សម្ដេចក្រុមព្រះ និង​អ្នក​ម្នាង ​ស្ថិត​ក្រោម​ការ​សង្គ្រោះ​ក្រោយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ថ្មី

រូបភាពពី អគ្គស្នងការនគរបាលជាតិ

អ្នក​នាំ​ពាក្យ​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច បាន​ឲ្យ​ដឹង​ថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​រថយន្ត​ព្រះ​អង្គ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៤ នៅ​ព្រឹក​ថ្ងៃ​នេះ។

របាយការណ៍​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹកនាំ​សម្ដេច​ក្រុម​ព្រះ និង​ព្រះ​ជាយា​អ្នក​ម្នាង អ៊ុក ផល្លា បាន​បុក​គ្នា​ជាមួយ​រថយន្ត​តាក់ស៊ី នៅ​ម៉ោង​ជិត ៩​ព្រឹក​ថ្ងៃ​នេះ នៅ​ភូមិ​អូរតាសេក ស្ថិត​ក្នុង​ស្រុក​ព្រៃនប់។

បើ​តាម​របាយការណ៍​ដដែល ក្រៅ​ពី​សម្ដេច​ក្រុម​ព្រះ និង​ព្រះ​ជាយា មនុស្ស ៥​នាក់​ផ្សេង​ទៀត បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បាន​ប្រាប់​វីអូឌី​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា សម្ដេច​ក្រុម​ព្រះ និង​អ្នក​ម្នាង ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​រង​របួស​ធ្ងន់ ​ក្រោយ​រថយន្ត​ទាំង​ពីរ​បុក​គ្នា។

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ សម្ដេច​ក្រុម​ព្រះ និង​អ្នក​ម្នាង ស្ថិត​ក្នុង​ដំណើរ​ចុះ​ទៅ​ជួប​សំណេះ​សំណាល​ជាមួយ​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ឯ​ខេត្ត​កំពត និង​បន្ត​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ។

សម្ដេច​ក្រុមព្រះ និង​អ្នក​ម្នាង បាន​ជួប​ប្រទះ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​​កម្រិត​ធ្ងន់​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៥ អំឡុង​ពេល​ធ្វើ​ដំណើរ​ត្រឡប់មក​ពី​ជួប​អ្នក​គាំ​ទ្រ​គណបក្ស​រាជា​និយម​នៅ​ឯ​ខេត្ត​កំពង់ចាម៕

រូបភាពពី អគ្គស្នងការនគរបាលជាតិ
រូបភាពពី អគ្គស្នងការនគរបាលជាតិ
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ