ក្រុម​អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង​រាប់រយនាក់ប្រមូល​ផ្ដុំ​តវ៉ានៅប្រទេសជប៉ុន

ក្រុម​អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង​រាប់​រយ​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​ក្នុងប្រទេសជប៉ុន ដោយ​ស្នើឲ្យ​ប្រ​ទេស​នេះ​ដកការគាំទ្រលើការបោះឆ្នោតខាងមុខ និងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅថ្ងៃទី​២៩ ខែ​កក្ដដា​ខាងមុខ។

​ទំព័រ​ហ្វេសប៊ុក​សកម្មជន​បក្ស​ប្រឆាំង លោក ហៃ វណ្ណា​ នៅព្រឹកថ្ងៃទី១៧ ខែ​មិថុនានេះ បាន​បង្ហាញ​ពលរដ្ឋខ្មែររាប់​រយ​នាក់ ឈរ​ជា​ជួរ និង​កាន់​បដា​ដែល​សរសេរ​ថា «យើង​ទាំង​អស់​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ» នៅ​ទីក្រុង​តូក្យូ។

វីដេអូ​បង្ហោះ​នៅ​លើ​លោក ហៃ វណ្ណា ក៏​បាន​បង្ហាញ​ក្រុម​អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង​ស្រែក​ទាមទារ​ឲ្យ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។

បើតាមវីដេអូដដែលនោះ ក្រុម​អ្នក​តវ៉ា​ទាំងនោះបានស្នើឲ្យប្រទេសជប៉ុនដកការគាំទ្រលើការបោះឆ្នោត និង​កុំ​​ទទួលស្គាល់លទ្ធផល​នៃ​បោះឆ្នោតជាតិនៅកម្ពុជា ខណៈ​ដែល​អតីត​បក្ស​ប្រឆាំង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ចូល​រួម​ការបោះ​ឆ្នោត​ខាង​មុខ​នោះ។

បើតាមវីដេអូដដែលនោះសកម្មជនទាំងនោះថា ក្រោយបញ្ចប់សកម្មភាពតវ៉ានេះ ពួកគេនឹងប្រមូលស្នាមមេដៃធ្វើ​ជាញត្តិដើម្បីដាក់ទៅកាន់ក្រសួងការបរទេសជប៉ុនផងដែរ។

ទាក់ទងនឹងការធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតខាងមុខនេះដែរ សកម្មជនបក្សសង្គ្រោះជាតិដែលភាគច្រើនជា​ពលករធ្វើការនៅប្រទេសកូរ៉េ ខាងត្បូងក៏ប្រកាសថា នឹងនាំគ្នាដើរហែរក្បួន​តវ៉ាដែរនៅថ្ងៃទី​២៤ ខែ​មិថុនាខាងមុខ​នេះ។

ការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្រ្តសភានឹងប្រព្រឹត្តទៅនា​ថ្ងៃ​ទី​២៩ ខែកក្កដាខាងមុខ ដោយ​មានការ​ចូលរួមពីបក្សនយោបាយចំនួន ២០ បក្ស។​

ប៉ុន្ដែ ប្រទេសលោក​សេរីមួយចំនួន បាន​ព្រមាន​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ទេ បន្ទាប់​ពី​បន្ទាប់ពី​អតីត​គណបក្សប្រឆាំង​ដ៏ធំនៅ​កម្ពុជា ត្រូវ​បានរំលាយចោល ហើយ​អាសនៈ​របស់​អតីតបក្ស​ប្រឆាំង ត្រូវ​បានបែង​ចែកឲ្យទៅគណបក្សផ្សេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ