បទយកការណ៍៖ គ្រឿងញៀនបង្កអំពើហិង្សាក្នុងគ្រួសារធ្ងន់ធ្ងរនៅភូមិមួយខេត្តកំពង់ធំ

អ្នកស្រី យ៉ាន ផាន វ័យ៦២ឆ្នាំ ជាម្តាយរបស់ អ៊ុំ សុភី (ស្ត្រីរងគ្រោះ)

សាច់ញាតិនៅតែបន្តជួបជុំជជែកគ្នានៅមុខផ្ទះ បើទោះបីជាបុណ្យសពបានចប់សព្វគ្រប់អស់រយៈពេល៤ថ្ងៃហើយក៏ដោយ។​ ការជជែកគ្នារបស់សាច់ញាតិទាំងនេះគឺជជែកពីការនឹកអាណិត និងស្រណោះដល់ស្ត្រីឈ្មោះ អ៊ុំ សុភី វ័យ២៤ឆ្នាំ ត្រូវស្វាមីប្រើហិង្សាកាប់ដោយកាំបិតស្លាប់ កាលពីថ្ងៃទី២៧ខែឧសភា។​

ក្រោយកើតហេតុនេះ អ៊ុំ សុភី ស្លាប់ បុរសជាប្តីឈ្មោះ អាំ ភាន អាយុ២៦ត្រូវបានសមត្ថកិច្ចឃុំខ្លួន ហើយបន្សល់ទុកកូនប្រុសពីរម្នាក់គឺម្នាក់អាយុ៦ឆ្នាំ និងម្នាក់ទៀតអាយុ២ឆ្នាំ។​

អ្នកស្រី អ៊ុំ សុភី ចាប់តាំងពីក្លាយជាប្តីប្រពន្ធជាមួយលោក អាំ ភាន រយៈពេល៤ឆ្នាំមក គឺអ្នកស្រីទទួលរងការវាយដំរហូត ហើយការវាយដំនោះទៀតសោតសុទ្ធតែមានលក្ខណៈធ្ងន់ធ្ងរ។ នេះបើតាមបងស្រីរបស់ជនរងគ្រោះគឺ​ អ្នកស្រី ឆែម រឿន។​

អ្នកស្រី ឆែម រឿន រៀបរាប់ថា ធ្លាប់ជួយការពារប្អូនស្រីពីអំពើហិង្សា ប៉ុន្តែត្រូវបានឈ្មោះ អាំ ភាន វាយទាំងអ្នកស្រីឲ្យរងរបួស និងគំរាមសម្លាប់អ្នកស្រីទៀតផង។​

ខ្ញុំមកដេកនៅនេះ ស្រាប់តែឃើញវាដេញវ៉ៃ ដល់ពេលដេញវ៉ៃមីហ្នឹង(ប្អូនគាត់) ភ័យពេករត់ចូលក្រោមគ្រែភ្លុក ចូលក្រោមគ្រែហើយចូលក្រោមជើងខ្ញុំ។ ដល់ពេលចូលក្រោមគ្រែខ្ញុំថា អាភាន ប៉ុណ្ណឹងបានហើយ កុំឲ្យមានរឿងទៅមុខទៀត បើវាខ្លាចហ្អែងឡើងរត់ចូលក្រោមគ្រែហើយ វ៉ៃវាបានប្រយោជន៍? ពូឯងដឹងម៉េចអត់? វាវាសខ្ញុំចេញហើយកាច់ដៃខ្ញុំ

អ្នកស្រី ឆែម រឿន ពលរដ្ឋដែលជួបបញ្ហាអំពើហិង្សាក្នុងគ្រួសារ

វ័យ៦២ឆ្នាំ អ្នកស្រី យ៉ាន ផាន ជាម្តាយរបស់ អ៊ុំ សុភី រៀបរាប់ថា ទំនាស់ក្នុងគ្រួសារកូនស្រី របស់គាត់នេះ កើតឡើងច្រើនដងរាប់មិនអស់ទេ ហើយថា ពេលខ្លះកើតឡើងទាំងកណ្តាលយប់ទៀតផង។​

ចំណែកបណ្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច  អ្នកស្រីថាធ្វើឡើងច្រើនដងណាស់ ប៉ុន្តែភាគច្រើន ទទួលបានតែការសម្របសម្រួល និង ពេលខ្លះមិនមានចំណាត់ការទេ។​

អ្នកស្រី យ៉ាន ផាន​ ថ្លែងថា មុនកើតហេតុ៣ទៅ៤ថ្ងៃ កូនស្រីរបស់គាត់ដែលរងគ្រោះថ្លែង ប្រាប់ថា បើមិនមានអ្នកណាជួយឲ្យទេប្រាកដជាស្លាប់ដោយសារប្តីកាប់ហើយ។

អ្នកស្រី ផាន បន្តរៀបរាប់ថា មុនថ្ងៃកើតហេតុឃាតកម្ម២០ថ្ងៃ គាត់និងកូនស្រី បានយកករណីដែលឈ្មោះ ភាន ប៉ងសម្លាប់នេះទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ក្រយា ប៉ុន្តែសមត្ថកិច្ចថា  មិនមានស្លាកស្នាមមិនអាចចាត់ការបានទេ។

ក្រុមការងារ វីអូឌី ធ្វើបទសម្ភាសន៍ជាមួយអ្នកស្រី យ៉ាន ផាន អំពីបញ្ហាអំពើហិង្សាដែលកូនអ្នកស្រីជួបប្រទះ

ពេលដែលរំឭកដល់ កូនស្រីដែលមានជីវភាពក្រលំបាក ខំធ្វើការដោយកម្លាំងដើម្បីយក ប្រាក់ផ្គត់ផ្គង់គ្រសារនិងសងបំណុលគេ ហើយរស់នៅក្នុងស្ថានភាពអំពើហិង្សារយៈពេល៤ឆ្នាំ រហូតដល់រងការសម្លាប់ដោយអណោចអធមនេះ អ្នកស្រី យ៉ាន ផាន ទ្រហោយំរកនិយាយ បន្តមិនរួច។​

អ្នកស្រីរៀបរាប់ថា៖«ខ្ញុំស្តាយណាស់កូនខ្ញុំគ្មានអ្វីប្រៀបបានទេ កូនខ្ញុំស្លូតណាស់»។

ក្រុមការងារ របស់វីអូឌី បានទៅដល់កន្លែងកើតហេតុក្នុងស្រុកសន្ទុក ខេត្តកំពង់ធំកាលពីថ្ងៃទី៣១ ខែឧសភា ឃើញមានថង់ខ្ចប់បាយរហែក  ដបទឹកសុទ្ធរប៉ាត់រប៉ាយគ្មានសណ្តាប់ធ្នាប់  ទំនងដូចជាមានការប្រតាយប្រតប់មុនកាប់សម្លាប់មែន។​

កុមារ អាយុ៦ឆ្នាំ កូនអ្នកស្រី អ៊ុំ សុភី និយាយថា គាត់នឹកម្តាយ ហើយរំឭកសកម្មភាព ពេលយកដៃបិទភ្នែកម្តាយដែលស្លាប់ទាំងបើកភ្នែក។

សាច់ញាតិដែលអង្គុយនៅកន្លែងផ្ទះធ្វើបុណ្យសពនេះអះអាង បុរសជាប្តីដែលឈានដល់ការសម្លាប់ប្រពន្ធនេះដោយសារតែឥទ្ធិពលនៃសារធាតុញៀន។

ស្ត្រីវ័យកណ្តាលនៅក្នុងភូមិនេះ៣រូប ដែលសុំមិនឲ្យបង្ហាញអត្តសញ្ញាណខ្លាចរងការសម្លាប់ពីប្តីដែរនោះ បានឲ្យដឹងថា ប្តីរបស់ពួកគាត់កំពុងតែប្រើប្រាស់គ្រឿងញៀន ហើយគាត់មានការភ័យខ្លាច និងបាន​លួចរាយការណ៍ប្រាប់សមត្ថកិច្ច។​

ក្រុមការងាររបស់វីអូឌីព្យាយាមសុំការឆ្លើយតបពីមេប៉ុស្តិ៍ក្រយាលោក លី ពីធូ ប៉ុន្តែលោកថា មិនអាចផ្តល់បទសម្ភាសន៍បានទេ ដោយសារថ្នាក់លើមិនអនុញ្ញាត ប៉ុន្តែលោកមិនបានបញ្ជាក់ថា ថ្នាក់លើនោះស្ថិតនៅកម្រិតណានោះទេ។

ចំណែកមេភូមិសិរីមង្គល លោក ស៊ុន គឹមរ៉េន មានប្រសាសន៍ថា គ្រួសារ អ៊ុំ សុភី និង អាំ ភាន មានជម្លោះ ញឹកញាប់ណាស់ហើយអាជ្ញាធរក៏បានប្រឹងប្រែងជួយរកដំណោះស្រាយដែរ។ លោកថា ដោយសារលោក អស់លទ្ធភាពក្នុងការសម្របសម្រួល ក៏បានធ្វើលិខិតឲ្យអ្នកទាំងពីរលែងលះគ្នា ប៉ុន្តែថា លិខិតនោះមិនមានប្រសិទ្ធិភាពទេ គឺក្រោយមក អាំ ភាន នៅតែបំពានមករស់នៅជាមួយ អ៊ុំ សុភី ដដែល។ មូលហេតុសំខាន់គឺគ្រឿងញៀន។

លោកមានប្រសាសន៍ថា៖«ដល់ប្តីប្រើប្រាស់គ្រឿងញៀន ដល់ប្រើប្រាស់គ្រឿងញៀនភាគច្រើននាំឲ្យប្រព្រឹត្តអំពើហិង្សា។»

លោក បន្តថា នៅក្នុងភូមិមានមុខសញ្ញាមួយចំនួនទៀតលោក​កំពុងតាមដាន។

វាមានទាំងមុខសញ្ញានៃការប្រើប្រាស់ ចែកចាយ និងដោះដូរ។ មុខសញ្ញាដែលប្រើប្រាស់និងផ្តល់ហ្នឹងយើងបានបំផ្លាញពីរករណីរួចហើយគឺមួយករណីនៅបាក់ស្នា និងមួយករណីនៅក្រុមហ៊ុន។ ប៉ុន្តែនៅតែមានមុខសញ្ញាបន្តយកគ្រឿងញៀនមកចែកចាយ។

មេភូមិសិរីមង្គលលោក ស៊ុន គឹមរ៉េន

អាជ្ញាធរមូលដ្ឋានមួយចំនួន​ដែលសុំមិនបញ្ចេញឈ្មោះថ្លែងថា នៅក្នុងតំបន់នោះពិបាកគ្រប់គ្រងដោយសារតែជាតំបន់ដាច់ស្រយាល មានចំការកៅស៊ូច្រើន ហើយថាគ្រឿងញៀនមួយចំនួននាំចូលដោយកម្មករចំការទាំងនោះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ