ហេតុផលអាចធ្វើឲ្យវៀតណាម​ភ័យខ្លាចការពង្រីកឥទ្ធិពលរបស់ចិន

ក្រុមបាតុករបានកាន់បដាដែលសរសេរថា “គ្មានការជួលដីទៅប្រទេសចិនសូម្បីតែគ្រប់ពេលវេលា” ក្នុងអំឡុងពេលបាតុកម្មមួយប្រឆាំងនឹងពង្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេសនៅហាណូយប្រទេសវៀតណាមនៅថ្ងៃទី 10 ខែមិថុនាឆ្នាំ 2018 (រូបភាព៖ REUTERS)

បច្ចុប្បន្នប្រទេសចិនកំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួននៅលើពិភពលោក​ ប្រណាំងប្រជែងជាមួយសហរដ្ឋអាមេរិកនិងបណ្តាប្រទេសមហាអំណាចមួយចំនួនទៀត។​ ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងចិនកំពុងតែពង្រឹងផ្ទៃក្នុងបន្ថែមទៀត និងការពង្រីកឥទ្ធិពលលើប្រទេសនានា ពិសេសប្រទេសក្បែរខាង។​

លោក ស៊ី ជីនពីង ជាមេដឹកនាំចិន​​ដែលមានមហិច្ឆតាធំ បានសម្រេចកាលពីចុងឆ្នាំ២០១៧ លុបចោលការដឹកនាំ២អាណត្តិ បើកផ្លូវឲ្យលោកអាចដឹកនាំបានមួយជីវិត។​ មេដឹកនាំដែលមានឥទ្ធិពលរូបនេះ នឹងពង្រឹងអំណាចផ្ទៃក្នុង ដែលអាចវាយយកដែនដីតៃវ៉ាន់ក្នុងពេលណាមួយផងដែរ។​

យើងពិនិត្យមើលវៀតណាម​គឺកាលពីឆ្នាំ២០១៤ មានបាតុកម្មប្រឆាំងចិន បណ្តាលឲ្យមានអ្នកស្លាប់២០នាក់ ហើយកាលពីសប្តាហ៍មុននេះមានការផ្ទុះបាតុកម្មជាថ្មីទៀតពីសំណាក់ពលរដ្ឋវៀតណាមទាំងក្នុងនិងក្រៅប្រទេសប្រឆាំងចិន។ ទោះជាបាតុកម្មនេះជាសកម្មភាពរបស់ពលរដ្ឋ ប៉ុន្តែហាក់មានរូបភាពបើកដៃពីរដ្ឋាភិបាល។

ថ្នាក់ដឹកនាំវៀតណាម​ក៏តែងតែប្រកាសជាញឹកញាប់ថា ខ្លួនកំពុងរងការឈ្លានពានពីចិន និងទាមទារញឹកញាប់ឲ្យចិនគោរពច្បាប់​អន្តរជាតិ​។​

របាយការណ៍របស់អាមេរិកបង្ហាញថា ចាប់ពីឆ្នាំ២០០៥ ដល់២០១៤ វៀតណាម​បង្កើនថវិកាការពារជាតិ​៤០០ភាគរយ។ នៅឆ្នាំ២០១៦ អាមេរិក​ដកទណ្ឌកម្ម លក់ឲ្យវៀតណាមទៀតនោះ បើកផ្លូវវៀតណាម​មានឱកាសទិញអាវុធចូលកាន់តែច្រើន។​ របាយការណ៍ផ្សាយដោយ រ៉យទ័រ កាលពីខែមេសាបង្ហាញថា វៀតណាមបង្កើតទិញយន្តហោះចម្បាំង Su-3០ និងជើងទម្រការពារមីស៊ីល S-400ពីរុស្ស៊ី។​

កត្តាភូមិសាស្ត្រ

បច្ចុប្បន្នចិនកំពុងតែវាទីយកផ្ទៃសមុទ្រចិនខាងត្បូងជាផ្លូវទឹកសំខាន់របស់ពិភពលោក និងសំបូរដោយធនធានមហាសាល។ ចំណែកកោះស្ព្រាតលីដែលកំពុងមានជម្លោះ ចិនបានសាងសង់មូលដ្ឋានទ័ពស្ទើររួចរាល់ហើយ​ដែលមានលទ្ធភាពអាចបាញ់អាវុធមីស៊ីលបាន។

សមុទ្រចិនខាងត្បូងហាក់ដូចជា ខាងមុខផ្ទះរបស់វៀតណាម ចំណែកដីគោកដែលប្រៀបបានខាងក្រោយផ្ទះរបស់វៀតណាមវិញគឺមានកម្ពុជានិងប្រទេសឡាវ កំពុងតែក្លាយជាសម្ព័ន្ធមិត្តស្និទ្ធស្នាលរបស់ចិន។​ ចិនបានបោះលុយវិនិយោគបង្ហាញភាពស្និទ្ធផ្នែកសេដ្ឋកិច្ច ហើយចូលកាន់តែជិតសហការនយោបាយ សន្តិសុខ។​

ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឡាវ គឺគម្រោងទឹកប្រាក់៧ពាន់លានកំពុងដំណើរការលើគម្រោងតំបន់សេដ្ឋកិច្ច ទំនប់វារីអគ្គិសនី អាជីវកម្មរ៉ែ និងឧស្សាហកម្មដំណាំកៅស៊ូ។​ ថ្មីៗនេះចិនដាក់ចេញគម្រោងថ្មីជាមួយឡាវលើគម្រោងតំបន់សេដ្ឋកិច្ចនៅក្នុងខេត្តចម្ប៉ាសាក់មានទឹកប្រាក់ជាង៩ពាន់លានដុល្លារ។​

ចំណែកកម្ពុជាដែលទទួលបានការវិនិយោគច្រើនដែរនោះ ហើយទំហំធ្វើពាណិជ្ជកម្មជាមួយចិននឹងកើនឡើង​៦ពាន់លានដុល្លារនៅឆ្នាំ២០២០។​

ច្បាប់អន្តរជាតិ

វៀតណាមក៏ធ្លាប់រៀបចំដាក់ពាក្យប្តឹងករណីចិនឈ្លានពានទឹកដីរបស់ខ្លួនទៅកាន់តុលាការអន្តរជាតិ​ដែរ។ ប៉ុន្តែក្រោយពេលតុលាការអន្តរជាតិទីក្រុងឡាអេសម្រេចកាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៦ ឲ្យហ្វីលីពីនឈ្នះក្តីចិនលើជម្លោះដែនសមុទ្រប៉ុន្តែចិនមិនអនុវត្តតាម វៀតណាម​ក៏សម្រេចចិត្តឈប់ប្តឹងវិញ។​

ដូច្នេះជម្រើសល្អរបស់វៀតណាម​ដើម្បីត្រៀមទប់ទល់ជាមួយចិនមានតែពង្រឹងខ្លួនឯង និងព្យាយាមទៅទំនាក់ទំនងជាមួយអាមេរិកនិងប្រទេសលោកសេរីផ្សេងទៀត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ