ហ៊្វុន ​ស៊ិនប៉ិច ​មាន​មន្ទិល​សង្ស័យ​ជុំ​វិញ​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​សម្ដេច​ក្រុម​ព្រះ

សម្ដេច​ក្រុមព្រះ និង​អ្នក​ម្នាង​អ៊ុក ផល្លា ក្នុង​សមាជ​របស់គណបក្ស​ហ៊្វុន ស៊ិនប៉ិច កាលពីឆ្នាំ២០១៧ (រូបភាព៖ បណ្ដាញសង្គម)

គណបក្ស ហ៊្វុន ស៊ិនប៉ិច ទាមទារឲ្យអាជ្ញាធរស៊ើបអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងលើសម្ដេច​ក្រុមព្រះ និងបណ្ដាលឲ្យអ្នកម្នាង អ៊ុក ផល្លា បាត់​បង់​ជីវិត​កាលពីម្សិលមិញ​នេះ។

សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ ហើយ​ជាយា​របស់​ព្រះ​អង្គ​អ្នក​ម្នាង អ៊ុក ផល្លា បាត់​បង់​ជីវិត ក្រោយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវ​ជាតិ​លេខ ៤ ស្ថិត​នៅ​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អំឡុង​ពេល​ធ្វើ​ដំណើរ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​រាជា​និយម​ ហ៊្វុន ស៊ិនប៉ិច។

អ្នកនាំពាក្យគណបក្ស ហ៊្វុន ស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បាន​ប្រាប់ VOD បន្ថែមនៅថ្ងៃនេះថា ប្រធានគណបក្ស​នេះ សម្ដេច​ក្រុម​ព្រះ រណឫទ្ធិ បានធូរស្រាលខ្លះ​ហើយ ប៉ុន្ដែ នៅទទួលរងរបួសជើងខាងឆ្វេង។

យ៉ាង​នេះ​ក្ដី អ្នកនាំពាក្យរូបនេះ អះអាងថា សម្ដេចក្រុមព្រះ នឹងវិល​ត្រឡប់​មក​ចូលរួមការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នា​ខែកក្កដាខាងមុខបានទាន់ពេលវេលា។

មន្ត្រី​ជាន់​ខ្ពស់​បក្ស​រាជា​និយម​មួយ​នេះ បាន​បង្ហាញ​មន្ទិល​សង្ស័យ​​លើ​ករណីគ្រោះថ្នាក់ចរាចរណ៍នេះ​ថា មិនមែនជារឿងចៃដន្យនោះទេ បន្ទាប់ពីសម្ដេចក្រុមព្រះ​បានយាងទៅ​ជួប​សំណេះ​សំណាល​ជាមួយ​សមាជិក​គណបក្ស​នៅខេត្ត​កំពត និង​បន្ត​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ​។

ជារឿងមួយរហូតដល់បាត់បង់ជីវិតអ្នកម្នាង គ្រោះថ្នាក់លើកនេះ មិនមែនដូចគ្រោះថ្នាក់លើកមុនទេ លើកនេះធំជាងលើកមុនឆ្ងាយណាស់។ គណបក្ស​ ហ៊្វុន ស៊ិនប៉ិច​ ទាមទារឲ្យមានការស៊ើបអង្កេតឲ្យបានស៊ីជម្រៅបន្ដិច ពីព្រោះត្រង់កន្លែងគ្រោះថ្នាក់ចរាចរណ៍ហ្នឹង គឺវាមិនអាចឡានមួយបើកល្បឿនលឿនដល់ប៉ុណ្នឹងទេ ព្រោះនៅកៀកនឹងទីប្រជុំជន

អ្នកនាំពាក្យគណបក្ស ហ៊្វុន ស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន

ស្នងការរងទទួលបន្ទុកសណ្ដាប់ធ្នាប់ចរាចរណ៍ខេត្តព្រះសីហនុ លោក អ៊ី សុខា​ ប្រាប់ VOD ថា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើករថយន្ដតាក់ស៊ី​នោះ​ហើយ និងកំពុងចាត់ការតាមនីតិវិធីច្បាប់។ លោកថា ជនបង្កហេតុ គឺជាអ្នកបើក​បរ​តាក់ស៊ីធម្មតា និងថា ជាអ្នកបង្កើតកំហុស​នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ។

ចាប់បានអស់ហើយ គេចាត់ចែងអនុវត្តតាមនីតិវិធី បញ្ជូនទៅតុលាការអស់ហើយ ជាឡានតាក់ស៊ី។ តាក់ស៊ីហ្នឹងរំលោភខាងផ្លូវគាត់

ស្នងការរងទទួលបន្ទុកសណ្ដាប់ធ្នាប់ចរាចរណ៍ខេត្តព្រះសីហនុ លោក អ៊ី សុខា​

បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍​កាលពីម្សិលមិញ សម្ដេចក្រុមព្រះ ត្រូវបានបញ្ជូនបន្ដទៅព្យាបាលនៅទីក្រុងបាងកក ប្រទេសថៃ ចំណែក សពអ្នក​ម្នាង អ៊ុក ផល្លា កំពុងតម្កល់នៅវត្តបទុមវតី ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

សម្ដេច​ក្រុមព្រះ និង​អ្នក​ម្នាង បាន​ជួប​ប្រទះ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​​កម្រិត​ធ្ងន់​ម្ដង​រួច​មក​ហើយ​​កាល​ពី​ឆ្នាំ​២០១៥ អំឡុង​ពេល​ធ្វើ​ដំណើរ​ត្រឡប់មក​ពី​ជួប​អ្នក​គាំ​ទ្រ​គណបក្ស​​នៅ​ឯ​ខេត្ត​កំពង់ចាម៕

សពអ្នកម្នាង អ៊ុក ផល្លា តម្កល់នៅវត្តបទុមវតី (រូបភាព៖ ខ្លីខ្លី)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ