មេអង្គរក្សលោក ហ៊ុន សែន ចំអកអាមេរិកថា មិនមានទ្រព្យសម្បត្តិឲ្យបង្កកទេ​

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស (រូបភាព៖ FN)

មេអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ប្រាប់រដ្ឋាភិបាលអាមេរិកថា លោកគ្មានទ្រព្យសម្បត្តិទុកនៅអាមេរិកទេ ហើយលោកថែមទាំងជម្រុញអាមេរិកពន្លឿនការបង្កកនោះ ប្រសិនបើរកឃើញថាលោកមានទ្រព្យសម្បត្តិនៅទីនោះមែន។

ក្នុង​លិខិត​របស់បញ្ជាការដ្ឋានអង្គរក្សដែលចេញផ្សាយកាលពីម្សិលមិញ លោក ហ៊ីង ប៊ុនហៀង បានឆ្លើយតប​បែបចំអកទៅក្រសួងរតនាគារអាមេរិកថា ឲ្យ​ពន្លឿនបង្កកទ្រព្យសម្បត្តិរបស់លោកឲ្យបានឆាប់ ដោយ​ថា លោកមិនមានទ្រព្យសម្បត្តិសម្រាប់ទុកឲ្យអាមេរិកបង្កកនោះទេ។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងរតនាគារអាមេរិក​ចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនានេះថា លោក ហ៊ីង ប៊ុនហៀង ជាមេបញ្ជាការកងអង្គរក្សនាយករដ្ឋមន្ត្រីកម្ពុជាដែលជាអង្គភាពមួយនៅក្នុងកងយោធពលខេមរភូមិន្ទ ជាប់ពាក់ព័ន្ធក្នុងការបញ្ជាឲ្យអង្គរក្ស​វាយប្រហារជាច្រើនទៅលើប្រជាជនកម្ពុជា ដែលមិនមានអាវុធក្នុងរយៈពេ​លជាច្រើនឆ្នាំ រួមទាំងឆ្នាំ ២០១៣ នៅវត្តភ្នំ និងឆ្នាំ ២០១៥ នៅមុខរដ្ឋសភាជាដើម។

សេចក្តីប្រកាសនោះបញ្ជាក់ថា កាលពីឆ្នាំ២០១៥  អង្គរក្សលោកនាយករដ្ឋមន្ត្រីកម្ពុជា៣នាក់ ប៉ុណ្ណោះ ត្រូវបានគេបញ្ជូនទៅដាក់ពន្ធនាគារ បន្ទាប់ពីពួកគេបានសារភាពថា បានចូលរួមក្នុងការវាយប្រហារ​​​​​​​​​លើសមាជិកសភាគណបក្សប្រឆាំង។ ករណីនេះអាមេរិកសម្រេច​បង្កកទ្រព្យសម្បត្តិលោក ហ៊ីង​ ប៊ុនហៀង ដោយចាត់ទុកថា រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងពាក់ព័ន្ធអំពើពុករលួយ។

ព្រឹទ្ធសភាសហរដ្ឋអាមេរិក​​ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧ បានអនុម័តសេចក្ដីសម្រេចមួយ ដែលនឹងដាក់បញ្ចូលមន្ដ្រីកម្ពុជា ដែលរងការចោទថា ជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សទៅក្នុងបញ្ជី ដែលគេឈប់ទាក់ទង ឬធ្វើពាណិជ្ជកម្មជាមួយ និងដាក់បញ្ចូលមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាទៅក្នុងបញ្ជីមួយ ដែលនឹងត្រូវគេបង្កកទ្រព្យសម្បត្តិជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ