អ.ស.ប បង្ហាញកង្វល់ពីសេរីភាពសារព័ត៌មានមុន​ការបោះឆ្នោត​

ទង់អង្គការសហប្រជាជាតិ (រូបពីវេបសាយUN)

អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប បង្ហាញកង្វល់ពីការ​រឹតត្បិត​សេរីភាពសារព័ត៌មាន នៅមុន​ការបោះឆ្នោតថ្នាក់ជាតិ នាថ្ងៃទី២៩ ខែកក្កដាខាងមុខ​នេះ។

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត (គ.ជ.ប) បានចេញក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបោះឆ្នោត កាលពីខែឧសភា ដោយហាមមិនឲ្យចុះផ្សាយ​ព័ត៌មានដែលអាច​នាំឲ្យមានការភ័ន្តច្រឡំ និង/ឬបាត់បង់ទំនុកចិត្តក្នុងការបោះឆ្នោត​ ពោលផ្សាយ​ព័ត៌មានដែលមានលក្ខណៈរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត និងបញ្ចេញមតិផ្ទាល់ខ្លួន​ជា​ដើម។

ក្នុងសេចក្តីប្រកាសព័ត៌មានដែល អ.ស.ប ប្រចាំនៅទីក្រុងហ្សឺណែវចុះផ្សាយកាលពីថ្ងៃទី១៤មិថុនាម្សិលមិញនេះ ​មន្រ្តីជំនាញសិទ្ធមនុស្សអង្គការនេះយល់ថាសេចក្តីប្រកាសរបស់ គ.ជ.ប ស្តីពីក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបោះឆ្នោតបានប៉ះពាល់ដល់សេរីភាពសារព័ត៌មាន។

ការហាមប្រាមនេះក៏មានផលប៉ះពាល់​អវិជ្ជមានផង​ដែរ ទៅលើសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងការជួប​ប្រជុំដោយសន្តិវិធី ដែលជាលក្ខខណ្ឌចាំបាច់ សម្រាប់​ការចូលរួមជាសាធារណៈ ក្នុង​បរិបទនៃការបោះឆ្នោត

សេចក្តីប្រកាសព័ត៌មានដែល អ.ស.ប ប្រចាំនៅទីក្រុងហ្សឺណែវចុះផ្សាយកាលពីថ្ងៃទី១៤មិថុនា

លិខិតដដែលក៏អំពាវនាវទៅអាជ្ញាធរកម្ពុជា​ឲ្យគោរពនិងធានាសិទ្ធិសេរីភាព ដល់អ្នកសារព័ត៌​មាន​ ដោយថាអ្នកសារព័ត៌មាន មានទំនួលខុសត្រូវ​ក្នុងការធ្វើសេចក្តីរាយការណ៍អំពីបញ្ហាទាំងឡាយដែលកើតមានមុនពេលបោះឆ្នោត ជាពិសេសបញ្ហាចម្រូងចម្រាសនានា ដើម្បីជួយដល់អ្នកបោះឆ្នោតធ្វើការជ្រើសរើសមេដឹកនាំមួយ ដោយទទួលបានព័ត៌មានគ្រប់គ្រាន់​។

លោកស្រី Anne Lemaistre ប្រធានអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានប្រាប់វីអូឌី​ថា អង្គការយូណេស្កូក៏ព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេរីភាពសារពត៌មាននៅពេលដែលការបោះឆ្នោតសកលនឹងមកដល់។

លោកស្រី Anne Lemaistre តំណាងអង្គការយូណេស្កូប្រចាំនៅប្រទេសកម្ពុជាបានថ្លែងនៅក្នុងការហ្វឹកហាត់ផ្នែកអក្ខរកម្មរបស់កម្មករ ថ្ងៃទី ២៩ ឧសភា ២០១៨ នៅរាជធានីភ្នំពេញ(រូបភាព៖ PPP)
យើងចាត់ទុក(សេរីភាពសារព័ត៌មាន)​ពិតជាមានសារៈសំខាន់ណាស់នៅពេលបោះឆ្នោត ព្រោះយើងត្រូវការ​ សម្លេងពីគ្រប់ភាគីនិងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ក្នុងការចូលរួមជជែកពិភាក្សាគ្នាដោយបើកចំហរមុនពេល​បោះឆ្នោត។ ដូច្នេះយើងនឹងជម្រុញឲ្យរដ្ឋាភិបាល​បង្កើតបរិយាកាសងាយស្រួលដល់ប្រព័ន្ធផ្សព្វផ្សាយ​សម្រាប់ការបោះឆ្នោតខាងមុខ។

លោកស្រី Anne Lemaistre ប្រធានអង្គការយូណេស្កូប្រចាំនៅកម្ពុជា

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា​ អ.ស.ប គួរតែពិនិត្យឡើងវិញនូវក្រមសីលធម៌ដែល​ចេញផ្សាយ​កាលពីឆ្នាំ២០១៦នោះ ដោយថា គ.ជ.ប ធ្វើការឈរលើការអព្យាក្រិតស្របតាមច្បាប់។

រូបភាព៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប (២០១៧)

លោកមានប្រសាសន៍ថា«សុំឲ្យពិនិត្យឡើងវិញនៅការចេញសេចក្តីថ្លែងការណ៍របស់ខ្លួន[អ.ស.ប] ពីព្រោះការរៀបចំជាបន្ទុករបស់ គ.ជ.ប ហើយ​ផ្តល់ទំងន់តួនាទី និងការទទួលខុសត្រូវ​របស់ គ.ជ.ប ដែលធានាភាពត្រឹមត្រូវ​ក្នុងការបោះឆ្នោត​»។

របាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters without Borders) ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០១៨ កន្លងទៅ បង្ហាញថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញលើបណ្ដាញផ្សព្វផ្សាយឯករាជ្យនៅមុនការបោះឆ្នោត ដូចជា ការដាក់សម្ពាធ និងមិនចេញប័ណ្ណឲ្យអ្នកសារព័ត៌មាន ការបិទកាសែតភាសាអង់គ្លេស ខេមឌា ដេលី ការផ្អាកដំណើរការវិទ្យុអាស៊ីសេរី និងការបិទស្ថានីយ៍វិទ្យុចំនួន៣២ កាលពីខែសីហាឆ្នាំមុន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ