នាយករដ្ឋមន្ត្រីកម្ពុជានឹងដឹកនាំគណប្រតិភូទៅចូលរួមកិច្ចប្រជុំចំនួន២ ដែលមានរយៈពេលពីរថ្ងៃនៅប្រទេសថៃ ចាប់ពីថ្ងៃទី១៥ ដល់ ១៦ មិថុនា។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ១៣ មិថុនា របស់ក្រសួងការបរទេសកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណប្រតិភូ នឹងចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អេយ៉េយ៉ាវ៉ាឌី ចៅប្រាយ៉ា មេគង្គ លើកទី៨ និងកិច្ចប្រជុំ CLMV លើកទី៩ផងដែរ។
នៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រីក៏បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា កិច្ចប្រជុំកំពូលនេះ គឺនឹងមានការអញ្ជើញចូលរួមពីប្រមុខដឹកនាំនៃប្រទេស ប្រទេសថៃ កម្ពុជា ឡាវ មីយ៉ាន់មា និងវៀតណាម ក្នុងគោលបំណងដើម្បីចែករំលែកផលប្រយោជន៍រួម និងដើម្បីលើកកម្ពស់ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយយូរអង្វែងរវាងប្រទេសជាសមាជិកនិងដៃគូទាំងអស់។
បើតាមក្រសួងការបរទេស ក្រៅពីកិច្ចប្រជុំទាំងពីរនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏នឹងធ្វើជាភ្ញៀវកិត្តិយសក្នុងវេទិការសេដ្ឋកិច្ច ACMECS និង ជួបពិភាក្សាដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ៊្វុក និង នាយករដ្ឋមន្ត្រីឡាវលោក ថងលូន ស៊ីស៊ូលីត ផងដែរ៕