរបស់យើងមិនត្រឹមត្រូវ ដោយសារមានជនខិលខូចអាមនុស្សអាក្រក់វាបន្លំខ្លួនក្នុងហ្នឹងយ៉ាងច្រើន អញ្ចឹងយើងទាមទារពេលវេលា មួយសមស្របដើម្បីត្រួតពិនិត្យថាបងប្អូនណាពិតប្រាកដ»។

វីអូឌីមិនអាចសុំការឆ្លើយតបពីអភិបាលខេត្តក្រចេះ ព្រះវិហារ និងអភិបាលខេត្តផ្សេងទៀតបានទេជុំវិញសេចក្តីណែនាំរបស់រដ្ឋាភិបាលឲ្យសម្រុះសម្រួសដោះស្រាយបញ្ចប់វិវាទដីធ្លីនេះ។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត បានសាទរចំពោះការណែនាំរបស់ រដ្ឋភិបាលទៅមន្រ្តីក្រោមឱវាឲ្យដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋមុនពេលបោះឆ្នោតនេះ។ ទោះជាយ៉ាងណា លោកយល់ឃើញថា រយៈពេលខ្លីនេះគឺមិនអាចដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋបានទេ ហើយលោកថា អ្វីដែលរដ្ឋាភិបាលធ្វើនេះ គឺមិន ចង់ឃើញប្រជាពលរដ្ឋមានជម្លោះដីធ្លីឡើងមកតវ៉ានៅភ្នំពេញមុនថ្ងៃបោះឆ្នោតប៉ុណ្ណោះ។

លោក អំ សំអាត មន្ត្រីផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូរ
ក្នុងគោលបំណងលិខិតនេះបើតាមការគិតរបស់ខ្ញុំ គឺវាពាក់ព័ន្ធនឹងការបោះឆ្នោតពេលខាង មុខពីព្រោះរដ្ឋាភិបាលមិនចង់ឃើញប្រជាពលរដ្ឋសម្រុកលើងមកទីក្រុងភ្នំពេញ​ក្នុងពេលគៀក ឬក្នុងអំឡុង ឃោសនាបោះឆ្នោតនោះទេ។ កាលណាតែឡើងមកច្រើនទី១វាធ្វើប៉ះពាល់ដល់ការឃោសនាបោះឆ្នោត ព្រោះ ប្រជាពលរដ្ឋរវល់ឡើងមកតវ៉ានៅភ្នំពេញ អត់បានស្តាប់ការឃោសនាបោះឆ្នោតទេ ប្រសិនបើមិនបានដោះ ស្រាយ ហើយវាក៏ជារូបភាពមួយមិនល្អដែរសម្រាប់ការបោះឆ្នោតខាងមុខនេះ

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត

ប៉ុន្មានខែចុងក្រោយនេះ នៅពេលដែលក្រុមពលរដ្ឋមានជម្លោះដីធ្លីឡើងមកតវ៉ានៅរាជធានីភ្នំពេញ មន្រ្តីខេត្តនីមួយៗតែងតែចុះមកសម្រុះសម្រួលដោះស្រាយ និងបានជួយសម្រួលចេញថ្លៃឡានដឹកពលរដ្ឋទាំងនោះទៅផ្ទះវិញផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ