IDEA ស្នើរដ្ឋាភិបាល​បញ្ចូល​ខ្លឹមសារ​បន្ថែម​ទៀត​ដើម្បី​ធានា​សិទ្ធិ​កម្មករ​បម្រើ​តាម​ផ្ទះ

កុមារី ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ ដែលរងការវាយធ្វើបាប ខណៈបម្រើការងារតាមផ្ទះ (រូបភាព៖ បណ្ដាញសង្គម)

បណ្តាញកម្មករធ្វើការតាមផ្ទះ​របស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់​ថា IDEA បាន​ស្នើទៅ​រដ្ឋាភិបាល ឲ្យ​ដាក់​បញ្ចូល​ចំណុចមួយចំនួនទៀត​ បន្ថែម​ទៅ​លើ​ខ្លឹមសារ​នៃ​ប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីលក្ខខណ្ឌការងារកម្មករតាមផ្ទះ ដើម្បីឲ្យមានភាពប្រសើរ និងធានានូវការគោរពសិទ្ធិ​កម្មករ​បម្រើ​តាម​ផ្ទះ។

ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បាន​ចេញ​ប្រកាស​ស្ដី​ពី​លក្ខខណ្ឌ​ការងារ​កម្មករ​តាម​ផ្ទះ​​កាល​ពី​ចុង​ខែ​ឧសភា​កន្លង​មក បន្ទាប់​ពី​កម្មការិនី​ម្នាក់ ត្រូវ​បាន​រក​ឃើញ​ថា រង​អំពើ​ហិង្សា​ពី​ម្ចាស់​ផ្ទះ​ជន​ជាតិ​ចិន អំឡុង​ពេល​បម្រើការងារ​នៅ​ក្នុង​ផ្ទះ។

ទោះជាយ៉ាង​ណា សមាគម IDEA កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ បាន​ទៅ​ក្រសួង​ការងារ​ឲ្យ​កំណត់​ឲ្យ​បាន​ច្បាស់​លាស់​អំពី​ប្រាក់​ឈ្នួល​គោល ម៉ោង​ការងារ​ ពេល​វេលា​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល ការ​ឈប់​សម្រាក​ពេល​មាន​ជំងឺ និង​កំណត់​និយម​ន័យ​ពី​ការងារ​ដោយ​បង្ខំ​ឲ្យ​បាន​ច្បាស់​លាស់​ថែម​ទៀត។

សមាគម​មួយ​នេះ ក៏បានស្នើឲ្យមានការចូលរួមអនុវត្តពីម្ចាស់ផ្ទះ និងក្រសួងពាក់ព័ន្ធបង្កើតយន្តការត្រួតពិនិត្យលើសេចក្តីប្រកាសរបស់​ក្រសួង​ការងារ ដោយមានការចូលរួមពីបណ្តាញកម្មករធ្វើការតាមផ្ទះផងដែរ។ បន្ថែមពីនេះទៀត IDEA សុំកុំឲ្យគ្រូបឋមយកលុយ និងជួយឧបត្ថម្ភដល់កូនកម្មករធ្វើការតាមផ្ទះ បានរៀនគួដោយមិនបង់ប្រាក់។

ប្រធានសមាគម IDEA លោក វន់ ពៅ បាន​ឲ្យ​ដឹង​បន្ថែម​ថា សមាគម​លោក​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ជំរុញ​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ការ​អនុវត្ត​​ប្រកាស​របស់​រដ្ឋាភិបាល​រឹត​តែ​មាន​ប្រសិទ្ធភាព​សម្រាប់​កម្មករ​ធ្វើការ​តាម​ផ្ទះ។

ដូចជាម៉ោងការងារអីហ្នឹង យើងឃើញអត់ទាន់ឃើញ​មានចែងច្បាស់នៅឡើយ ទាក់ទងការសម្រាកលំហែមាតុភាពរបស់អ្នកធ្វើការតាមផ្ទះ ទាក់ទងប្រាក់ឈ្នួលអប្បបរមាក៏មិនទាន់មានចែងក្នុងសេចក្តីប្រកាសហ្នឹងដែរ។ អញ្ចឹងហើយបានជាយើងចេញសេចក្តីថ្លែងការណ៍បញ្ជាក់បន្ថែមទៅលើសេចក្តីប្រកាសហ្នឹងឲ្យមានប្រសិទ្ធភាព និងដើម្បីឲ្យមានភាពប្រសើរសម្រាប់អ្នកធ្វើការតាមផ្ទះ

ប្រធានសមាគម IDEA លោក វន់ ពៅ

ក្រៅតែពីការស្នើបន្ថែមលើប្រកាស IDEA នៅបានបន្តស្នើឲ្យរដ្ឋាភិបាល ផ្តល់សច្ចាប័នលើអនុសញ្ញាពលកម្មអន្តរជាតិ​ស្តីពីការងារសមរម្យសម្រាប់កម្មករធ្វើការតាមផ្ទះ។

VOD មិនទាន់ទទួលបានការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ចំពោះការស្នើសុំនេះនៅឡើយទេ ដោយទូរសព្ទចូលពុំមានអ្នកទទួល។

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានចេញប្រកាសស្តីពីលក្ខខណ្ឌការងារសម្រាប់កម្មករការងារផ្ទះ ដោយតម្រូវឲ្យមានធ្វើកិច្ចសន្យាការងារជាលាយលក្ខណ៍អក្សរ។ ក្នុងប្រកាសដែលមាន១៥មាត្រានោះ ក្រសួងតម្រូវឲ្យនិយោជក ឬម្ចាស់ផ្ទះ ទទួលខុសត្រូវលើគ្រោះថ្នាក់ការងារទាំងអស់ និងរបបសន្តិសុខសង្គម សម្រាប់កម្មករ​ធ្វើការតាមផ្ទះឲ្យដូចកម្មករនិយោជិត​ផ្សេងៗទៀតផងដែរ។

តាមរបាយការណ៍ស្រាវជ្រាវរបស់​លោក កែម ឡី កាលពីឆ្នាំ២០១២  ដែល IDEA បានបញ្ជាក់ប្រាប់ ចំនួនកម្មករមប្រើការងារតាមផ្ទះនៅកម្ពុជាមានចំនួន​ជាង ២៥ម៉ឺននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ